នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
31-12-2025 11:47
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ផ្ញើជូនពរនាយទាហាន នាយទាហានរង និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៦
តាមរយៈសារជូនពរ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរៀបរាប់យ៉ាងដូច្នេះថា៖
«នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ! ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សដ៏ឧត្តុង្គឧត្តមនៃទិវាចូលឆ្នាំសកល គ្រិស្តសករាជ២០២៦ តាងនាម ថ្នាក់ដឹកនាំអគ្គបញ្ជាការ និងខ្លួនខ្ញុំផ្ទាល់ សូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោសញ្ចេតនានឹករលឹក ស្រលាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពល ខេមរភូមិន្ទ ដែលក្នុងឆ្នាំកន្លងទៅបានខិតខំពុះពារជម្នះរាល់ការលំបាក តស៊ូប្រយុទ្ធយ៉ាងប្តូរផ្តាច់ ធ្វើពលិកម្មគ្រប់បែបយ៉ាង ហ៊ានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក៏ដូចជា ការពារសន្តិភាព និងស្ថិរភាពសង្គម។
ទន្ទឹមនឹងនេះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ សំដៅកសាងកងយោធពលខេមរភូមិន្ទឱ្យបានរឹងមាំរៀបរយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិមាតុភូមិនៃយើង។
ក្រៅពីភារកិច្ចស្នួល កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបសកម្មភាពខុសច្បាប់នានា ជាពិសេស កងយោធពលខេមរភូមិន្ទ បានសហការទប់ស្កាត់រាល់ការប៉ុនប៉ង ធ្វើបដិវត្តន៍ពណ៌ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទប់ស្កាត់ការញុះញង់បំផុសបំផុលបង្កចលាចល តាមគ្រប់រូបភាព ព្រមទាំងបានបង្ក្រាបអំពើឃាតកម្ម ចោរកម្ម ឆក់ ប្លន់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ការជួញដូរ មនុស្ស ការជួញដូរអាវុធ បទល្មើសធនធានធម្មជាតិ និងអំពើគេចពន្ធជាដើម។ កងយោធពលខេមរភូមិន្ទ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារព្រៃឈើនិងបង្ក្រាបក្រុមអនាធិបតេយ្យដែលទន្ទ្រានដីព្រៃកាន់កាប់ខុសច្បាប់ ដោយដកហូតដីបាន រាប់ម៉ឺនហិកតាប្រគល់ជូនរាជរដ្ឋាភិបាល ព្រមទាំងបានពង្រាយកម្លាំងតាមព្រំដែនកម្ពុជា-ឡាវ ដើម្បីទប់ស្កាត់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា។ កងយោធពលខេមរភូមិន្ទ ចូលរួមការពារសន្តិសុខ សុវត្ថិភាព ថ្វាយព្រះមហាក្សត្រជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ ព្រមទាំងសហការការពារសន្តិសុខក្នុងពិធីបុណ្យឯករាជ្យជាតិ ទិវាសន្តិភាពនៅកម្ពុជា ពិធីបុណ្យផ្សេងៗ និងកិច្ចប្រជុំនានាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ។
ជាមួយគ្នានេះ កងយោធពលខេមរភូមិន្ទ ក៏បានរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រវាត់ព្រំដែន ប្រព័ន្ធធារាសាស្ត្រ ដាំកូនឈើ និងការពារព្រៃឈើ បរិស្ថាន សត្វព្រៃ ដោះបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រំដោះដីស្រែជូនប្រជាពលរដ្ឋ ជួយបង្កបង្កើនផល សង្គ្រោះប្រជាជនពីគ្រោះធម្មជាតិ និងគ្រោះមហន្តរាយនានា ព្រមទាំងបានអនុវត្តវិធានការគន្លឹះក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងផ្សេងៗ។ កងយោធពល ខេមរភូមិន្ទ បានសហការជួយដល់គ្រួសារវីរកងទ័ព យោធិនពលី មរណៈ និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជួយគ្រួសារយោធិនដែលជួបការលំបាក និងពង្រឹងការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព ជាមួយក្រសួង ស្ថាប័នស៊ីវិល ក្នុងគោលដៅកសាងពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ។ កងយោធពលខេមរភូមិន្ទ បានចូលរួម អនុវត្តភារកិច្ចអន្តរជាតិលើវិស័យមនុស្សធម៌និងការរក្សាសន្តិភាពក្នុងក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ ដែលជា មោទនភាពរបស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ ធ្វើឱ្យកិត្យានុភាពជាតិកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។
សមិទ្ធផលដ៏ធំធេងដែលយើងសម្រេចបានកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការណែនាំ ចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ពី មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្តែងនៅតាមបណ្តាកងឯកភាព។
ក្នុងនាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះគំរូវីរភាព និងស្នាដៃដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបាននាពេលកន្លងទៅ។







