លោក ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភពី ក្រុមហ៊ុន រ៉ូយ៉ាល់ មេគង្គ ខនស្ដ្រាក់សិន & ឌីវើឡុបមែន ដើម្បីយកទៅឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងជនភៀសសឹកកម្ពុជា

31-12-2025 12:43

(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយរបស់ លោកអគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ មេគង្គ ខនស្ដ្រាក់សិន & ឌីវើឡុបមែន ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ដុល្លាសហរដ្ឋអាមេរិក មកចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ព និងប្រជាជនភៀសសឹកកម្ពុជា ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការប៉ះទង្គិចដោយប្រដាប់អាវុធរវាងយោធាកម្ពុជា និងថៃ នាពេលកន្លងមកនេះ។ ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង រួមជាមួយលោកស្រីប្រធាន និងសមាជិក សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌របស់ ក្រុមហ៊ុន រ៉ូយ៉ាល់ មេគង្គ ខនស្ដ្រាក់សិន & ឌីវើឡុបមែន ដែលជាការសបញ្ជាក់អំពីស្មារតីសាមគ្គីជាតិ សេ្នហាជាតិតែមួយ ពេលជួបគ្រាលំបាក ខ្មែរចេះរួបរួមសាមគ្គីគ្នា ជាធ្លុងមួយយ៉ាងរឹងមាំ ក្នុងនាមជាសមរភូមិក្រោយ ស្របតាមការអំពាវនាវរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលរូបលោកទាំងពីរជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត ស្វាហាប់ និងឈ្លាសវៃ នៅគ្រប់កាលៈទេសៈ។

គួរបញ្ជាក់ផងដែថា ការចូលរួមនាពេលនេះ ពិតជាអាចជួយសម្រាលដល់ការលំបាករបស់គ្រួសារវីរកងទ័ព ដែលពួកគាត់បានអនុញ្ញាតឱ្យប្ដី បង ប្អូនរបស់គាត់ទៅបំពេញបេសកកម្មនៅសមរភូមិមុខក្នុងការការពារប្រទេសជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជាប្រជាពលរដ្ឋភៀសសឹកកម្ពុជា បានយ៉ាងពិតប្រាកដ៕