មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំដល់មន្ទីរព័ត៌មានខេត្តកែប បន្តពង្រឹងការផលិតមាតិកា ពិសេសលើវិស័យទេសចរណ៍

31-12-2025 13:26

(កែប)៖ លោក សោម កុសល អនុអនុរដ្ឋលេខាធិការ តំណាងលោក នេត្រ​ ភក្ត្រា​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បានជំរុញមន្ទីរព័ត៌មានខេត្តកែប ត្រូវបន្តពង្រឹងប្រសិទ្ធភាព ការងារផលិត និងផ្សព្វផ្សាយមាតិកាព័ត៌មានបន្ថែមទៀត ជាពិសេសហការផលិតមាតិកាគាំទ្រលើវិស័យទេសចរណ៍ខេត្ត ស្របតាមទិសដៅអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងនេះ ខណៈលោករដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ប៊ុន យោង អភិបាលរងខេត្ត តំណាង​លោកបណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ខេត្ត​កែប​ ចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកែប នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដោយចូលរួមពីសំណាក់ប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្ត។

លោក អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកខេត្តកែប និងខេត្តកំពត បានបន្តណែនាំឱ្យមន្ទីរព័ត៌មានខេត្ត បន្តអនុវត្តតួនាទី ជាសេនាធិការ អោយរដ្ឋបាលខេត្ត និងក្រសួងព័ត៌មាន ក្នុងការតភ្ជាប់ព័ត៌មាន រវាងប្រជាពលរដ្ឋ ជាមួយថ្នាក់ខេត្ត និងថ្នាក់ក្រសួង មានប្រសិទ្ធភាពខ្ពស់។ លោកក៏បានផ្តល់អនុសាសន៍ ពង្រឹងតួនាទី និងសមត្ថភាពរបស់ក្រុមការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដើម្បីធានាគុណភាពការងារ ស្របតាមទិសដៅ និងការចង់បានរបស់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងឆ្លើយតបបានទាន់ពេលវេលា ចំពោះបញ្ហានានាដែលបានកើតឡើងតាមបណ្តាញផ្សព្វផ្សាយ ដើម្បីធានាទំនុកចិត្តដល់ប្រជាពលរដ្ឋ។ លោកក៏បានកោតសរសើរ ចំពោះលទ្ធផលការងារដែលមន្ទីរព័ត៌មានខេត្តខិតខំអនុវត្ត និងសម្រេចបានផ្លែផ្កា នាពេលកន្លងមកនេះ និងបន្តជំរុញអោយមន្រ្តីគ្រប់ថ្នាក់នៃមន្ទីរព័ត៌មាន ខិតខំបន្ថែមទៀតសម្រាប់ឆ្នាំខាងមុខ។

លោក ប៊ុន យោង អភិបាលរងខេត្ត បានជំរុញមន្ទីរព័ត៌មានខេត្តកែប បន្តពង្រឹងការងារស្នូលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការបង្កើនការផលិតមាតិកាព័ត៌មាន និងវីដេអូបានច្រើន មានគុណភាព និងទាន់សម័យ សំដៅគាំទ្រ​ និងលើកកម្ពស់វិស័យទេសចរណ៍ខេត្តកែប កាន់តែមានភាពទាក់ទាញចំពោះភ្ញៀវទេសចរជាតិ បរទេស តបទៅតាមការណែនាំរបស់លោកអភិបាលខេត្តកែប។ លោកអភិបាលរងខេត្ត ក៏បានណែនាំអោយមន្ទីរព័ត៌មាន បន្តយកចិត្តទុកដាក់តាមដានរាល់ព័ត៌មានដែលផ្សព្វផ្សាយ អំពីខេត្តកែប ជាពិសេសប្រភេទព័ត៌មានក្លែងក្លាយ ដោយត្រូវដាក់ចេញវិធានការឆ្លើយតបភ្លាមៗផងដែរ៕