អ្នកវិភាគ សហជីព និងនាយកសាលាបច្ចេកទេស៖ ការវិលត្រឡប់របស់វីរកងទ័ពទាំង ១៨រូប គឺជាជោគជ័យនៃនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសថៃ
31-12-2025 14:06
(ភ្នំពេញ)៖ អ្នកវិភាគ សហជីព និងនាយកសាលាបណ្តុះបណ្តាលបច្ចេកទេស បានលើកឡើងដូចៗគ្នាថា ការដែលយោធាថៃដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨រូប គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពួកគាត់ ហើយក៏ជាជោគជ័យនៃនយោបាយការទូតរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយប្រទេសថៃ ផងដែរ។
ការលើកឡើងនេះ ស្របដែលវីរកងទ័ពកម្ពុជាទាំង ១៨រូប ត្រូវបានយោធាថៃដោះលែងមកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ទាប់ពីត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃចំនួន ១៥៥មកហើយ។
លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានលើកឡើងថា ការយល់ព្រមដោះលែងទាហានខ្មែរទាំង ១៨រូប មកកម្ពុជាវិញ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលយកចិត្តទុកដាក់ជាខ្លាំងទៅលើសុវត្ថិភាព និងភាពស្របច្បាប់ក្នុងការជំរុញថៃឱ្យដោះលែងទាហានខ្មែរមកវិញ។
លោកបានបន្តថា ការដោះលែងនេះផងដែរ ក៏ជាសញ្ញាមួយនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃ ក្នុងការបន្ធូរបន្ថយភាពតានតឹងតាមបណ្តោយព្រំដែន កាត់បន្ថយការចំណាយថវិកាយោធាដែលធ្វើសង្រ្គាមជាមួយកម្ពុជា មិនទទួលបានផលចំណេញអ្វីដល់ប្រជាជនថៃ ក៏ដូចជាអាចអនុញ្ញាតឱ្យរដ្ឋាភិបាលថៃរៀបចំខ្លួនសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
រីឯលោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានបញ្ជាក់ថា ការដោះលែងវីរកងទ័ពទាំង ១៨រូប នៅថ្ងៃនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជាតិខ្មែរទាំងមូល ជាពិសេសក្រុមគ្រួសារបស់ពួកគាត់តែម្ដង ហើយនេះស្ដែងឱ្យឃើញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃរបស់រាជរដ្ឋាភិបាល។
មេសហជីពរូបនេះបានបន្ដថា «នេះជាការខិតខំប្រឹងប្រែង និងការទទួលបានូវលទ្ធផលយ៉ាងល្អប្រសើររបស់រាជរដ្ឋាភិបាល ក្នុងការជួយទៅដល់កងទ័ពយើង ដែលត្រូវបានយោធាថៃចាប់ខ្លួននាពេលកន្លងមកនេះ ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់វីរកងទ័ពជួរមុខការពារព្រំដែន ក៏ដូចជាកងកម្លាំងនគរបាលការពារព្រំដែន ហើយប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ក៏ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ផងដែរ»។
ចំណែកឯលោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានលើកឡើងដែរថា ការដែលវីរកងទ័ពកម្ពុជាទាំង ១៨រូប ត្រូវបានយោធាថៃដោះលែងមកវិញនេះ មិនមែនជារឿងចៃដន្យនោះទេ តែជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការគិតគូរពីគ្រប់មធ្យោបាយទាំងអស់ ដើម្បីឱ្យថៃដោះលែងពួកគាត់ត្រឡប់មកវិញ។
លោកបានបន្ដថា «ការត្រឡប់មកវិញនេះ មិនមែនជារឿងដោយចៃដន្យទេ គឺជារឿងដែលយើងជឿជាក់ទៅលើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលលោកទាំងពីរតែងតែគិតគូរពិចារណា រកវិធីសាស្រ្ដ រកដំណោះស្រាយដើម្បីឱ្យបងប្អូនវីរកងទ័ពទាំង ១៨រូប បានត្រឡប់មកវិញ»។
បន្ថែមពីនេះ លោក យ៉ោក សុទ្ធី បានបន្ថែមថា ការខិតខំប្រឹងប្រែង និងការគិតគូររបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាថ្នាក់ដឹកនាំដទៃទៀត បានធ្វើឱ្យប្រជាជនទាំងអស់គ្នាមានភាពជឿជាក់ទៅលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ពីព្រោះប្រទេសកម្ពុជាចង់បានសន្តិភាព ដោយមិនត្រូវការសង្រ្គាមនោះទេ៕











