ជនភៀសសឹកចំនួន១០២គ្រួសារ ដែលកំពុងស្នាក់នៅតាមផ្ទះបងប្អូន នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីអាជ្ញាធរសង្កាត់
31-12-2025 15:50
(សៀមរាប)៖ សង្កាត់គោកចក ក្រុងសៀមរាប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានចែកអំណោយជាស្បៀងអាហារជូនដល់បងប្អូនជនភៀសសឹក ចំនួន១០២គ្រួសារ ដែលកំពុងស្នាក់នៅតាមផ្ទះបងប្អូន នៅក្នុងមូលដ្ឋានសង្កាត់ ដើម្បីជួយសម្រាលបន្ទុកជីវភាព និងផ្តល់ភាពកក់ក្តៅ។
ពិធីនេះ មានការនិមន្តចូលរួមពីសំណាក់ ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការ វត្តប្រាសាទគោកចក និងលោកស្រី ឈិន សាវី ចៅសង្កាត់គោកចក ព្រមទាំងមានការនិមន្តចូលរួមពីព្រះឃោសរ័ត យី យ៉ុន ព្រះធម្មធរគណ ខេត្តបន្ទាយមានជ័យ និងជាព្រះចៅអធិការ វត្តសាមគ្គីមានជ័យ (អូរល្ហុង) ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យផងដែរ។
ក្នុងឱកាសនោះ លោកស្រី ឈិន សាវី បានលើកឡើងថា ការលំបាក ក្តីបារម្ភ និងភាពខ្វះខាតដែលបងប្អូនជនភៀសសឹកកំពុងជួបប្រទះនៅពេលនេះ គឺមិនមែនបងប្អូននៅតែម្នាក់ឯងនោះទេ គឺមានអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែនៅក្បែរបងប្អូនជានិច្ច ដើម្បីតាមដាន និងជួយសម្របសម្រួលដោះស្រាយបញ្ហា ចំពោះមុខឱ្យអស់ពីលទ្ធភាព។
លោកស្រីបានបន្តថា ទោះបីជាអំណោយ ដែលនាំមកចែកជូនបងប្អូននេះ គឺមិនមានចំនួនច្រើន ដែលអាចជួយដោះស្រាយបញ្ហាបានជារៀងរហូតក៏ពិតមែន ក៏ប៉ុន្តែវាក៏ជាទឹកចិត្តរបស់បងប្អូនសប្បុរសជន រួមទាំងព្រះសង្ឃដែលបានធ្វើការបរិច្ចាគ និងប្រគល់ជូនដល់អាជ្ញាធរសង្កាត់ ដើម្បីចូលរួមចំណែក ជួយសម្រាលបន្ទុកបងប្អូនក្នុងគ្រាដ៏លំបាកនេះ។
លោកស្រី ឈិន សាវី បន្ថែមថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែធ្នូនេះ បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប មានចំនួនជាង១០០០គ្រួសារ ក្នុងនោះដែរ បងប្អូនជនភៀសសឹក ស្នាក់នៅតាមផ្ទះបងប្អូនសាច់ញាតិ មានចំនួន៨៦៣គ្រួសារ និងនៅក្នុងមណ្ឌលសុវត្ថិភាព វត្តប្រាសាទគោកចក មានចំនួន១៧១គ្រួសារ។
ព្រះវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា ផលវិបាកនៃ «សង្គ្រាម» បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ហើយពិតជាមានក្ដីកង្វល់ និងការអាណិតអាសូរជាពន់ពេក ចំពោះបងប្អូនទាំងអស់គ្នា ដែលបានរងផលប៉ះពាល់ និងត្រូវបង្ខំចិត្តផ្លាស់ទីលំនៅដោយសារសង្រ្គាម។
ព្រះគ្រូចៅអធិការ ក៏បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរកងទ័ព និងវីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុងឧត្តម នៃការកាពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។
ព្រះវិចិត្រវង្សា ហែម គឹមសាន ក៏មានថេរដីកាណែនាំ និងផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវហូបស្អាត ផឹកស្អាត ដើម្បីបង្ការជំងឺផ្សេងៗក្នុងអំឡុងពេលស្នាក់នៅបណ្តោះអាសន្ន ហើយសូមជួយមើលថែគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងគ្រួសារតែមួយផងដែរ៕



















