ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយតឿ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយគ្រួសារវីរៈកងទ័ពចំនួន២០គ្រួសារ ដែលមានប្តី កូន សាច់ញាតិនៅសមរភូមិមុខ

31-12-2025 16:04

(ស្វាយរៀង)៖ លោក សរ សុដានី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ ជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព ដែលមានកូន ប្តី និងសាច់ញាត្តិកំពុងឈរជើងនៅសមរភូមិមុខ។

ពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលគ្រួសារកងទ័ពនេះ ក៏មានការចូលរួមពីលោក ណុប ចំរើន ប្រធានគណបក្សក្រុងស្វាយរៀង និងក្រុមការងារជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក សរ សុដានី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ប៉េង ពោធិ៍សា អភិបាលខេត្ត ជូនបងប្អូនគ្រួសារកងទ័ព ដែលលោកអភិបាលខេត្ត និងក្រុមការងារចុះជួយមូលដ្ឋានក្រុង ស្រុក តែងតែចូលរួមយ៉ាងសកម្មដោះស្រាយទុក្ខលំបាករបស់បងប្អូនគ្រួសារកងទ័ព និងជនភៀសសឹកបានទាន់ពេលវេលា។

លោកបានគូសបញ្ជាក់ថា យើងចងចាំជានិច្ចនូវវីរៈភាព ដ៏អង់អាចក្លាហារបស់វីរៈកងទ័ព​ វីរៈនគរបាល​ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី និងប្រជាជន។ ក្នុងស្មារតីខ្មែរតែមួយ មួយផ្នែកយើងរួមគ្នាបញ្ជូនស្បៀង​ ទៅសមរភូមិមុខសម្រាប់វីរៈកងទ័ព​ វីរៈនគរបាល​ និងបងប្អូនភៀសសឹក មួយផ្នែកយើងជួយផ្គត់ផ្គង់ឧបត្ថម្ភ និងមើលថែរគ្រួសាររបស់ពួកគាត់នៅសមរភូមិខាងក្រោយ។

តាមរយៈការចុះជួប​សំណេះសំណាល​សួរ​សុខទុក្ខ​នេះ លោកសូមដឹងគុណ​ អរគុណ​ ដល់គ្រួសារវីរ:កងទ័ព​ វីរ:នគរបាល​ ចំនួន២០គ្រួសារ​ នៅសង្កាត់ស្វយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលពួកគាត់មានប្តី កូន​ ក្មួយ​ ចៅ ដែលជាវីរៈកងទ័ព​ វីរៈនគរបាល បាននឹងកំពុងឈរជើងយ៉ាងមាំការពារបូរណភាពទឹកដី។

លោបានបន្តទៀតថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីរួមសាមគ្គី «ខ្មែរតែមួយ» ក៏បានធ្វើឲ្យចលនាជាតិនិយមបានកើតឡើង រួមគ្នាជាកម្លាំងសាមគ្គីជាតិដ៏រឹងមាំ ព្រមទាំងមានការគិតគូរយកចិត្តទុកដាក់របស់លោក ប៉េង ពោធិ៍សា អភិបាលខេត្ត ធ្វើឲ្យសប្បុរសជនបានចូលរួមបរិច្ចាគ និងឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ និងគ្រួសារវីរកងទ័ព ព្រមទាំងបងប្អូនជនភៀសសឹក។

បន្ថែមលើសពីនេះ លោក បានអំពាវនាវដល់បងប្អូនគ្រួសារកងទ័ពទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរៈកងទ័ពជួរមុខដ៏អង់អាចក្លាហាន ជាពិសេសត្រូវជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់កម្ពុជា។

ជាមួយគ្នានេះ ក្រុមគ្រួសារកងទ័ពបានផ្ញើនៃក្ដីនឹករលឹកដល់ វីរៈកងទ័ព​ វីរៈនគរបាល​ ជាប្ដីជាកូន ជាក្មួយ ជាចៅ ដែលកំពង់ឈជើងនៅជួរមុខ និងសូមជូនពរក្នុងឪកាសឆ្នាំថ្មីនេះ សូមឲ្យមានសុខភាពល្អ ជោគជ័យ ក្នុងការការពារបូរណភាពទឹកដីផងដែរ៕