នាយករដ្ឋបាលសាលាខេត្តសៀមរាប ដឹកនាំសប្បុរសជនចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយជនភៀសសឹក ដែលកំពុងស្នាក់នៅវត្តប្រាសាទគោកចក
31-12-2025 16:04
(សៀមរាប)៖ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំសប្បុរសជនមកពីសហរដ្ឋអាមេរិក ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ១៥០គ្រួសារ កំពុងស្នាក់ នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុងសៀមរាប។ ក្នុងនោះបានចែកជូនថវិកា ក្នុងមួយគ្រួសារ ៥ម៉ឺនរៀល និងសិស្សានុសិស្សម្នាក់ៗ ៥ពាន់រៀល ព្រមទាំងប្រគេនបច្ច័យដល់ចៅអធិការផងដែរ។
ក្នុងឱកាសនោះដែរ លោក លី វណ្ណៈ តំណាងឲ្យបងប្អូនសប្បុរសជន បានសម្តែងនូវក្តីអាណិតអាសូរពន់ពេក ដែលបងប្អូនត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង ដោយសារការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា។
លោកក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រកបដោយភាពឈ្លៀសវៃ ប៉ិនប្រសប់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសូមគាំទ្រចំពោះយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» របស់សម្តេចធិបតី ដែលកំពុងតែអនុវត្តការងារយ៉ាងសកម្ម និងមមាញឹកបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកបានបន្តថា សកម្មភាពមនុស្សធម៌នេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ ក្នុងស្មារតីជាតិនិយមខ្ពស់បំផុត របស់សប្បុរសជនទាំងអស់ ដែលបានរួមជាកម្លាំងមហាសាមគ្គីជាតិ ជាធ្លុងមួយ ក្រោមស្មារតី «ខ្មែរស្រឡាញ់ខ្មែរ និងខ្មែរជួយខ្មែរ» ដើម្បីឈរនៅពីក្រោយវីរកងទ័ពគ្រប់រូប ដែលកំពុងឈរជើង បំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
លោក លី វណ្ណៈ ក៏បានណែនាំដល់គណៈគ្រប់គ្រងមណ្ឌល ត្រូវយកចិត្តទុកដាក់ខ្ពស់លើសន្តិសុខ សុវត្ថិភាព សុខភាព និងអនាម័យឲ្យបានល្អ។ ម៉្យាងទៀតបងប្អូន ដែលឃ្លាតចាក់ឆ្ងាយពីផ្ទះសម្បែងដែលចង់វិលត្រឡប់ទៅវិញនោះ នៅពេលមានភាពស្ងប់ស្ងាត់ការប្រយុទ្ធគ្នា ទើបឲ្យបងប្អូនត្រឡប់ទៅវិញ តែពេលនេះអាជ្ញាធរ នៅក្នុងមូលដ្ឋានរបស់បងប្អូន មិនទាន់អនុញ្ញាតឲ្យបងប្អូនចូលទៅក្នុង ភូមិឋានខ្លួនឡើយ ពីព្រោះខ្លាចមានគ្រោះថ្នាក់ ដោយយុទ្ធភ័ន្តមិនទាន់ផ្ទុះ ដែលនៅសេសសល់។
ព្រះវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក មានថេរដីកាថា ផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ហើយពិតជាមានក្ដីកង្វល់ និងការអាណិតអាសូរជាពន់ពេក ចំពោះបងប្អូនទាំងអស់គ្នា ដែលបានរងផលប៉ះពាល់លំនៅ ដោយសារសង្រ្គាម។
ព្រះអង្គ មានថេរដីកាថា ចាប់ពីពេលមានការផ្ទុះអាវុធដោយការឈ្លានពានរបស់សត្រូវ ញាតិញោមភៀសសឹកមកស្នាក់នៅក្នុងវត្តប្រាសាទគោកចក មានចំនួន ២២០គ្រួសារ ដោយមកពីខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ហើយព្រះអង្គក៏បានផ្ដល់ការឧបត្ថម្ភជាស្បៀងអាហារ ទឹកស្អាត និងការថែទាំផងដែរ។
ព្រះគ្រូចៅអធិការ មានថេរដីកាបញ្ជាក់ថា មកដល់ថ្ងៃនេះ មានញាតិញោមភៀសសឹកមួយចំនួន បានវិលទៅលំនៅឋានវិញ នៅសល់តែចំនួន ១៥០គ្រួសារកំពុងស្នាក់នៅបន្ត ដោយញាតិញោមមួយចំនួនទៀត ត្រូវបានពួកសត្រូវដុតបំផ្លាញផ្ទះអស់ផងដែរ៕























