ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ នាំម៉ូតូ១គ្រឿង ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈអានាម័យ ទឹកស្អាត ជូនវីរកងទ័ពជួរមុខ ទិសជាំតែ–បុស្បូវ ខេត្តព្រះវិហារ
31-12-2025 16:06
(ព្រះវិហារ)៖ ម៉ូតូ១គ្រឿង និង ថវិកា គ្រឿងឧបភោគបរិភោគ សម្ភារៈអនាម័យ ទឹកស្អាត ដែលជាអំណោយរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ និងក្រុមការងារ បាននាំយកទៅប្រគល់ជូនមេបញ្ជាការផ្នែកសឹករងត្បែងមានជ័យ សម្រាប់ប្រើប្រាស់ក្នុងអង្គភាព នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោក ម៉ប់ ធិរិត បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោក ឆាយ ឫទ្ធិសែន ជូនលោកមេបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះផ្នែកសឹករងត្បែងមានជ័យ ជាមួយនឹងការថ្លែងនូវការកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពយើង ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ។
លោក ម៉ប់ ធិរិត ថ្លែងបញ្ជាក់ទៀតថា លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន តែងយកចិត្តទុកដាក់ និងគាំទ្រជានិច្ចចំពោះវីរកងទ័ពរបស់យើង ពិសេសតែងតែផ្តល់ការឧបត្ថម្ភសម្ភារៈ ថវិកា លើកទឹកចិត្តជានិច្ច ជាក់ស្តែងដូចថ្ងៃនេះស្រាប់ ហើយកន្លងមកលោករដ្ឋមន្ត្រី បានឧបត្ថម្ភស្បៀង សម្ភារៈ ដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីចែកពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិផាពនានាផងដែរ។
លោកប្រធានមន្ទីរក៏បានថ្លែងអំណរគុណ និងគោរពកោតសរសើរដល់ស្មារតីអង់អាចក្លាហាន ហ៊ានពលីជីវិតរបស់បងប្អូនវីរកងទ័ពយើង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជាតិខ្មែរ។ លោកក៏ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ដែលពលីក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពាន បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ មេបញ្ជាការផ្នែកសឹករងស្រុកត្បែងមានជ័យ បានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឆាយ ឫទ្ធិសែន ដែលបានគាំទ្រ និងយកចិត្តទុកដាក់ដល់សុខទុក្ខរបស់កងទ័ពជួរមុខ ជាពិសេសនៅតំបន់ដាច់ស្រយាល។
អំណោយទាំងនេះ ជាកម្លាំងចិត្តដ៏មានន័យ សម្រាប់កងទ័ពក្នុងការបន្តបំពេញភារកិច្ចការពារប្រទេសជាតិ និងរក្សាសន្តិភាព៕
















