អភិបាលខេត្តកំពង់ចាម អគុណមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញភារកិច្ចបានល្អ ក្នុងឆ្នាំ២០២៥
31-12-2025 16:08
(កំពង់ចាម)៖ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសាលាខេត្តកំពង់ចាម, អភិបាលខេត្ត លោក អ៊ុន ចាន់ដា បានថ្លែងកោតសរសើរ និងអរគុណចំពោះមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចទទួលលទ្ធផលល្អប្រសើរ នៅក្នុងឆ្នាំ២០២៥។
លោក អ៊ុន ចាន់ដា បានថ្លែងថា ដោយសារមានថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងក្នុងការចូលរួម ការអភិវឌ្ឍន៍ក្នុងខេត្តកំពង់ចាម របស់យើងនេះ ជាពិសេសគឺកិច្ចដំណើរការការងាររដ្ឋបាល របស់រដ្ឋបាលខេត្ត បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យទៅតាមផែនការឆ្នាំ ដែលរដ្ឋបាលខេត្តបានដាក់ចេញ។
លោកអភិបាលខេត្ត ក៏បានរំលឹកផងដែរថា ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជាយើង បានឆ្លងកាត់វិញ្ញាសារធំៗ ដែលជាវិញ្ញាសាប្រវត្តិសាស្ត្រ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់កំណើរការអភិវឌ្ឍន៍។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងមានប្រមុខដឹកនាំដ៏ឆ្នើម សម្ដេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងជាមគ្គទេសឯក ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានភាពឈ្លាសវៃម៉ឹងម៉ាត់ ដោះស្រាយនូវបញ្ហាទាំងនោះ ទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ ជូនដល់សង្គមជាតិរបស់យើង ។
លោកអភិបាលខេត្ត បានយកឱកាសនោះ ក្រើនរំលឹកដល់យុវជនទាំងអស់ ត្រូវចេះដូសខាត់នូវបញ្ញាស្មារតី ធ្វើយ៉ាងណាឱ្យមានភាពរឹងមាំ ដើម្បីឈានឆ្ពោះទៅកសាងប្រទេសមួយ ដែលជាប្រទេសមានអរិយធម៌ខ្ពង់ខ្ពស់ និងជាប្រទេសមួយដែលមានកម្លាំង នៅក្នុងការរក្សាបាននូវភាពជាម្ចាស់ការក្នុងការកំណត់នូវជោគវាសនារបស់ខ្លួន៕















