គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ប្ដេជ្ញាចុះបង្ក្រាបបទល្មើសនេសាទ ដោយប្រើឧបករណ៍ស្បៃមុងឲ្យអស់
31-12-2025 16:29
(កំពង់ឆ្នាំង)៖ ក្នុងរដូវបើកនេសាទឆ្នាំ២០២៥នេះ គេសង្កេតឃើញក្នុងភូមិសាស្ត្រមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង នៅតែកើតមាននូវបទល្មើសនេសាទខុសច្បាប់ ដោយជនឆ្លៀត ឱកាសមួយចំនួនតូច នៅតែបន្តប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ ដោយប្រើឧបករណ៍ស្បៃមុងធ្វើការនេសាទ ដែលជាឧបករណ៍មួយត្រូវបានច្បាប់មិនអនុញ្ញាតនោះឡើយ។
ស្របពេលប្រទេសជាតិកំពុងជួបវិបត្តិសង្គ្រាមឈ្លានពានពីសំណាក់ចោរសៀម នៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់កំពុងមមាញឹកជាប់រវល់ ក្នុងកិច្ចការចូលរួម ជាមួយកងទ័ពនៅសមរភូមិមុខ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្ដោយព្រំដែន និងដោះស្រាយរាល់បញ្ហាផ្សេងៗ ជូនដល់គ្រួសារយុទ្ធជន និងជនភៀសសឹក ក៏មានជនឆ្លៀតឱកាសមួយចំនួនតូច បានលបលួចប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ ដែលពួកគេបានប្រើនូវឧបករណ៍ស្បៃមុង ដាក់ចាប់ត្រីជាច្រើនកន្លែង ដែលក្នុងមួយរបាំងៗ មានប្រវែងរាប់រយម៉ែត្រខុសទៅនឹងច្បាប់ស្ដីពីជលផល បើទោះជាអាជ្ញា ធរនិងសមត្ថកិច្ចពា ក់ព័ន្ធបានធ្វើការបង្ក្រាបជាញឹកញាប់ក៏ដោយក៏ពួកគេនៅ តែបន្តលួចធ្វើសកម្មភាពល្មើសច្បាប់ជាបន្តបន្ទាប់។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបទល្មើសនេសាទដោយ មានប្រើនូវឧបករណ៍ស្បែមុងខាងលើនេះ លោកអភិបាលខេត្តកំពង់ឆ្នាំង ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានចេញបទបញ្ជាជាបន្ទាន់ដល់បណ្ដាសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ចុះធ្វើការបង្ក្រាប និងរុះរើរបាំងស្បៃមុងទាំងអស់នោះ ដែលកំពុងធ្វើសកម្មភាពនៅចំណុចភូមិចង្ក្រានកំបោរ, ភូមិកោះធំ, និងចំណុចព្រែកអន្លង់អក, ស្ថិតក្នុងស្រុកជលគីរី ឲ្យអស់ធ្វើយ៉ាងណាកុំឱ្យមានសេសសល់ ដោយសារតែការប្រើឧបករណ៍ស្បែមុងនេះគឺត្រូវបានច្បាប់ហាមជាដាច់ខាត។
ដោយអនុវត្តតាមការណែនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥នេះដែរ សមត្ថកិច្ចចម្រុះខេត្តដឹកនាំដោយលោក តាត សីហាក់ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើ សនេសាទនៅចំណុចខាងលើនេះពេញមួយថ្ងៃជាលទ្ធផ លក្រុមការងារចម្រុះបានបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់បានយ៉ាងច្រើនគួរឲ្យកត់សម្គាល់ផងដែរ។
លោក តាត សីហាក់ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ជាអ្នកដឹកនាំកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះ បានឲ្យដឹងថា ក្រោយពីទទួលបានបទបញ្ជារបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត សមត្ថកិច្ចចម្រុះរួមមានជលផល១៧នាក់, ទាហានសឹករងខេត្ត៨នាក់,នគរបាលសេដ្ឋកិច្ចខេត្ត ៥នាក់,សហគមន៍៣នាក់, សរុប៣៣នាក់ប្រើមធ្យោបាយបាឡាស្មាច់ចំនួន១០គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុងនៅចំណុចអន្លង់អក,ក្លែងក្រូច, ភូមិចង្ក្រានកំបោរ, និងភូមិកោះធំ,ក្នុងភូមិសាស្ត្រស្រុកជលគីរី។
ជាលទ្ធផលកម្លាំងចម្រុះបង្ក្រាបបានរបាំងស្បៃមុងចំនួន៧របាំងមានប្រវែង សរុប២០៥០ម៉ែត្រ,លបលូស្បៃមុង១៤មាត់បង្គោលចំនួន៨០០ដើម, ចាក់លែងកូនត្រីចម្រុះ ក្នុងបឹងធម្មជាតិវិញចំនួន៨០គីឡូ ចំណែករបាំងស្បៃមុងទាំងអស់ត្រូវបានកាប់ចិ ញ្ច្រាំបំផ្លាញចោលនៅនឹងកន្លែង។
លោកនាយរងខណ្ឌបានបញ្ជាក់បន្ថែមទៀតថា បទល្មើសរបាំងកាត់ព្រែកខាងលើនេះគឺមិនទាន់ត្រូវបានកាប់បំផ្លាញអស់នៅឡើយនោះទេ គឺនៅសេសសល់ប្រមាណជា៧ទៅ ៨របាំងទៀតដោយសារតែល្ងាចណាស់ទៅហើយតែលោក នឹងបន្តដឹកនាំកម្លាំងចុះកាប់បំផ្លាញជាបន្តទៀតដោយមិនអនុញ្ញាតឲ្យមានបទល្មើសនេសាទដោយដាក់របាំងកាត់ព្រែក ជាពិសេសគឺរបាំងស្បៃមុងនៅចំណុចខាងលើនេះជាបន្តទៀតនោះឡើយ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះដែរថា បទល្មើសនេសាទ ដែលនៅសេសសល់ទាំងប៉ុន្មាន លោកនិងបញ្ជារ ឲ្យនាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនិងនាយសង្កាត់ពាក់ព័ន្ធទាំងអស់ត្តូវបន្តចុះបង្ក្រាបនិងកាប់បំផ្លាញចោលឲ្យអស់មិនឲ្យនៅសេសសល់នោះឡើយ៕

















