សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត នាំយកអំណោយទៅចែកជូនជនភៀសឹក ជាង៩០០គ្រួសារ នៅស្រុកអង្គរជ័យ
31-12-2025 16:32
(កំពត)៖ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានដឹកនាំសមាជិកា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងអ្នកពាក់ព័ន្ធ ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយ ជូនបងប្អូនជនភៀសសឹក មកពីបណ្តាខេត្តផ្សេងៗ ដែលបាននិងកំពុង ស្នាក់នៅជាបណ្ដោះអាសន្ន ជាមួយសាច់ញាតិរបស់ខ្លួន ចំនួន៩០៩គ្រួសារ ក្នុងស្រុកអង្គរជ័យ។ ពិធីខាងលើ បានប្រព្រឹត្តធ្វើឡើង នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលាស្រុកអង្គរជ័យ ខេត្តកំពត។
នាឱកាសនោះ លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងចូលរួមរំលែកសេចក្តីទុក្ខព្រួយ ការលំបាក របស់បងប្អូនពលរដ្ឋដែលជាជនភៀសសឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជាពិសេសនោះ ពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរដល់សុខទុក្ខ និងជួយលើកកម្ពស់សិទ្ធិ និងសុខមាលភាពរបស់បងប្អូនស្ត្រី និងកុមារ។
លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិសយសាខាសមាគមនារីខេត្តកំពត បានលើកទឹកចិត្តដល់បងប្អូនជនភៀសសឹក សូមឱ្យបន្តយកចិត្តទុកដាក់ ថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយសូមកុំបារម្ភ ចំពោះបញ្ហាកន្លែងស្នាក់នៅ និងអាហារហូបចុក ព្រោះរដ្ឋបាលខេត្តកំពត ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន និងដោយមានការណែនាំ ពីប្រមុខរាជរដ្ឋាភិបាលផងនោះ អាជ្ញាធរខេត្ត បានត្រៀមលក្ខណៈរួចរាល់ សម្រាប់ទទួលបងប្អូន ពិសេសចលនារួបរួមសាមគ្គីរបស់ពលរដ្ឋខេត្តកំពត តាមរយៈការចូលរួមបរិច្ចាគជាស្បៀងអាហារ សម្ភារៈ និងថវិកាមានច្រើនសន្ធឹកសន្ធាប់ណាស់។
លោកស្រីប្រធាន បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្តិតរបស់ថ្នាក់ដឹកនាំ គឺសម្តេចតេជោ និងសម្ដេចធិបតី តែងតែគិតគូក្នុងការថែរក្សាសុខសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋជានិច្ច ហើយជាក់ស្តែងតាមគោលការណ៍ "ស្ងាត់តែមិននៅស្ងៀម" គឺយើងបានទទួលលទ្ធផលល្អសម្រាប់ថ្ងៃនេះ គឺការដោះលែងវីរកងទ័ពទាំង ១៨រូប មកកាន់មាតុភូមិរបស់យើងវិញ។
ទន្ទឹមនេះ លោកស្រីប្រធាន ក៏បានស្នើដល់ពលរដ្ឋជនភៀសសឹក សូមជឿជាក់លើរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី ក្នុងការស្វែងរកសន្តិភាព មកជូនបងប្អូនជនរួមជាតិ ពិសេសជឿជាក់លើវីរភាពអង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណៈភាពទឹកដី ការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល៕
























