បណ្ឌិត មាឃ បូរ៉ា៖ អ្នកលក់គោដុត តាមផ្លូវសាធារណៈ ពុំត្រូវបង្ហាញដោយខ្វះសីលធម៌ នាំឱ្យប៉ះពាល់ជំនឿ និងអារម្មណ៍ទេសចរឥណ្ឌា ដែលចាត់ទុកសត្វគោជាព្រះ

31-12-2025 16:36

(ភ្នំពេញ)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានវិទ្យាស្ថានភាសាជាតិ តាមរយៈបណ្តាញព័ត៌មាន Fresh News នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា អ្នកលក់សាច់គោ (គោដុត) តាមផ្លូវសាធារណៈ ពុំត្រូវបង្ហាញដោយខ្វះសីលធម៌ទេ នាំឱ្យប៉ះពាល់ដល់ជំនឿសាសនា និងអារម្មណ៍របស់ទេសចរជនជាតិឥណ្ឌា ដែលចាត់ទុកសត្វគោជាព្រះ។

ប្រធានវិទ្យាស្ថានភាសាជាតិ បានលើកឡើងថា បច្ចុប្បន្ននេះ ជនជាតិឥណ្ឌាបានមកទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រនៃតំបន់អង្គរ ជាពិសេស ប្រាសាទអង្គរវត្ត (នាមដើម បរមវិស្ណុលោក)។

លោកបានបន្ថែមថា បានជាជនជាតិឥណ្ឌាមានកំណើនច្រើនខុស ពីពេលកន្លងមកព្រោះ៖

* ១៖ ការធ្វើដំណើរតាមផ្លូវអាកាស មានលក្ខណៈងាយស្រួលជាងមុន ដោយមានការហោះត្រង់ពីប្រទេសឥណ្ឌាមកចុះ នៅព្រលានហោះខេត្តសៀមរាប ក្នុងមួយសប្ដាហ៍បីជើង។

* ២៖ ឥណ្ឌាចង់ស្វែងយល់អំពីទំនាក់ទំនងវប្បធម៌រវាងកម្ពុជា និងឥណ្ឌាពីអតីតកាល។

* ៣៖ ឥណ្ឌាចង់ដឹងពីការរីកចម្រើនរបស់កម្ពុជា ក្រោយពីបញ្ចប់សង្គ្រាមពេញលេញនៅឆ្នាំ១៩៩៨។

*៤៖ ឥណ្ឌាចង់ឃើញនិងទស្សនាទីតាំងនានា ដែលពុំធ្លាប់បានមកទស្សនាកន្លងទៅ។

*៥៖ ឥណ្ឌាអាចធ្វើពហិការទៅទស្សនានៅប្រទេសថៃ ដោយសារថៃបានបំផ្លាញបដិមាព្រុះវិស្ណុធ្វើឱ្យប៉ះពាល់លើជំនឿសាសនា។

បើតាមលោកបណ្ឌិត តាមជំនឿសាសនានៃជនជាតិឥណ្ឌា លោកគោរពសាសនាហិណ្ឌូ ហើយខ្មែរយើងពីអតីតកាលខ្មែរគោរពព្រហ្មញ្ញសាសនាដែលទទួលឥទ្ធិពលពីឥណ្ឌា ដែលក្នុងនោះមានអាទិទេពបី គឺព្រះសិវៈ ព្រះព្រហ្ម និងព្រះវិស្ណុ។ អាទិទេពទាំងបីអង្គនេះ មានយានជំនិះផ្ទាល់ដូចសត្វគោជាយានជំនិះរបស់ព្រះសិវៈ ដែលហៅថា គោនន្ទិន។

លោកបានបន្តទៀតថា «មូលហេតុនេះហើយ ទោះបីតិចឬច្រើន គឺប៉ះពាល់ដល់ទេសចរជនជាតិឥណ្ឌាជាក់ជាពុំខានឡើយ។ អាស្រ័យហេតុដូច្នេះ អ្នកលក់សាច់គោ(គោដុត) តាមផ្លូវសាធារណៈ ពុំត្រូវបង្ហាញដោយខ្វះសីលធម៌ នាំឱ្យប៉ះពាល់ដល់ជំនឿសាសនានិងអារម្មណ៍របស់ទេសចរជនជាតិឥណ្ឌាដែលចាត់សត្វគោជាព្រះ ក៏ដូចជាខ្មែរយើងដែរ ពីព្រោះយើងបានដឹងហើយថា ខ្មែរក៏ប្រតិបត្តិសីលប្រាំតាមពុទ្ធសាសនា»

លោកបណ្ឌិត មាឃ បូរ៉ា ក៏បានសំណូមពរថា ដើម្បីឱ្យទេសចរជនជាតិឥណ្ឌា គេមកទេសចរណ៍ប្រទេសយើងឱ្យបានកាន់តែច្រើនបន្តទៀត គប្បី៖

* បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ
* បង្កភាពងាយស្រួលពេលមកដល់ព្រលាន
* ស្នាក់នៅប្រកបដោយសុវត្ថិភាពនិងផាសុកភាព
* មានអាហារដ្ឋានបែបឥណ្ឌាឱ្យបានច្រើនកន្លែងនិងមានតម្លែសមរម្យ
* ចៀងវាងលក់វត្ថុអនុស្សាវរីយ៍លើសពីតម្លែប្រក្រតី
* មគ្គុទ្ទេសក៍ប្រកបដោយការរាក់ទាក់និងចំណេះដឹង
* ការប្រកបរបរលក់សាច់គោ(គោដុត)ត្រូវបិទបាំងឬពន្លះជាដុំល្មម
* ចៀសវាងការធ្វើឱ្យប៉ះពាល់អារម្មណ៍ដល់ភ្ញៀវទេសចរជនជាតិឥណ្ឌា ក៏ដូចជាជនជាតិដទៃទៀត៕