ភរិយាអភិបាលខេត្តព្រះវិហារ នាំយកអំណោយចែកជូនកុមារ ទារក និងប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្តិភាពវត្តពើងអង្កាម និងវត្តឧត្តរគីរីទួលអណ្តែត

31-12-2025 16:41

(ព្រះវិហារ)៖ លោកស្រី សុខា គងពិសី គីម រិទ្ធី ភរិយាលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កុមារ ទារក និងពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្រុកត្បែងមានជ័យ និងមណ្ឌលសុវត្ថិភាពវត្តទួលអណ្តែត ស្រុកគូលែន ខេត្តព្រះវិហារ ក្រោមវត្តមានស្វាគមន៍ពីលោក សុខសាន្តតារ៉ា និងលោក មិន ស៊ីថា អភិបាលរងខេត្ត និងក្រុមការងារ។

អំណោយដែលបាននាំយកទៅចែកជូនក្នុងឱកាសនេះ រួមមាន៖ សម្ភារប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមាន៖ នំ ខោទឹកនោម ម្សៅទឹកដោះគោ ដបទឹកដោះគោ កន្សែងសើម ទឹកសុទ្ធ មុង ខ្នើយ ភួយទារក ទឹកដោះគោ និងធុងទឹក សម្រាប់កុមារ និងទារក ដើម្បីជួយសម្រាលការលំបាក និងលើកកម្ពស់សុខុមាលភាពរបស់ពួកគេ ក្នុងអំឡុងពេលស្នាក់នៅបណ្ដោះអាសន្ន។

នៅក្នុងឱកាសនោះលោកស្រី សុខា គងពិសី គីមរិទ្ធី បានសម្តែងនូវការអាណិតអាសូរចំពោះកុមារ និងទារកភៀសសឹក ព្រមទាំងលើកទឹកចិត្តដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បន្តខិតខំថែទាំ និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដើម្បីធានាសុវត្ថិភាព សុខភាព និងជីវភាពរស់នៅរបស់ពួកគេឲ្យបានល្អប្រសើរជានិច្ច។

លោកស្រី សុខា គងពិសី ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋនូវដំណឹងដ៍រីករាយ និងបានសម្តែងនូវក្តីរំភើប និងអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះការវិលត្រឡប់មកវិញរបស់វីរកងទ័ពកម្ពុជាចំនួន ១៨ នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនកន្លងមក ហើយឥឡូវនេះបានវិលត្រឡប់មកកាន់មាតុភូមិវិញដោយសុវត្ថិភាព ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

លោកស្រីបានថ្លែងប្រាប់ប្រជាពលរដ្ឋទៀតថា៖ការវិលត្រឡប់របស់វីរកងទ័ពកម្ពុជាទាំង១៨នាពេលនេះ គឺជាការផ្តល់ភាពកក់ក្តៅយ៉ាងធំធេងដល់ក្រុមគ្រួសារ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគាំពារពលរដ្ឋ ព្រមទាំងយុទ្ធជននៅគ្រប់កាលៈទេសៈ។

សូមបញ្ជាក់ថា សកម្មភាពមនុស្សធម៌ដែលដឹកនាំដោយលោកស្រី សុខា គងពិសី ភរិយាអភិបាលខេត្តព្រះវិហារនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្តព្រះវិហារ ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសកុមារ និងទារក ដែលជាកម្លាំងស្នូលសម្រាប់អនាគតរបស់សង្គមជាតិ៕