Fresh Exclusive: «ស្មោះត្រង់នឹងជាតិ-ជាតិពុំភ្លេចអ្នកឡើយ៖ សាមគ្គីភាពខ្មែរនាំនាវាកម្ពុជា ឆ្លងផុតគ្រោះថ្នាក់ដោយជ័យមង្គល»

31-12-2025 16:43

(ភ្នំពេញ)៖ នៅពេលដែលខ្សែព្រំដែនស្របច្បាប់ លែងត្រូវបានគោរពហើយសំឡេងគ្រាប់កាំភ្លើងបែរជាត្រូវបានគេប្រើមកជំនួសក្នុងការកាត់សេចក្តី សំឡេងដាស់តឿនឱ្យជាតិខ្មែរ ត្រូវស្ទុះងើបឡើងដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួនក៏បានលេចឡើង។ ចាប់តាំងពីការផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក កម្ពុជាបានបង់តម្លៃការពារដ៏ធ្ងន់ធ្ងរ ដើម្បីការពារអធិបតេយ្យភាព និងកិត្តិយសជាតិ។ ប៉ុន្តែនៅក្នុងចំណោមការបាត់បង់ និងការឈឺចាប់ទាំងនោះ ក៏មានពេលវេលាមួយដែលបានក្លាយជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា ជាតិមិនបំភ្លេចអ្នកដែលស្មោះត្រង់នឹងមាតុភូមិរបស់ខ្លួនឡើយ។

ក្នុងបរិបទនៃការលះបង់នោះ ព្រឹត្តិការណ៍មួយបានក្លាយជាសញ្ញានៃក្តីសង្ឃឹម និងសេចក្តីដឹងគុណរបស់ជាតិ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ យុទ្ធជនខ្មែរ ១៨នាក់ ដែលត្រូវបានទាហានថៃចាប់ខ្លួន តែប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ចុះហត្ថលេខានៅម៉ាឡេស៊ី (២៨ កក្កដា ២០២៥) ត្រូវបានគេដោះលែងឱ្យវិលត្រឡប់មកមាតុភូមិវិញ។ ការដោះលែងនេះ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍យោធា ឬការទូតទេ ប៉ុន្តែជាការបញ្ជាក់ថា ពលិកម្ម និងភាពស្មោះត្រង់របស់យុទ្ធជនខ្មែរ មិនត្រូវបានជាតិបំភ្លេចឡើយ។ «ស្មោះត្រង់នឹងជាតិ-ជាតិពុំភ្លេចអ្នកឡើយ! ការរួមសាមគ្គីខ្មែរ ពិតជានឹងនាំនាវាកម្ពុជាឆ្លងផុតសមុទ្រគ្រោះថ្នាក់ដោយជ័យមង្គល!»។

* មហាពលិកម្មយុទ្ធជនខ្មែរ៖ គ្រឹះនៃសន្តិភាព

ការខូចខាតនៅតាមបណ្តោយព្រំដែន មិនមែនជាតួលេខស្ថិតិទេ។ វាជាការបំផ្លាញពិតប្រាកដលើទ្រព្យសម្បត្តិមរតកវប្បធម៌ សមិទ្ធផលជាតិ និងហេដ្ឋារចនាសម្ព័ន្ធ ដែលទើបបានកសាងក្រោយការបញ្ចប់សង្គ្រាមស៊ីវិលជិតបីទសវត្សរ៍។ ទោះជាយ៉ាងណា នៅក្នុងភាពងងឹតនោះក៏មានពន្លឺមួយ ដែលមិនរលត់សោះ នោះគឺស្មារតីមិនរាថយរបស់យុទ្ធជនខ្មែរ ដែលឈរជួរមុខហ៊ានធ្វើពលិកម្មដើម្បីជាតិ។ វីរភាពនេះ មិនមែនជាអារម្មណ៍បណ្ដោះអាសន្នទេ ប៉ុន្តែជាលទ្ធផលនៃការសម្រេចចិត្តយ៉ាងមុតមាំ ការជ្រើសរើសយកដើមទ្រូងឈរពាំងគ្រាប់ ដើម្បីការពារអធិបតេយ្យភាព និងកិត្តិយសជាតិ ទោះដឹងថាខ្លួនអាចបាត់បង់ជីវិតក៏ដោយ។ យុទ្ធជនខ្មែរ មិនបានប្រយុទ្ធតែដោយអាវុធទេ ប៉ុន្តែដោយជំនឿលើជាតិ សាមគ្គីភាព និងការដឹកនាំរបស់រាជរដ្ឋាភិបាល។

* ការដោះលែងយុទ្ធជន១៨នាក់, សារនៃសេចក្តីដឹងគុណជាតិ

ការដោះលែងយុទ្ធជនខ្មែរ១៨នាក់ នៅចុងឆ្នាំ២០២៥ គឺជាសារនយោបាយ និងសីលធម៌ដ៏ច្បាស់លាស់ «រដ្ឋមិនបំភ្លេចអ្នកដែលបានលះបង់ឡើយ»។ វាជាភស្តុតាងថា ឈាមដែលបានហូរ និងការស៊ូទ្រាំនៅក្រោយខ្សែបន្ទាត់មុខ មិនមែនជាការលះបង់ឥតន័យទេ ប៉ុន្តែជាគ្រឹះនៃកិត្តិយស និងសន្តិភាពជាតិ។

ដូចប្រសាសន៍ដ៏មានអត្ថន័យរបស់សម្តេចមហាបវរធិបតី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដែលបានដាស់តឿនថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់» ពលិកម្មសាច់ស្រស់ ឈាមស្រស់របស់វីរជន គឺជាការរំលឹកមិនឱ្យជាតិភ្លេចថា កម្លាំងពិតប្រាកដរបស់ប្រទេសមិនស្ថិតលើទំហំ ឬសេដ្ឋកិច្ចទេ ប៉ុន្តែស្ថិតលើ ស្មារតីរួបរួម។

* សន្តិភាពមិនមែនបានមកដោយឥតបង់តម្លៃ

កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងសេចក្តីថ្លែងការណ៍រួមសន្តិភាពគូឡាឡាំពូរ ថ្ងៃ២៦ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញពីការខិតខំស្វែងរកសន្តិភាពតាមរយៈការទូត និងច្បាប់អន្តរជាតិ។ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះក៏បានបញ្ជាក់ផងដែរថា សន្តិភាពមិនអាចឈោងចាប់បានដោយងាយទេ ប្រសិនបើគ្មានមហាពលិកម្ម និងភាពក្រាញននៀលតស៊ូរបស់យុទ្ធជនខ្មែរនៅលើសមរភូមិ ដើម្បីការពារអធិបតេយ្យភាពជាតិ។ យុទ្ធជនខ្មែរ ដែលឈរប្រឈមមុខនឹងសត្រូវបរទេស បានធ្វើឱ្យពិភពលោកឃើញថា កម្ពុជា បានជ្រើសសន្តិវិធី ប៉ុន្តែមិនបោះបង់សិទ្ធិការពារទឹកដីឡើយ។ មហាពលិកម្មនេះ បានបម្លែងជាថាមពលសង្គម ថាមពលនៃការរួបរួម ការបំបាត់ភាពបែកបាក់ និងការកសាងទំនុកចិត្តរវាងប្រជាជនជាមួយប្រជាជន។ សម្រាប់យុវជន វាជាមេរៀនត្រូវចងចាំថា «សន្តិភាពដែលមានតម្លៃ មិនមែនជាអំណោយដោយឥតបង់ថ្លៃទេ»

សង្គ្រាមការពារទឹកដី ដែលបានផ្ទុះឡើងចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ មិនមែនជាទំព័រតូចមួយក្នុងប្រវត្តិសាស្ត្រទេ ប៉ុន្តែជាស្នាមជ្រៅនៅក្នុងដួងចិត្តជាតិខ្មែរ។ វាជាការរំលឹកឱ្យយើងដឹងថា សន្តិភាពមិនមែនជារឿងអចិន្ត្រៃយ៍ ហើយអធិបតេយ្យភាព មិនមែនជាអ្វីដែលអាចទុកឱ្យគេយកទៅសាកល្បងបានឡើយ។

ក្នុងសម័យដែលឈាមយុទ្ធជនខ្មែរ បានហូរស្រក់នៅលើដីដើម្បីការពារមាតុភូមិ ការដោះលែងយុទ្ធជនខ្មែរ១៨នាក់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានក្លាយជាសារដ៏ខ្លាំងបំផុតមួយទៅកាន់ប្រជាជាតិ និងពិភពលោកថា ជាតិខ្មែរ មិនបោះបង់អ្នកដែលស្មោះត្រង់នឹងជាតិឡើយ ហើយក៏មិនអនុញ្ញាតឱ្យពលិកម្មរបស់ពួកគេរលាយបាត់ក្នុងភាពស្ងៀមស្ងាត់ដែរ។

ឈាមដែលបានហូរ មិនមែនជាឈាមឥតន័យទេ។ វាជាតម្លៃនៃការឈររឹងមាំ វាជាតម្លៃបង់ នៃថ្នូរសន្តិភាព និងវាជាខ្សែបន្ទាត់ក្រហម ដែលប្រាប់យុវជនខ្មែរជំនាន់ក្រោយថា ជាតិមួយរស់បាន មិនមែនដោយការលុតជង្គង់អង្វរចុះញ៉មទេ ប៉ុន្តែដោយការឈររួមគ្នាជាធ្លុងមួយ។ ប្រវត្តិសាស្ត្រ នឹងចងចាំទុកថា ក្នុងពេលជាតិកំពុងជួបទុក្ខ តើអ្នកណាហ៊ានលះបង់ឈរនៅជួរខាងមុខ និងអ្នកណាធ្វើជាមើលមិនឃើញ ហើយព្យាយាមលាក់ខ្លួនរស់ពីក្រោយញើសនិងឈាមដែលយុទ្ធជនយើងបានបង្ហូរដើម្បីសន្តិភាព?

អនាគតរបស់កម្ពុជា នឹងត្រូវបានកសាងឡើងលើមូលដ្ឋាននេះ មូលដ្ឋាននៃសេចក្តីស្មោះត្រង់ ពលិកម្ម និងសាមគ្គីភាពជាតិ។ បើខ្មែរនៅរួបរួមគ្នា, ប្រទេសនេះ នឹងមិនលិចក្នុងជ្រោះជ្រៅប្រ កបគ្រោះថ្នាក់ឡើយ។ ស្មោះត្រង់នឹងជាតិ-ជាតិពុំភ្លេចអ្នកឡើយ! សាមគ្គីភាពខ្មែរ គឺជាសំពៅដ៏ធំ ដែលនាំនាវាកម្ពុជា ឆ្លងផុតគ្រោះថ្នាក់ទាំងអស់ដោយជ័យមង្គល និងកិត្តិយស៕