ACU៖ រយៈពេល ១ឆ្នាំ មន្ត្រីមកប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ២៤ ៤៧៨រូប និងទទួលពាក្យបណ្តឹង ៤៧៧ ក្នុងនោះពាក្យប្តឹងអនាមិកមានចំនួន១៣៥ ពាក្យបណ្តឹង
31-12-2025 18:21
(ភ្នំពេញ)៖ រយៈពេល១ឆ្នាំ នៃឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានទទួលការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំ គិតទាំងការប្រកាសទ្រព្រសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ (២២ ៣៥៣រូប) តែងតាំងថ្មី (១ ១៤៤ រូប) លាលែង ចប់អាណត្តិ (៤០៨ រូប) បញ្ឈប់ពីតំណែង (១២ រូប) ចូលនិវត្តន៍ (៥៥៥ រូប) សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ២០២៥ មានចំនួន (២៤ ៤៧៨រូប)។
នេះបើតាមលោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទី អ.ប.ព. បានបង្ហាញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៥ អាណត្តិទី៤ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ។
បើតាមលោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានឱ្យដឹងថា៖ «គិតទាំងការប្រកាសទ្រព្រសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ (២២ ៣៥៣ រូប) តែងតាំងថ្មី (១ ១៤៤ រូប) លាលែង ចប់អាណត្តិ (៤០៨ រូប) បញ្ឈប់ពីតំណែង (១២ រូប) ចូលនិវត្តន៍ (៥៥៥ រូប) សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆ្នាំ២០២៥ មានចំនួន (២៤.៤៧៨ រូប)។ ដោយឡែកក្នុងខែធ្នូនេះ មន្ដ្រីចំនួន ១២៧រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៦១រូប, មន្ដ្រី ០២រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង និង ៤៦រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍និងចប់អាណត្តិ»។
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ បានបន្ថែមថា សម្រាប់ការងារពាក្យប្ដឹង ទទួលបានក្នុងឆ្នាំ ACU បានទទួល ៤៧៧ ពាក្យប្តឹង ក្នុងនោះពាក្យប្តឹងអនាមិកមាន ១៣៥ (២៨,៣០%), ពាក្យប្តឹងចំនួន ២៩ មិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្តឹងចំនួន ១២៥ បានចាត់ឱ្យបំភ្លឺ, ពាក្យប្តឹងចំនួន ១២៧ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ, កំពុងបន្តស្រាវជ្រាវ ប្រមូលព័ត៌មានបន្ថែម ចំនួន១៧៩ ពាក្យប្តឹង, អន្តរាគមន៍ឱ្យជួយដោះស្រាយ ០៩ពាក្យប្តឹង, កសាងសំណុំរឿងបញ្ជូនទៅតុលាការ ០៨សំណុំរឿង។
ប្រធានស្តីទី ACU បានបញ្ជាក់ថា ដោយឡែកក្នុងខែនេះ ACU ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុបចំនួន ៣៦ ពាក្យប្ដឹងផងដែរ...
លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ក៏បានរាយការណ៍ជូននាពេលនោះដែរ អំពីការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ សម្រាប់ឆ្នាំគត់គូរ ២០២៦ ដែលនឹងចាប់ដំណើរការ ពីថ្ងៃទី០១ មករា ដល់ថ្ងៃទី៣១ មករា ឆ្នាំ២០២៦ និងសំណើសុំគោលការណ៍សម្រួលការប្រកាសទ្រព្យសម្បត្តិ និងបំណុល ដល់កងកម្លាំងប្រដាប់អាវុធចាប់ពីថ្នាក់វរសេនីយ៍ឯកឡើងទៅ ដែលជាប់ដៃនៅសមរភូមិខាងមុខ៕









