លោកបណ្ឌិត ទ្រី សុធារិទ្ធ នាយកសាលាជាតិផែនការ និងស្ថិតិ នៃក្រសួងផែនការ ដឹកនាំក្រុមការងារនាំស្បៀង សម្ភារៈ ប្រគល់ជូនវីរកងទ័ពជួរមុខ អង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ឈរជើងទិសភ្នំខ្មោច

31-12-2025 20:28

(ព្រះវិហារ)៖ លោកបណ្ឌិត ទ្រី សុធារិទ្ធ នាយកសាលាជាតិផែនការ និងស្ថិតិ នៃក្រសួងផែនការ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំអំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ យកមកប្រគល់ជូនវីរកងទ័ពជួរមុខ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារទឹកដីនៅទិសភ្នំខ្មោច សមរភូមិទិសទី១ប្រាសាទព្រះវិហារ។

នៅក្នុងឱកាសនេះដែរលោកបណ្ឌិត ទ្រី សុធារិទ្ធ បានថ្លែងអំណរគុណ និងគោរពកោតសរសើរដល់ស្មារតីអង់អាចក្លាហាន ហ៊ានពលីជីវិតរបស់បងប្អូនវីរកងទ័ពយើង ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជាតិខ្មែរ។ លោកក៏ឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព ដែលពលីក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឈ្លានពាន បានអញ្ជើញទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

លោកបណ្ឌិត ទ្រី សុធារិទ្ធ ក៏បានថ្លែងនូវការអរគុណដល់លោកបណ្ឌិត មួន សុណា ប្រធាន នាយកដ្ឋានតាមដានការអនុវត្តច្បាប់ នៃក្រសួងអធិការកិច្ច,លោក សោម យ៉ាន ឧបការី អង្គភាពប្រឆាំងអំពើពុករលួយ ,លោក ជាម ច័ន្ទកេណា អគ្គនាយករង អគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ ,លោក គី ចាន់ថន និងលោក មិន សុខា ដែលជាអាជីវករ បានចូលរួមឧបត្ថម្ភ ថវិកា សម្ភារៈប្រើប្រាស់ ដល់កងទ័ព ក៏ដូចជាបានចូលរួមដោយផ្ទាល់នាពេលនេះ។

អំណោយដែលនាំមកប្រគល់ជូនវីរកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៧នាពេលនេះរួមមាន៖បន្ទះសូឡាសាកចល័តកម្លាំង៦០វ៉ាត់ ចំនួន១០គ្រឿង power Bank ថ្មសាកកម្លាំង៤មុឺនអាំពែ ចំនួន១០គ្រឿង សាច់ជ្រូកសុទ្ធស្រស់ ចំនួន១៥០គីឡូក្រាម ឧបត្ថម្ភថវិកាទិញគ្រឿងទេសចំនួន១០០ដុល្លាផងដែរ។

លោក សួន តៃហេង តំណាងលោកឧត្តមសេនីយ៍ទោ ផុន សម៉ាលី មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកបណ្ឌិត ទ្រី សុធារិទ្ធ ដែលបានចំណាយពេលវេលាដ៍មានតម្លៃ ដឹកនាំក្រុមការងារ នាំស្បៀង សម្ភារៈប្រើប្រាស់ មកប្រគល់ជូនដោយផ្ទាល់ដៃដល់កងទ័ពកងពលតូចអន្តរាគមន៍លេខ៧នាពេលនេះ ធ្វើឱ្យបងប្អូនកងទ័ពមានភាពកក់ក្តៅ ពិសេសកាន់តែមានឆន្ទះក្នុងការប្រយុទ្ធប្តូរផ្តាច់ការពារជាតិមាតុភូមិរបស់យើងពីសត្រូវឈ្លានពាន៕