សប្បុរសជន បន្តនាំយកមកថវិកា គ្រឿងឧបភោគ បរិភោគ ប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ចែកជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក បើទោះបីមានបទឈប់បាញ់ហើយក្ដី
31-12-2025 20:54
(ភ្នំពេញ)៖ ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសប្បុរសជន នៅតែបន្តនាំយក ជំនួយរួមមាន ថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារចាំបាច់មួយចំនួន មកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក បើទោះបីមានបទឈប់បាញ់ហើយក្ដី ស្របពេលវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានថៃដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពនៅថ្ងៃ៣១ ធ្នូនេះ។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ឆាយ វីរៈ អភិបាលរង និងលោក ហួត ហៃ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរដ្ឋបាលរាជធានីជាច្រើនរូបទៀត បានបន្តទទួលអំណោយទាំងនេះ នៅសាលារាជធានីភ្នំពេញ។
អំណោយដែលប្រគល់ជូននាថ្ងៃនេះ រួមមាន៖ មានទាំងថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ ដែលមានទាំងសាច់ស្រស់ និងសម្ភារចាំបាច់មួយចំនួនទៀត។
លោក ឆាយ វីរៈ អភិបាលរងរាជធានី ក្នុងនាម លោកឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះបញ្ចាំងពីខឿនការពារជាតិ ប្រជាជន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕























