ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បន្ត​ចុះ​ផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង​ ព្រមទាំងលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់​​ Hotline1292 នៅសាលាវិទ្យាល័យស្លាបលែង

01-01-2026 13:52

(កំពង់ស្ពឺ​)៖ ដោយ​មានការចង្អុលបង្ហាញតម្រង់​ទិស​ពី​ នាយ​ឧត្តម​សេនីយ៍​​​ សៅ​​​ សុខា​​​​​ អគ្គ​មេបញ្ជាការ​រង​ កងយោធពល​ខេមរ​ភូមិន្ទ​ និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​​ ព្រមទាំងមានការណែនាំដោយផ្ទាល់ពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ​ និងក្រោម​ការដឹកនាំ​បញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស សហការជាមួយ​ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ(ស.ស.យ.ក) បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើងជាពិសេស​​ ផ្សព្វផ្សយ​អំពីលេខទូរសព្ទ​អន្តរាគមន៍សង្គ្រោះ​បន្ទាន់1292​​ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅសាលាវិទ្យាល័យស្លាបលែង ស្ថិតក្នុងភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមសហការពី គណៈ​គ្រប់គ្រង​សាលា​ លោកគ្រូ​​​ អ្នកគ្រូ​ សិ​ស្សានុសិស្ស​សរុបចំនួន ១៣៣៥នាក់ (ស្រី៦៧៥នាក់) និងលោកគ្រូសរុបចំនួន៤៨នាក់ (ស្រី១៨នាក់) ផងដែរ។

ក្នុង​ពេលនោះដែរ​ ក្រុមការងារជំនាញកងរាជ​អាវុធហត្ថ​ ក៏បានផ្សព្វផ្សាយពន្យល់ប្រាបអំពីផលប៉ះពាល់នៃគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង​ ជាពិសេសបន្តផ្សព្វផ្សាយនូវលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ផងដែរ ដល់លោកគ្រូ​​ អ្នកគ្រូ​ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៌មាន ដោយបាន​ណែនាំ​ពន្យល់​ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292​​​ ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌល​ប្រតិបត្តិ​ការ​ បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ (២៤ម៉ោងលើ២៤ម៉ោង)។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានជូនដំណឹងថា បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ហើយត្រូវការ អន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមទំនាក់ទំនងមកលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HotLine) 1292 (ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង) ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp និងតាមរយៈលេខទូរសព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ផងដែរថា សម្រាប់​មួយរយៈពេល​កន្លងមកនេះ បន្ទាប់​ពីបានដាក់ឲ្យតំណើរការមក តាមរយៈ​លេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ប្រជាពលរដ្ឋ​បានទំនាក់ទំនងមកកាន់ ក្រុមការងារប្រចាំការ២៤ម៉ោងលើ២៤ម៉ោង របស់បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​​ជាបន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​មាន​ដូចជា​៖ករណី​ហិង្សា​, ករណី​បែកថ្នាំអុកឡុកគ្រួសារ និងអ្នកជិតខាង, ករណី​ចាក់ធុងបាស់រំខានអ្នកជិតខាងពេលអធ្រាត, ករណីលួចគាស់ផ្ទះ, ករណី​ក្មេង​ទំនើង​, ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗជាច្រើនទៀតដែលប្រជាពលរដ្ឋត្រូវការជួយអន្តរាគមន៍ជាចាំបាច់ផងដែរ​​៕