ធនាគារជាតិនៃកម្ពុជា សុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាព សម្របសម្រួលសំណើរការលើកលែងទូទាត់សងឥណទានពីអតិថិជន ដល់ជូនយោធិនជួរមុខជាមុនសិន

01-01-2026 20:28

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី សុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាព សម្របសម្រួលសំណើរការ លើកលែងទូទាត់សងឥណទានពីអតិថិជន ផ្ដល់ជូនយោធិនជួរមុខជាមុនសិន ដើម្បីលើកទឹកចិត្ត យោធិនជួរមុខ ដែលបំពេញបេសកកម្មការពារ បូរណភាពទឹកដី ក្នុងសមរភូមិប្រយុទ្ធ។

យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីណែនាំ លេខ ធ៣៧-០២៥-០២៧ សកណន ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ស្តីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពី ជម្លោះព្រំដែនកម្ពុជា-ថៃ។ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញថា ការដាក់ពាក្យស្នើសុំការលើកលែង ទូទាត់សងឥណទានពីអតិថិជនដែលជាយោធិន និងជាជនភៀសសឹក មានការកើនឡើងកាន់តែច្រើន ដែលជាហេតុធ្វើឱ្យដំណើរការ នៃការសម្របសម្រួលសំណើទាំងនោះមានការយឺតយ៉ាវពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «អាស្រ័យហេតុនេះ ដើម្បីលើកទឹកចិត្ត ដល់យោធិនជួរមុខដែលបំពេញបេសកកម្មការពារ បូរណភាពទឹកដី ក្នុងសមរភូមិប្រយុទ្ធ ធនាគារជាតិនៃកម្ពុជា ស្នើសុំការអនុគ្រោះពីបងប្អូនជនភៀសសឹកទាំងអស់ ដោយផ្តល់អាទិភាពសម្របសម្រួលសំណើរបស់យោធិនជួរមុខជាមុនសិន»

ទន្ទឹមនេះសម្រាប់យោធិន ជួរមុខដែលបានដាក់ពាក្យស្នើសុំការលើកលែងរួចរាល់ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតប ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សូមទាក់ទងមកលេខទូរស័ព្ទហត់ឡាញរបស់ធនាគារជាតិនៃកម្ពុជា ទីស្នាក់ការកណ្តាលដែលមានលេខ ០៨៥ ៦០០ ០០២/ ០៨៥ ៦០០ ០០៣/ ០៩៨ ២២០ ០០១/ ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕

សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖