វិចារណកថា៖ សង្គ្រាម និង បរិស្ថាន

02-01-2026 11:24

(ភ្នំពេញ)៖ សង្គ្រាមឈ្លានពាននាំមកនូវការប្រព្រឹត្តឧក្រិដ្ឋកម្មបរិស្ថាន សង្គ្រាមឈ្លានពានដោយប្រើកម្លាំងយោធា ដើម្បីរំលោភបំពាន​បូរណ​ភាព​ទឹកដីនៃរដ្ឋអធិបតេយ្យមួយទៀត គឺមិនត្រឹមតែជាការរំលោភសិទ្ធិ​មនុស្ស និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ តែជាអំពើឧក្រិដ្ឋប្រឆាំងនឹង​បរិស្ថាន​ផងដែរ។

សកម្មភាពទាំងអស់នេះបានបង្កឱ្យមានការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងទ្រង់ទ្រាយធំ និងមានលក្ខណៈ​យូរ​អង្វែង ហើយឈានដល់មិនអាចស្តារមកវិញបានឡើយ។ ផលប៉ះពាល់​ទាំងនេះ មិនបញ្ចប់ត្រឹមតំបន់សមរភូមិនោះទេ ប៉ុន្តែអាចបន្តរយៈពេល​ជាច្រើនជំនាន់។ ការឈ្លានពានដែលជាអំពើឧក្រិដ្ឋកម្មបរិស្ថាននេះ គឺ​ទាមទារចាំបាច់ឲ្យមានការទទួលខុសត្រូវលើការការពារបរិស្ថាននិងធនធាន​ធម្មជាតិ និងការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងពេលមានជម្លោះ រួមទាំងបន្ថែមនូវការប្តេជ្ញាចិត្តសកលចំពោះសន្តិភាព ដើម្បី​ពង្រឹងការ​អនុវត្ត​ច្បាប់ និងធានាចីរភាពបរិស្ថាននិងធនធានធម្មជាតិសម្រាប់​មនុស្ស​ជំនាន់ក្រោយនិងពេលអនាគត។

១៖ ការបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងទីជម្រកធម្មជាតិ

ប្រតិបត្តិការយោធា ដែលបង្កជាសង្គ្រាម គឺជាមូលហេតុសំខាន់មួយ​នាំឱ្យ​មានការបំផ្លាញប្រព័ន្ធអេកូឡូស៊ីនិងទីជម្រកធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ ការ​ប្រើ​ប្រាស់សព្វាអាវុធធន់ធ្ងន់ ការបាញ់ផ្សែងពុល ការបំផ្ទុះគ្រាប់បែក និង​សកម្មភាពយោធានានា បានបំផ្លាញព្រៃឈើ ដីស្រែ ទន្លេ និងតំបន់​សមុទ្រ ដែលជាមូលដ្ឋានសម្រាប់ជីវិតរបស់មនុស្ស សត្វព្រៃ និងមច្ឆ​ជាតិ​។ ពេលប្រព័ន្ធអេកូឡូស៊ីត្រូវបានបំផ្លាញ សមតុល្យធម្មជាតិ ក៏ដួល​រលំ​បណ្ដាល​ឱ្យបាត់បង់ជីវៈចម្រុះ និងការផុតពូជសត្វ និងរុក្ខជាតិជាច្រើន​ប្រភេទ។ ក្រៅពីការបំផ្លាញដោយផ្ទាល់ សង្គ្រាមក៏បង្កការ​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរផងដែរ។ សំណល់អាវុធ សារធាតុគីមី ប្រេង និងសម្ភារៈ​យោ​ធា​ផ្សេងៗ អាចជ្រៀតចូលទៅក្នុងដី និងប្រភពទឹក បង្កគ្រោះថ្នាក់ដល់​សុខ​ភាពមនុស្ស និងសត្វ។ ការបំផ្លាញទីជម្រកធម្មជាតិ ធ្វើឱ្យសត្វព្រៃ​ខ្វះ​ជម្រករស់នៅ និងអាហារ បង្ខំឱ្យមានការផ្លាស់ទី ឬត្រូវស្លាប់បាត់បង់។ ជា​មួយគ្នានេះ សហគមន៍មនុស្សដែលអាស្រ័យលើធនធានធម្មជាតិ ក៏រង​ផល​ប៉ះពាល់ដូចគ្នា ដោយបាត់បង់ដីធ្លីកសិកម្ម និងជីវភាពប្រចាំថ្ងៃ។ ផល​វិបាកទាំងនេះអាចបន្តពីជំនាន់មួយទៅជំនាន់មួយ បង្កជា​បញ្ហា​បរិ​ស្ថាន សង្គម និងសេដ្ឋកិច្ចយ៉ាងស្មុគស្មាញ។

២៖ ការបំពុលដី អាកាស ទឹក និងសំឡេង

សង្គ្រាមឈ្លានពានជាមូលហេតុដ៏សំខាន់មួយដែលបង្កការបំពុលបរិស្ថានក្នុងទ្រង់ទ្រាយធំ ជាពិសេស លើ ដី ដែនអាកាស និងទឹក។ ការប្រើប្រាស់​អាវុធ ការបំផ្ទុះគ្រាប់បែក សកម្មភាពយោធា និងសំណល់សង្គ្រាម បាន​បញ្ចេញសារធាតុពុលចូលទៅក្នុងធម្មជាតិ បង្កផលប៉ះពាល់យូរអង្វែង​ដល់​សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងជីវភាពសហគមន៍។ ​

- ការបំពុលដី កើតឡើងពីសំណល់អាវុធ គ្រាប់មិនទាន់ផ្ទុះ សារធាតុគីមី និងប្រេងពីយានយន្តរបស់យោធា។ សារធាតុទាំង​នេះអាចជ្រៀត​ចូលទៅ​ក្នុងដី បំផ្លាញគុណភាពដីកសិកម្ម ធ្វើឱ្យដំណាំលូតលាស់មិនបានល្អ និង​បង្កហានិភ័យដល់សុវត្ថិភាពអាហារ។ នៅតំបន់ជាច្រើន ការបំពុលដី​ដោយ​​សំណល់សង្គ្រាម អាចបន្តរាប់សិបឆ្នាំ ហើយពិបាកសម្អាត​ឱ្យ​ស្អាត​វិញ។

- ការបំពុលអាកាស កើតឡើងពីលម្អង និងឧស្ម័នគីមីពុល ដែល​បាន​បាញ់​ស្រោចពីយន្តហោះចម្បាំង ឬបញ្ចេញពីការបំផ្ទុះ និងការដុត​សម្ភារៈ​យោធា។ ផ្សែងពុល និងធូលីល្អិតអាចប៉ះពាល់ដល់​ប្រព័ន្ធផ្លូវដង្ហើម​នឹង បង្កជំងឺរ៉ាំរ៉ៃ។ ការបំពុលអាកាសក៏អាចរាលដាលឆ្ងាយពីតំបន់សង្គ្រាម តាម​រយៈខ្យល់ បង្កផលប៉ះពាល់ដល់តំបន់ជិតខាងផងដែរ។

- ការបំពុលទឹក គឺជាបញ្ហាធ្ងន់ធ្ងរមិនអាចមើលរំលងបាន។ ប្រេង សារ​ធាតុ​គីមី និងសំណល់ សង្គ្រាមអាចហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ​ដែលមនុស្សនិងសត្វពឹងអាស្រ័យ ដូចជាទន្លេ បឹង និងសមុទ្រ បំផ្លាញ​ជីវិតសត្វទឹក និងធ្វើឱ្យប្រភពទឹកស្អាតក្លាយជាមិនសុវត្ថិភាព​សម្រាប់​ប្រើ​ប្រាស់។ សហគមន៍ដែលអាស្រ័យលើទឹកសម្រាប់ផឹក កសិកម្ម និងនេ​សាទ តែងរងផលប៉ះពាល់យ៉ាងខ្លាំង ព្រមទាំងមានហានិភ័យ​ជំងឺឆ្លង​ផ្សេងៗ។

- ការបំពុលដោយសំឡេង គឺជាបញ្ហាបរិស្ថានមួយដែលកើតឡើង​នៅ​ពេល​មានសំឡេងខ្លាំងលើសកម្រិតធម្មតា ហើយប៉ះពាល់ដល់សុខភាព​មនុស្ស សត្វ និងបរិស្ថានជុំវិញ។ ក្នុងស្ថានភាពសង្គ្រាម ការបំពុលដោយ​សំឡេងកើតមានយ៉ាងខ្លាំង ពិសេសពីការបំផ្ទុះគ្រាប់បែក កាំភ្លើងធន់ធ្ងន់ និងការហោះហើររបស់យន្តហោះចម្បាំង។ ការបំផ្ទុះគ្រាប់បែក ស្នូរកាំភ្លើង​ធន់ធ្ងន់ និងសំឡេងយន្តហោះចម្បាំង បង្កសំឡេងខ្លាំងបំផុត ដែល​អាច​ឮឆ្ងាយជាច្រើនគីឡូម៉ែត្រ។ សំឡេង បែបនេះអាចធ្វើឱ្យ​មនុស្សមាន​អារម្មណ៍​ភ័យខ្លាច ធុញថប់ ស្ត្រេស និងបាត់បង់សមត្ថភាពស្តាប់ជា​បណ្ដោះ​អាសន្ន ឬយូរអង្វែង។ ចំពោះសត្វព្រៃ សំឡេងផ្ទុះអាច​រំខាន​ដល់​ការរស់នៅធម្មតា បណ្តាលឲ្យពួកសត្វព្រៃរត់គេចចេញពីទីជម្រក បាត់​បង់​ទីកន្លែងស្វែងរកអាហារ និងការបន្តពូជ។

៣៖ ការធ្វើអាជីវកម្ម និងការរំលោភបំពានធនធានធម្មជាតិ
កងកម្លាំង​ទ័ពឈ្លានពាន ជាញឹកញាប់លួចយក ឬប្រើប្រាស់ធនធាន​ធម្ម​ជាតិ ដូចជាសត្វព្រៃ ឈើ រ៉ែ ប្រេង និងទឹក ដើម្បីគាំទ្រប្រតិបត្តិការយោ​ធា ឬរកប្រាក់ចំណេញ។ ការកាប់ឈើខុសច្បាប់ ការជីករ៉ែដោយគ្មានការ​ត្រួត​ពិនិត្យតាមបទដ្ឋាន និងការទាញយកប្រេង បង្កឱ្យបរិស្ថាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ និងការដកហូតធនធានចាំបាច់ពីសហគមន៍មូលដ្ឋាន ដែល​ធ្វើឱ្យ​ជម្លោះសង្គ្រាមអូសបន្លាយមិនចេះចប់។ ការការពារ និងចូលរួម​ថែ​រក្សាធនធានធម្មជាតិ ក្នុងពេលសង្គ្រាម គឺជាការធានានូវអាយុជីវិត​រស់​នៅរ​បស់មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី បន្តរហូតដល់ជំនាន់ក្រោយ បន្ទាប់ពីពេលសង្គ្រាមត្រូវបានបញ្ចប់។

៤៖ ផលប៉ះពាល់ដល់សត្វព្រៃ និងជីវៈចម្រុះ

ការរំ​ខានដោយសំឡេងអាវុធយោធា ការបំផ្លាញទីជម្រក និងការ​ផ្លាស់​ទី​ប្រជាជន នឹងបង្កឲ្យមានការភ័យខ្លាចដល់ការរស់នៅរបស់សត្វព្រៃ និង​ផុតពូជសម្រាប់ប្រភេទងាយរងគ្រោះនិងជិតផុតពូជ ដែលសកម្មភាព​ទាំង​អស់នេះនឹងបង្កឱ្យពួកគេគេចខ្លួន ឬឈានដល់ការស្លាប់។ តំបន់​ការ​ពារ​ធម្មជាតិ និងឧទ្យានជាតិ ដែលជារបៀងអភិរក្ស ជារឿយៗត្រូវបាន​ក្លាយ​ជាសមរភូមិ ឬតំបន់គ្មានសណ្តាប់ធ្នាប់ និងពិបាកក្នុងការ​គ្រប់គ្រង​និងការពារ ដែលជាទូទៅបណ្តាលឲ្យមានការលួចបាញ់សត្វ និងការបាត់​បង់ប្រភេទសត្វកម្រច្រើន។ ការបាត់បង់ជីវៈចម្រុះទាំងអស់នេះ នឹងធ្វើឱ្យ​ប្រព័ន្ធ​អេកូឡូស៊ីចុះខ្សោយ ហើយពិបាកស្តារឡើងវិញ។ សង្គ្រាម គឺជា​បញ្ហា​ធ្ងន់ធ្ងរមួយដែលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស សង្គម និងបរិស្ថាន​។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ និងកម្មវិធី​បរិ​ស្ថាន​សហ​ប្រជាជាតិ (UNEP) បានបញ្ជាក់ថា សង្គ្រាមមិនត្រឹម​តែ​បង្ក​ការបាត់បង់ជីវិតមនុស្សទេ ប៉ុន្តែថែមទាំងបំផ្លាញសត្វព្រៃ និងជីវៈចម្រុះ​យ៉ាងធ្ងន់ធ្ងរ ដែលមានឥទ្ធិពលយូរអង្វែងលើប្រព័ន្ធអេកូឡូស៊ី។ សង្គ្រាម​បណ្តាលឲ្យមានការបំផ្លាញទីជម្រកធម្មជាតិរបស់សត្វព្រៃ។ ការបំផ្ទុះ​គ្រាប់​បែក ការសាងសង់មូលដ្ឋានយោធា និងការកាប់ព្រៃ បានធ្វើឱ្យ​ព្រៃ​ឈើ ដីសើម និងតំបន់ការពារធម្មជាតិជាច្រើនត្រូវរងការខូចខាត។ យោង​តាម UNEP ការបាត់បង់ទីជម្រកធម្មជាតិ ជាមូលហេតុសំខាន់​ដែលធ្វើ​ឱ្យ​សត្វព្រៃជាច្រើនប្រភេទថយចុះ ឬជិតផុតពូជ។ បន្ថែមពីនេះ សង្គ្រាម​ក៏បង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ សំណល់អាវុធ សារធាតុគីមី និង​ប្រេងឥន្ធនៈពីសកម្មភាពយោធា អាចបំពុលដី ទឹក និងខ្យល់។ ឯកសារ​របស់ UNEP បានបញ្ជាក់ថា ការបំពុលទាំងនេះធ្វើឱ្យសត្វទឹក និង រុក្ខ​ជាតិ​ជាច្រើនស្លាប់ ហើយបំផ្លាញខ្សែសង្វាក់អាហារ​នៅក្នុងប្រព័ន្ធ​អេកូឡូ​ស៊ី។ លើសពីនេះទៀត សង្គ្រាមធ្វើឲ្យការគ្រប់គ្រងធនធានធម្មជាតិ និង​តំបន់អភិរក្សអសកម្ម។ នៅតំបន់មានជម្លោះ អាជ្ញាធរមិនអាច អនុវត្ត​ច្បាប់​ការពារសត្វព្រៃបានល្អ ដែលបណ្ដាលឲ្យមានការប្រមាញ់ និងជួញ​ដូរសត្វព្រៃខុសច្បាប់កើនឡើងនឹងនាំឲ្យជីវៈចម្រុះបាត់បង់យ៉ាងឆាប់រហ័ស។

៥៖ ផលប៉ះពាល់យូរអង្វែងដល់អាកាសធាតុ និងសុខភាព

ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីសកម្មភាពនៃសង្គ្រាម បាន​រួមចំណែកដល់ការ ប្រែប្រួលអាកាសធាតុក្នុងតំបន់ និងសកល​តាម​រយៈ​ការកាប់បំផ្លាញព្រៃឈើក្នុងការបម្រើក្នុងសកម្មភាពយោធា ភ្លើងឆេះ​ព្រៃ​ និងសម្ភារៈសឹកសង្គ្រាម ការដុតប្រេងឥន្ទនៈ និងអាវុធផ្ទុក​សារធាតុ​គីមី និងវិទ្យុសកម្ម ការប្រើប្រាស់យន្តហោះចម្បាំង រថក្រោះ និងនាវា​ចម្បាំង ការទម្លាក់គ្រាប់បែកបានបង្កឲ្យមានវិបត្តិអាកាសធាតុ រួមមាន​គ្រោះ​ធម្មជាតិ គ្រោះរាំងស្ងួត កង្ខះខាតធនធាន (ជីវជាតិដី ទឹក បំពុល​ខ្យល់ រំខានដល់ស្រទាប់អូស្សូន ការកើនឡើងនូវកម្តៅរបស់ផែនដី) និង​បង្កឱ្យមានហានិភ័យនៃជំងឺកម្រិតធ្ងន់ និងស្រួចស្រាល ដូចជាជំងឺ​មហា​រីក ពិការភាពពីកំណើត ជំងឺសើស្បែកធ្ងន់ធ្ងរ ជំងឺផ្លូវដង្ហើម ខូចតម្រង​នោម ជំងឺផ្លូវចិត្ត ប្រព័ន្ធការពាររាងកាយចុះខ្សោយ ការផ្លាស់ប្តូរហ្សែន​ និង​កោសិកា ជំងឺឆ្លង កង្វះអាហារូបត្ថម្ភជាដើម។

ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ លំនៅដ្ឋាន ដោយសារសង្គ្រាមឈ្លានពានបង្កឲ្យមានកង្វះអាហារ និងកង្វះទឹកស្អាត អនា​ម័យ និងជំងឺ បានដាក់បន្ទុកបន្ថែមលើប្រទេសអភិវឌ្ឍន៍តិច​តួចដូច​ជា​ប្រទេសកម្ពុជា ក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

៦៖ ការរំលោភកាតព្វកិច្ចការពារបរិស្ថាន

បទដ្ឋាន​គតិយុត្តអន្តរជាតិស្តីពីបរិស្ថានទាំងឡាយ មិនត្រូវបាន​គោរព​នៅ​ពេលមានការឈ្លានពានដោយប្រដាប់អាវុធ ដើម្បីសម្រេច​គោលដៅ​យោ​ធា​របស់គេ។ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងនេះ ប្រទេស​នា​នា ​គួរតែគោរពច្បាប់អន្តរជាតិ ពង្រឹងការយកចិត្តទុកដាក់លើបរិស្ថាន ទោះ​ស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ។ ការការពារបរិស្ថាន គឺជាការការ​ពារ​ជីវិត និងអនាគតរបស់មនុស្សជាតិទាំងមូល។

៧៖ ច្បាប់ និងគោលការណ៍អន្តរជាតិទាក់ទងនឹងបរិស្ថាន និងសង្គ្រាម

ច្បាប់អន្តរជាតិផ្តល់ការការពារសំខាន់ៗសម្រាប់បរិស្ថានធម្មជាតិក្នុងអំឡុង​ពេលជម្លោះប្រដាប់អាវុធ។ ការការពារទាំងនេះត្រូវបានឆ្លុះ​បញ្ចាំង​នៅ​ក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ និងគោល​ការណ៍​បរិស្ថានសំខាន់ៗ ដូចដែលបានរៀបរាប់ខាងក្រោម៖

ក. ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law - IHL)
ក្នុងក្របខ័ណ្ឌនៃច្បាប់មនុស្សធម៌អន្តរជាតិ ពិធីសារបន្ថែមទី I (1977) នៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ 1949 ផ្តល់នូវការការពារជាក់លាក់​សម្រាប់​​បរិស្ថានធម្មជាតិ។
- មាត្រា ៣៥(៣): ត្រូវបានហាមឃាត់ ការប្រើប្រាស់វិធីសាស្ត្រ ឬមធ្យោ​បាយ​សង្គ្រាមដែលមានចេតនា ឬដោយការរំពឹងទុក ដែលនឹងបង្ក​ការ​ខូច​ខាតយ៉ាងទូលំទូលាយ ដល់បរិស្ថានធម្មជាតិរយៈពេលវែង និងធ្ងន់ធ្ងរ។
- មាត្រា៥៥(១)៖ ត្រូវយកចិត្តទុកដាក់ក្នុងពេលសង្គ្រាម ដើម្បីការពារ​បរិ​ស្ថានធម្មជាតិពីការខូចខាតរយៈពេលវែង និងធ្ងន់ធ្ងរដោយសារ​សង្គ្រាម​។ ការវាយ​ប្រហារប្រឆាំងនឹងបរិស្ថានធម្មជាតិតាមរយៈការ​សងសឹកត្រូវ​បានហាមឃាត់។

ខ. ច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Law - ICL)
យោងតាមមាត្រា 8(2) (ខ)(iv) នៃលក្ខន្តិកៈទីក្រុងរ៉ូមនៃតុលាការ​ព្រហ្ម​ទណ្ឌអន្តរជាតិ ការបើកការវាយប្រហារដោយចេតនា​ដោយដឹងថា ការ​វាយប្រហារបែបនេះនឹងបណ្តាលឲ្យមានការបាត់បង់ជីវិត ឬរបួសដោយ​ចៃ​ដន្យដល់ជនស៊ីវិល ការខូចខាតដល់សម្ភារៈរបស់ជនស៊ីវិល ឬការខូច​ខាតខ្ទេចខ្ទីនិងធ្ងន់ធ្ងររយៈពេលវែងដល់បរិស្ថានធម្មជាតិ ទាក់ទងនឹង​អត្ថ​ប្រយោជន៍យោធាជាក់ស្តែង និងផ្ទាល់ដែលបានរំពឹងទុក គឺជាឧក្រិដ្ឋ​កម្ម​សង្គ្រាម។

គ. គោលការណ៍បរិស្ថាន (Environmental principles)
គោល​ការណ៍​ទី 24 នៃសេចក្តីប្រកាសទីក្រុងរីយ៉ូ ស្តីពីបរិស្ថាន និងការអ​ភិ​វឌ្ឍ (ឆ្នាំ 1992) ទទួលស្គាល់ថា សង្គ្រាមគឺជាការបំផ្លិចបំផ្លាញដល់ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព។ ដូច្នេះ រដ្ឋនានាត្រូវបានតម្រូវឱ្យ​គោរព​ច្បាប់​អន្តរជាតិ ដែលផ្តល់ការការពារបរិស្ថានក្នុងអំឡុងពេលជម្លោះ​ប្រដាប់​អាវុធ និងត្រូវសហការក្នុងការអភិវឌ្ឍបន្ថែមទៀត តាមការចាំបាច់។

៨. សេចក្ដីសន្និដ្ឋាន និងការអំពាវនាវ

ជាសារវ័ន្ត សង្គ្រាមមិនដែលនាំមកនូវផលវិជ្ជមានដល់បរិស្ថានទេ វាតែង​បង្ក​នូវវិនាសកម្មទាំងសត្វ និងទាំងមនុស្សជាតិទាំងមូល។ ក្នុងន័យនេះ រាល់ជម្លោះទាំងអស់ គប្បីប្រើយន្តការចរចា និងគោលការណ៍ច្បាប់ មក​ដោះស្រាយដោយសន្តិវិធី ដើម្បីរក្សាឱ្យខាងតែបាននូវសន្តិភាព និងសុខ​ដុម​រមនីយកម្ម រវាងមនុស្សនឹងមនុស្ស និងមនុស្សនឹងធម្មជាតិ។ ការការ​ពារបរិស្ថានក្នុងពេលមានជម្លោះ មិនមែនជាជម្រើសនោះទេ ប៉ុន្តែវាជា កាតព្វកិច្ចមនុស្សធម៌។ យើងត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់អន្តរជាតិ និងបង្កើនការប្តេជ្ញាចិត្តសកលចំពោះសន្តិភាព៕

EDITORIAL: AGGRESSIVE WARS LEAD TO ENVIRONMENTAL CRIMES
Aggressive wars, using military force to violate the territorial integrity of another sovereign state, are not only violations of human rights and international law, but also crimes against the environment. All of these actions have caused widespread, long-term, and irreversible damage to ecosystems, pollution, and biodiversity. These impacts are not limited to the battlefield, but can persist for generations. Aggression, an environmental crime, is needed to demand greater responsibility for the protection of the environment and natural resources and greater attention during conflict, as well as to strengthen global commitments to peace, to strengthen the rule of law, and to ensure the sustainability of the environment and natural resources for present and future generations.

1. Destruction of Ecosystems and Natural Habitats
Military operations that cause war are a major cause of severe destruction of ecosystems and natural habitats. The use of heavy weapons, toxic fumes, bombings and other military activities have destroyed forests, farmlands, rivers and seas, which are the basis for human wildlife life and aquatic life. When ecosystems are destroyed, the natural balance collapses, causing the loss of biodiversity and the extinction of many species of animals and plants. In addition to direct damage, war also causes serious environmental pollution. Weapons, chemical, oil and other military waste can seep into the soil and water sources, endangering human and animal health. The destruction of natural habitats deprives wildlife of their habitat and food, forcing them to move or die. At the same time, human communities that depend on natural resources are also affected by the loss of land, agriculture and daily livelihoods. These consequences can continue from generation to generation, causing complex environmental, social and economic problems.

2. Land, Air and Water Pollution
Warfare is a major cause of large-scale environmental pollution, especially on land, air and water. The use of weapons, bombing, military activities and remnants of war have released toxic substances into the environment, causing long-term impacts on human health, ecosystems and community livelihoods.
Land pollution occurs from weapons residues, unexploded ordnance, chemicals and oil from military vehicles. These substances can leach into the soil, damaging agricultural soil quality, causing crop failure and posing a risk to food security. In many areas, soil contamination by remnants of war can persist for decades and is difficult to clean up.
Air pollution occurs from pollen and toxic chemical gases sprayed from warplanes or emitted from the detonation and burning of military equipment. Toxic fumes and dust can affect the respiratory system and cause chronic diseases. Air pollution can also spread far from war zones through the air, affecting nearby areas.

Water pollution is a serious problem that cannot be ignored. Oil, chemicals, and war debris can flow into natural water sources that people and animals depend on, such as rivers, lakes, and oceans, destroying aquatic life and making fresh water sources unsafe for consumption. Communities that depend on water for drinking, agriculture, and fishing are often severely affected, and are at risk of infectious diseases.

Noise pollution is an environmental problem that occurs when noise levels exceed normal levels and affect the health of people, animals, and the surrounding environment. In war situations, noise pollution is particularly severe, especially from bombs, heavy artillery, and fighter jets. Bombs, heavy artillery, and fighter jets produce extremely loud sounds that can be heard for miles. Such sounds can cause people to feel scared, stressed, and temporarily or permanently lose their hearing. For wildlife, the noise of explosions can disrupt their normal lives, causing them to flee their habitats, lose their places to find food, and reproduce.

3. Exploitation and Abuse of Natural Resources
Invading forces often steal or exploit natural resources such as wildlife animals, timber, minerals, oil, and water to support military operations or for profit. Illegal logging, unregulated mining, and oil extraction cause severe environmental damage and deprive local communities of essential resources, which perpetuates conflict. Protecting and conserving natural resources during wartime is essential to ensuring the survival of people, animals, and ecosystems for generations to come after the war is over.

4. Impact on Wildlife and Biodiversity
Disturbance by military weapons, destruction of habitats and displacement of people will cause fear for wildlife and extinction for vulnerable and endangered species, all of which will cause them to flee or die. Protected areas and national parks, which are conservation corridors, are often turned into battlefields or unregulated areas that are difficult to manage and protect, which often results in poaching and the loss of many rare species. All this loss of biodiversity will weaken ecosystems and make them difficult to restore. War is a serious problem that has a huge impact on people, society and the environment. According to a report by the United Nations and the United Nations Environment Programme (UNEP), war not only causes human loss of life, but also severely damages wildlife and biodiversity, which has a long-term impact on ecosystems. War leads to the destruction of wildlife habitats. Bombing, the construction of military bases and deforestation have damaged forests, wetlands and protected areas. According to UNEP, habitat loss is a major cause of many wildlife species declining or becoming extinct. In addition, war also causes serious environmental pollution. Weapons, chemical and fuel residues from military activities can contaminate soil, water and air. UNEP documents state that these pollutants kill many aquatic animals and plants and disrupt food chains in ecosystems. In addition, war undermines the management of natural resources and protected areas. In conflict areas, authorities are unable to effectively enforce wildlife protection laws, which leads to increased hunting and illegal wildlife trade, which will lead to rapid biodiversity loss.

5. Long-term impacts on climate and health
Greenhouse gas emissions caused by war activities contribute to regional and global climate change through deforestation for military purposes, forest fires and munitions, burning of fossil fuels and chemical and radioactive weapons, use of warplanes, tanks and warships, bombings have caused climate disasters including natural disasters, droughts, resource depletion (soil and water, air pollution, ozone layer depletion, global warming) and pose risks of serious and acute diseases such as cancer, birth defects, severe skin diseases, respiratory diseases, kidney damage, mental illness, weakened immune systems, genetic and cellular mutations, infectious diseases, malnutrition, etc. The destruction of infrastructure such as bridges, roads, hospitals, housing due to the ongoing war has caused food shortages and lack of clean water, sanitation and disease, placing additional burdens on less developed countries like Cambodia in adapting to climate change.

6. Violation of Environmental Protection Obligations
International legal norms on the environment are not respected when armed conflict is used to achieve military objectives. To reduce these negative impacts, countries should respect international law and strengthen environmental protection, even in conflict situations. Protecting the environment is protecting the lives and future of all humanity.

7. International Law and Principles Concerning the Environment and Warfare
International law provides important protections for the natural environment during armed conflict. These protections are reflected in international humanitarian law, international criminal law, and key environmental principles, as outlined below:

7.1. International Humanitarian Law (IHL)
Within the framework of International Humanitarian Law, Additional Protocol I (1977) to the 1949 Geneva Conventions provides specific protections for the natural environment:
• Article 35(3): It is prohibited to employ methods or means of warfare that are intended, or may be expected, to cause widespread, long-term, and severe damage to the natural environment.
• Article 55(1): Care shall be taken in warfare to protect the natural environment against widespread, long-term, and severe damage. Attacks against the natural environment by way of reprisals are prohibited.

7.2. International Criminal Law (ICL)
Under Article 8(2)(b)(iv) of the Rome Statute of the International Criminal Court, it constitutes a war crime to intentionally launch an attack in the knowledge that such attack will cause incidental loss of life or injury to civilians, damage to civilian objects, or widespread, long-term, and severe damage to the natural environment, where such damage would be clearly excessive in relation to the concrete and direct overall military advantage anticipated.

7.3. Environmental Principles
Principle 24 of the Rio Declaration on Environment and Development (1992) recognizes that warfare is inherently destructive to sustainable development. States are therefore required to respect international law that provides protection for the environment during armed conflict and to cooperate in the further development of such law, as necessary.

8. Conclusion and Call to Action
Fundamentally, war never yields positive outcomes for the environment; rather, it inevitably inflicts catastrophic destruction upon both wildlife and humanity as a whole. In this regard, all conflicts should be resolved through negotiation mechanisms and legal principles to achieve peaceful settlements. This is essential to preserve enduring peace and foster harmony between humans, as well as between humanity and the natural world. Protecting the environment during times of conflict is not merely an option—it is a humanitarian obligation. We must collectively strengthen the enforcement of international law and enhance our global commitment to peace to ensure environmental sustainability and the protection of natural resources for future generations.

ដោយ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន