វីរយុទ្ធជន ពុំ ស្មៃ ពលីលើសមរភូមិ ទាំងទ្រនំសាងសង់មិនទាន់សម្រេចជូនកូន និងភរិយា
02-01-2026 12:16
(ក្រចេះ)៖ អនុសេនីយ៍ ពុំ ស្មៃ ជាវីរយុទ្ធជនដ៏អង់អាចក្លាហានមួយរូប ដែលបានពលីជីវិតនៅលើសមរភូមិអានសេះ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននាស្រុកកំណើត ក្នុងភូមិភ្នំខៀវ ឃុំអូរគ្រៀងសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ពុំ ស្មៃ បានចូលបំពេញការងារជាយោធានៅឆ្នាំ២០១៨ ដែលមកទល់នឹងរូបគេពលីជីវិតលើសមរភូមិនេះ រូបគេបានបំពេញការងារជាយោធាជិត១០ឆ្នាំមកហើយ។
អនុសេនីយ៍ ពុំ ស្មៃ មានវ័យ២៧ឆ្នាំ ត្រូវបានអង្គភាពចាត់ឱ្យទៅឈរជើងការពារទឹកដីនៅសមរភូមិទិសអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាំងពីមុនពេលផ្ទុះសង្គ្រាមលើកទី១មកម្ល៉េះ។ ក្នុងសង្គ្រាមឈ្លានពានលើកទី១ចន្លោះពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ពុំ ស្មៃ បានប្រយុទ្ធដ៏អង់អាចក្លាហានបំផុតជាមួយសត្រូវឈ្លាន ដើម្បីការពារទឹកដី។
ជាអកុសលនៅក្នុងសង្គ្រាមឈ្លានពានលើកទី២ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ពុំ ស្មៃ ត្រូវកងទ័ពថៃឈ្លានពាន បាញ់ប្រហារបណ្តាលឱ្យស្លាប់បាត់បង់ជីវិត។
ការពលីរបស់ ពុំ ស្មៃ បន្សល់នូវកិត្តិយសដ៏ធំធេងបំផុតសម្រាប់ខ្លួនរបស់គេ និងក្រុមគ្រួសារ ព្រោះជាការពលីក្នុងបុព្វហេតុការពារជាតិ និងទឹកដី។ បើទោះបីការពលីពោរពេញដោយកិត្តិយសយ៉ាងណាក្តី តែ ពុំ ស្មៃ មិនទាន់បានសម្រេចបំណងប្រាថ្នា និងការទទួលខុសត្រូវលើកាតព្វកិច្ចជាឪពុក និងស្វាមីដ៏ល្អនៅឡើយ។
មរណភាពរបស់ ពុំ ស្មៃ បានបន្សល់ទុកកូនស្រីពីររូបឱ្យរស់នៅកំព្រាឪពុក ជាមួយនឹងម្តាយដែលមិនមានមុខរបរអ្វីនោះឡើយ។ កូនស្រីច្បងមានអាយុ៦ឆ្នាំ និងកូនស្រីទី២ មានអាយុទើបជាង២ឆ្នាំ។ កាលនៅមានជីវិត ពុំ ស្មៃ បានប្រឹងប្រែងសន្សំប្រាក់បៀវត្សរ៍របស់ខ្លួន ដើម្បីធ្វើផ្ទះចូនកូនៗ និងភរិយាធ្វើជាជម្រក។
ផ្ទះតូចនេះ សាងសង់រយៈពេលប្រមាណ៣ឆ្នាំមកហើយ តែមិនទាន់រួចរាល់នៅឡើយទេ។ នៅពេលនេះ ពុំ ស្មៃ ជាស្មាបង្អែកគ្រួសារ ជាដៃឱបក្រសោបគ្រួសារនោះ បានពលីជីវិតទៅហើយ។ គ្រាដែលការពលីរបស់ ពុំ ស្មៃ ពោរពេញដោយមោទនភាព និងកិត្តិយស តែកូនៗ និងភរិយារបស់គេ ត្រូវបាត់បង្អែកជីវិត និងមិនអាចសម្រេចបំណងប្រាថ្នាសង់ផ្ទះដ៏កក់ក្តៅ។
នៅ ស្រីលាប ជាភរិយា ពុំ ស្មៃ បានរៀបរាប់ថា កាលនៅមានជីវិត ពុំ ស្មៃ ជាស្វាមី និងជាឪពុកដ៏ល្អ ហើយគេតែងសន្យាជាមួយកូន និងភរិយាថា នឹងសាងសង់ផ្ទះនេះឱ្យរួចរាល់ជាជម្រកដ៏កក់ក្តៅសម្រាប់កូន និងភរិយា។
បើតាម នៅ ស្រីលាប ផ្ទះដែល ពុំ ស្មៃ បានប្រឹងប្រែងសាងសង់នោះ សម្រេចទើបបានប្រមាណ៤០ភាគរយប៉ុណ្ណោះ ពោលបានប្រក់ដំបូល រៀបជញ្ជាំងឥដ្ឋមួយចំនួន ហើយមិនទាន់ចាក់សាបនៅឡើយ។
បងប្អូនមានបំណងប្រាថ្នាសម្រេចក្តីប្រាថ្នាវីរយុទ្ធជនដ៏អង់អាចក្លាហានរបស់កម្ពុជា សង់បង្ហើយផ្ទះសូមទាក់ទងភរិយារបស់ ពុំ ស្មៃ តាមទូរស័ព្ទលេខ៖ 097 577 6487 ឬបរិច្ចាគតាម QR ធនាគាររបស់ភរិយា ដែលភ្ជាប់នៅក្នុងអត្ថបទនេះ។
ការរួមចំណែករបស់បងប្អូន នឹងជួយឱ្យវិញ្ញាណក្ខន្ធរបស់ ពុំ ស្មៃ បានស្ងប់សុខ ព្រោះបានសម្រេចបំណងផ្តល់ជម្រកជូនកូន និងភរិយា៕









