អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងព្រះគ្រូចៅអធិការវត្តសម្ដេច នន្ទ ង៉ែត ប្រគល់អំណោយរបស់សប្បុរសជនជូនដល់ជនភៀសសឹក និងចាស់ជរា ៥០គ្រួសារ
02-01-2026 12:33
(កំពង់ឆ្នាំង)៖ លោក ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកស្រី និងព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ បាននាំយកអំណោយសប្បុរសធម៌ ដែលបានមកពីការចូលរួមរបស់ប្រជាពុទ្ធបរិស័ទ ប្រគល់ជូនដល់ប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានមកស្នាក់នៅមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជនចាស់ជរា ចំនួន ៥០គ្រួសារ ដើម្បីជួយសម្រួលការលំបាកបានមួយគ្រា។
ពិធីនេះបានធ្វើឡើងនាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពីព្រះមន្រ្តីសង្ឃស្រុក និងលោកស្រី ចរណាភិរ័ក្ខសិរីសិទ្ធា ទិត មាលា ញាណឡេង លោកស្រីសីលសទ្ធាភិរ័ក្ខសិរីទេពី ឡាយ ម៉ាលី និង អាជ្ញាធរមូលដ្ឋានជាច្រើ់ននាក់ទៀតផងដែរ។
នាឱកាសនោះព្រះសិរីមង្គលមុនី ម៉ុច សៅលី ក៏បានមានសង្ឃដីការ ប្រាប់ឱ្យប្រជាជនភៀសសឹក យកចិត្តទុកដាក់គិតគូរពីសុខភាព ឱ្យបានល្អ កុំមានការភិតភ័យ និងបារម្ភ ពេលមកស្នាក់នៅបណ្តោះអាសន្នក្នុងស្រុករលាប្អៀរ ដោយអាជ្ញាធរ បានយកចិត្តទុកដាក់ និងត្រៀមជួយជានិច្ច ហើយបើសិនមានបញ្ហាសុខភាពត្រូវប្រាប់ជាបន្ទាន់អាជ្ញាធរដែលប្រចាំការចាំជួយពលរដ្ឋផងដែរ។
ព្រះសិរីមង្គលមុនី ម៉ុច សៅលី មានសង្ឃដីការទៀតថា ថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ គឺមិនចង់បានសង្គ្រាមនោះឡេីង ដោយសារផលវិបាកនៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។
សូមបញ្ជាក់ដែរថា លោក ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកស្រី និងព្រះសិរីមង្គលមុនី ម៉ុច សៅលី បានប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋភៀសសឹក ក្នុងជនចាស់ជរា ក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ ២០គីឡូក្រាម មីខ្លាឃ្មុំ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកបរិសុទ្ធ ១កេស សារ៉ុង ១ និងថវិកា ៦ម៉ឺនរៀល៕






















