ប្រជាពលរដ្ឋភៀសសឹកចំនួន១៣៤០គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ទទួលបានអំណោយពីក្រុមហ៊ុន ម៉ាវ៉ល ហ្គាមិន ឯ.ក
02-01-2026 16:40
(ព្រះវិហារ)៖ លោក កូវ ប៊ុនប៉ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ បានដឹកនាំបុគ្គលិកផ្នែកធនធានមនុស្ស និងបុគ្គលិកមួយចំនួនទៀត នៃក្រុមហ៊ុន ម៉ាវ៉ល ហ្កាមិន ឯ.ក Marvel Garment Co,.LTD នាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ចែកជូនប្រជាពលរដ្ឋភៀសសឹកដោយសារសង្គ្រាម កំពុងស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ ស្រុកត្បែងមានជ័យ ក្រោមវត្តមានលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានគ្រប់គ្រងមណ្ឌលភៀសសឹក និងក្រុមការងារ។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក កូវ ប៊ុនប៉ ដល់បុគ្គលិកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុនម៉ាវ៉ល ហ្កាមិន ឯ.ក Marvel Garment Co,.LTD ព្រមទាំងក្រុមការងារ ដែលបាននាំយកអំណោយជួយដល់ប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនេះ។
លោក អ៊ុក គឹមសាន បានថ្លែងបញ្ជាក់ទៀតថា៖អំណោយដែលបាននាំយកមកប្រគល់នៅថ្ងៃនេះ គឺជាការចូលរួមចំណែកដ៏មានអត្ថន័យ ក្នុងការជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក លោកថា៖តាមរយៈសកម្មភាពសប្បុរសធម៌នេះ គឺបានបង្ហាញពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការចូលរួមទទួលខុសត្រូវចំពោះសង្គម ដែលជាកម្លាំងចិត្តដ៏សំខាន់ សម្រាប់ជួយឲ្យប្រជាពលរដ្ឋឆ្លងកាត់ការលំបាក។
នៅក្នុងឱកាសនេះ លោក កូវ ប៊ុនប៉ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋជាជនភៀសសឹករបស់យើង ពិសេសគិតគូរលើការស្នាក់នៅ សន្តិសុខ អនាម័យ ការថែទាំសុខភាព និងការហូបចុកជាដើម។
លោកថ្លែងបញ្ជាក់ទៀតថា៖នេះជាលើកទី២ហើយដែលលោកបានដឹកនាំក្រុមការងារ នាំអំណោយមកចែកជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ ហើយនៅអាទិត្យក្រោយនេះ លោកនឹងដឹកនាំក្រុមការងារបន្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តពោធិសាត់ទៀត។
សូមបញ្ជាក់ថាអំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅបណ្តោះអាសន្ន មណ្ឌលភៀសសឹកវត្តពើងព្រះគោ ក្នុងឱកាសនេះមានចំនួនចំនួន១,៣៤០គ្រួសារ ស្មើនឹង ៤,៣៥០នាក់ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ៣០,០០០រៀល និងត្រី-សាច់ ២គីឡូ។
ក្រៅពីនេះក៏បានផ្តល់ថវិកាចំនួន៤លានរៀល សម្រាប់ធ្វើសម្លជូនជនភៀសសឹកប្រចាំថ្ងៃ និងបានផ្តល់ថវិកានិងត្រី-សាច់ ជូនដល់ មន្រ្តីបូលីស កងរាជអាវុធហត្ថ លោកគ្រូ អ្នកគ្រូ និងប្រជាការពារ ដែលកំពុងបម្រើការងារនៅមណ្ឌលភៀសសឹកផងដែរ៕































