លោក សោម ពិសិដ្ឋ ចុះសួរសុខទុក្ខវីរៈកងទ័ព ចាន់ ដារ៉ា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប
02-01-2026 16:53
(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីក្រោមឱវាទ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាមួយចំនួនផ្ដល់ជូនលោក ចាន់ ដារ៉ា វីរៈកងទ័ពជួរមុខ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំនូវការនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដល់លោក ចាន់ ដារ៉ា វីរៈកងទ័ពជួរមុខ ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងយកចិត្តទុកដាក់ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់វីរកងទ័ពយើង។
លោក សោម ពិសិដ្ឋ អភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកែបទាំងមូល សូមគោរពដឹងគុណ នូវគំរូវីរភាពដ៏អង់អាចក្លាហាន របស់លោក ចាន់ ដារ៉ា ដែលបានកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកែប ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា៕











