អភិបាលខេត្តតាកែវ៖ សណ្ឋាគារផ្កាយ៤ កម្ពស់៦ជាន់ ទុនវិនិយោគជិត១០លានដុល្លារ នឹងលេចរូបរាងឡើងនៅមាត់បឹងតាកែវឆាប់ៗ
02-01-2026 16:52
(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានថ្លែងឲ្យដឹងថា សណ្ឋាគារកម្រិតផ្កាយ៤មួយ ដែលមានកម្ពស់៦ជាន់ នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ នៅមាត់បឹងតាកែវ ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ។
លោក វ៉ី សំណាង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះថា «សណ្ឋាគារកម្រិតផ្កាយ៤នេះ ត្រូវបានបុកគ្រិះសាងសង់កាលពីល្ងាចម្សិលមិញ ដែលវិនិយោគដោយអ្នកវិនិយោគជនជាតិចិន ក្នុងទំហំទឹកប្រាក់មិនក្រោម១០លានដុល្លានោះទេ»។
បើតាមលោកអភិបាលខេត្តតាកែវ, ការសាងសង់សណ្ឋាគារកម្រិតផ្កាយ៤ នៅមាត់បឹងតាកែវស្ថិតក្នុងក្រុងដូនកែវនេះ គ្រោងនឹងចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ ហើយក្រោយពីសណ្ឋាគារកម្រិតផ្កាយ៤នេះ សាងសង់រួចរាល់នឹងក្លាយជាទីតាំងដ៏សំខាន់សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ មកកម្សាន្តស្នាក់នៅខេត្តតាកែវកាន់តែច្រើន ជាពិសេសវាពិតជារួមចំណែកបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខេត្តតាកែវកាន់តែច្រើនឡើងជាក់ជាពុំខាន៕

















