អគ្គនាយកមន្ទីរពទ្យកាល់ម៉ែត និងសហការី នាំយកអំណោយមូលនិធិរបស់មន្ទីរពេទ្យ ជាស្បៀង សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកា ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ឧបត្ថម្ភជូនប្រជាជនភៀសសឹក
02-01-2026 18:09
(បាត់ដំបង)៖ លោកសាស្ដ្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានដឹកនាំក្រុមការងារនាំយកអំណោយមូលនិធិមន្ទីរពេទ្យកាល់ម៉ែត ដែលមានជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន និងថវិកា mkប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង សម្រាប់ឧបត្ថម្ភជូនប្រជាជនភៀសសឹក នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។
ពិធីសំណេះសំណាល និងប្រគល់-ទទួលនេះ បានធ្វើឡើងដោយវត្ដមានលោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីលោក ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង រួមទាំងសហការីជាច្រើនរូបទៀត។
ក្នុងមតិសំណេះសំណាលលោកសាស្ដ្រាចារ្យ គង់ សន្យា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកអភិបាលខេត្ដ និងក្រុមការងារចំពោះកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងរៀបចំទីតាំងមានសុវត្ថិភាពជូនប្រជាជនភៀសសឹក។
លោកសាស្ដ្រាចារ្យអគ្គនាយកបានថ្លែងផងដែរថា សម្រាប់គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួននៅថ្ងៃនេះរួមមាន៖ អង្ករ, ត្រីខ, ទឹកសុទ្ធ, ទឹកផ្លែឈើ, ទឹកក្រូច, មីជាតិ, នំធុង, អំបុក, ទឹកដោះគោ, Spray បាញ់ការពារមូស, ក្រម៉ា, សាប៊ូដុសខ្លួន និងសាប៊ូកក់សក់ គិតជាថវិកាស្មើនឹង ២១,៩៨៤,២០០រៀល។
លោកសាស្ដ្រាចារ្យ គង់ សន្យា បានថ្លែងបន្ដថា «យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការនៃមន្ទីរពេទ្យកាល់ម៉ែត នៅតែបន្តជួយគាំទ្រលើវិស័យសុខាភិបាល ក្នុងនាមជាទ័ពអាវ ហើយយើងទាំងអស់គ្នាតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនវីរកងទ័ព និងបងប្អូនជនភៀសសឹកទាំងអស់។ លើសពីនោះយើងបានគាំទ្រពេញយ៉ាងទំហឹងគ្រប់ករណីមានតម្រូវការជួយសង្គ្រោះអាយុជីវិតរបស់កងទ័ព ក៏ដូចជាបងប្អូនជនភៀសសឹកគ្រប់ៗរូប»។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «មកដល់ពេលនេះស្ថានភាពស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្តែយើងត្រូវតែមានការត្រៀម និងឈរលើស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច យើងទាំងអស់ខ្ញុំទាំងអស់គ្នា នៅតែបន្តបួងសួងដល់វត្ថុស័កស័ទ្ធិក្នុងលោក សូមមេត្តាតាមជួយថែរក្សាដល់វីរកងទ័ពកម្ពុជា និងប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនទាំងអស់ ឲ្យទទួលបាននូវសុខសុវត្ថិភាព មានសុខភាពល្អបរិបូណ៌រហូតដល់ប្រទេសយើងទទួលបានសន្តិភាពពេញលេញ ហើយយើងត្រូវបន្តជឿជាក់លើដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា»។
ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យ គង់ សន្យា បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានរៀបចំ និងផ្គត់ផ្គង់សម្ភារៈនានាសម្រាប់បំពេញតម្រូវការដល់រដ្ឋបាលខេត្តបាត់ដំបង។ នេះគឺជាពេលវេលាមួយដែលយើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នា ដើម្បីរក្សាភាពឈ្នះលើសត្រូវ។
ជាទីបញ្ចប់ក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត និងរូបលោកផ្ទាល់ សូមថ្លែងអំណរគុណ ចំពោះលោកអភិបាលខេត្ដ អភិបាលរងខេត្ដ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រី បុគ្គលិកទាំងអស់ដែលមានវត្តមានផ្ទាល់នៅទីនេះ ហើយក៏សូមជូនពរក្នុងឱកាសចូលឆ្នាំសកល ២០២៦ នេះ សូមឲ្យបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕































