កម្មវិធីបកប្រែភាសាដំបូង ដែលអភិវឌ្ឍដោយអ្នកជំនាញកម្ពុជាដែលបកប្រែភាសាខ្មែរទៅអង់គ្លេសបានល្អដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត
02-01-2026 20:18
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីជូនដំណឹងដាក់ឱ្យប្រើប្រាស់នូវកម្មវិធីបកប្រែភាសាមួយឈ្មោះថា translateKH ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃតាមរយៈគេហទំព័រ www.translate.kh (http://www.translate.kh/) រឺអាចទាញយកកម្មវិធីដាក់ក្នុងទូរស័ព្ទដៃដោយដោយគ្រាន់តែស្វែងរកពាក្យ translateKH នៅក្នុង AppStore រឺ PlayStore។
កម្មវិធីបកប្រែ TranslatKH មានសមត្ថភាពខ្ពស់អាចយល់និងធ្វើការបកប្រែផ្អែកតាមបរិបទនៃខ្លឹមសារបកប្រែជាជាងបកប្រែផ្អែកតាមសំណង់ឃ្លាប្រយោគ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរួមបញ្ចូលដោយបច្ចេកទេសសិក្សាស៊ីជម្រៅ (Deep Learning) និងម៉ូដែលភាសាធំ (Large Language Model)។
ចំនុចពិសេសរបស់ របស់កម្មវិធី TranslateKH គឺ៖ ១)ភាពត្រឹមត្រូវនៃការបកប្រែប្រហាក់ប្រហែលនឹងថ្នាលបច្ចេកវិទ្យាឈានមុខគេលើពិភពលោកដូចជា Google Translate, ២)ព័ត៌មានរបស់អ្នកប្រើប្រាស់មិនត្រូវបានរក្សាទុកឡើយ (មិនតម្រូវឱ្យមានគណនី Login ទេ), ៣)ទិន្នន័យត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅលើក្លោដក្នុងស្រុកដែលជាផ្នែកមួយនៃការជួយលើកកម្ពស់ អធិបតេយ្យភាពទិន្នន័យកម្ពុជា, ៤)អាចដំឡើងប្រើប្រាស់ទាំងមានរឺគ្មានអ៊ីនធឺណិត, ៥)អាចដាក់បញ្ជូលទៅក្នុងប្រព័ន្ធផ្សេងទៀតបានតាមតម្រូវការ។
ក្រុមការងារបច្ចេកទេសក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានគម្រោងពង្រីកមុខងារកម្មវិធីនេះបន្ថែមទៀតដូចជា មុខងារបកប្រែសំឡេងទៅសំឡេង និងមុខងារបកប្រែអត្ថបទស្គែនដែលនឹងបង្កើនបទពិសោធន៍ស្វ័យប្រវត្តិកម្មកាន់តែប្រសើរដល់អ្នកប្រើប្រាស់៕






