អភិបាលខេត្តពោធិ៍សាត់ បន្តនាំអំណោយចែកជូនប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតដល់ខ្នងផ្ទះ ក្រោយបែងចែកជូនគ្រួសារកងទ័ព និងជនភៀសសឹក

02-01-2026 22:47

(ពោធិ៍សាត់)៖ ក្រោយពេលចែកជូនពលរដ្ឋភៀសសឹក, គ្រួសារកងទ័ព និងវីរកងទ័ពជួរមុខរួចរាល់ ទៅតាមដំណាក់កាលៗនោះរួចមក, នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ អំណោយរបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានដែលនៅសេសសល់ ត្រូវបានលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បន្តបែងចែកជូនដល់ប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតដល់ខ្នងផ្ទះ ព្រមទាំងបន្តចុះពិនិត្យកិច្ចការងារអភិវឌ្ឍន៍មួយចំនួន នៅមូលដ្ឋាន ក្នុងស្រុកបាកាន ស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់។

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសមកចែកជូនដល់ខ្នងផ្ទះ, លោក ខូយ រីដា បានបន្ដថា ពិតណាស់អំណោយទាំងអស់នេះ គឺជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានផ្តល់ជូនរដ្ឋបាលសាលាខេត្ត ដើម្បីបន្តចែកជូនដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ ដែលបាននិងកំពុងការពារបូរណភាពទឹកដី ពីសត្រូវឈ្លានពាន។

លោកបន្តថា ក្រោយពេលចែកជូនពលរដ្ឋភៀសសឹក, គ្រួសារកងទ័ព និងវីរកងទ័ពជួរមុខរួចរាល់ ទៅតាមដំណាក់កាលៗហើយនោះ អំណោយដែលនៅសេសសល់ លោកក៏បានបន្តបែងចែក ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតដល់ខ្នងផ្ទះ។ ជាក់ស្តែងនាថ្ងៃទី២ ខែមករា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋនៅភូមិជាំ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់, ប្រជាពលរដ្ឋនៅភូមិតាណៃ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងប្រជាពលរដ្ឋនៅភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង សរុបប្រមាណជិត១០០គ្រួសារ ត្រូវបានទទួលគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន សម្រាប់បំពេញតម្រូវការ ខណៈពួកគាត់កំពុងរងផលប៉ះពាល់ ដោយសារសង្គ្រាមឈ្លានពាន។

លោកអភិបាលខេត្តបន្ថែមថា ពិតណាស់ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» អំណោយដែលរដ្ឋបាលសាលាខេត្ត បានទទួលពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែន ត្រូវប្រឈមដោះស្រាយជូន ពលរដ្ឋភៀសសឹក, គ្រួសារកងទ័ព និងវីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី។

លោក ខូយ រីដា បានគូសបញ្ជាក់ថា សកម្មភាពនេះ បានបញ្ជាក់ឱ្យឃើញ ថាខ្មែរទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នាទៅតាមលទ្ធភាព និងជាការគោរពដឹងគុណ ចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន ដែលកំពុងបំពេញកាតព្វកិច្ច ការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅ ពីសំណាក់យោធាថៃ។

ក្នុងនាមរដ្ឋបាលខេត្ត លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសប្បុរសជន និងម្ចាស់ជំនួយទាំងអស់ ដែលបាននាំមកជាអំណោយសម្ភារៈ និងគ្រឿងឧបភោគបរិភោគ សម្រាប់ផ្តល់ជូនដល់ពលរដ្ឋភៀសសឹក, គ្រួសារកងទ័ព និងវីរកងទ័ពជួរមុខ ព្រមទាំងនៅសេសសល់មួយចំនួន អាចបែងចែកបន្តជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតដល់ខ្នងផ្ទះ នាពេលនេះ។

លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការគាំទ្រយ៉ាងមុតមាំ និងជឿជាក់ចំពោះគតិបណ្ឌិត និងការដឹកនាំដ៏ប៉ិនប្រសព្វ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបេសកកម្មបម្រើជាតិ និងមាតុភូមិ ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី, នយោបាយការទូតដ៏ឈ្លាសវៃ, ការរក្សាសុខសន្តិភាព និងស្ថិរភាពជាដើម។ ជាមួយគ្នានោះ លោកសូមឱ្យបងប្អូនទាំងអស់ ចូលរួមការធ្វើអនាម័យ បរិស្ថាន និងគ្មានសំរាមទាំងអស់គ្នា ដើម្បីលើកកម្ពស់សោភ័ណភាពមាតុភូមិយើង និងកសាងសង្គមដែលរស់នៅដោយមានផាសុកភាព និងសុខភាពល្អ។

ក្នុងថ្ងៃដដែលនោះ លោកក៏បានបន្តចុះពិនិត្យកិច្ចការងារអភិវឌ្ឍន៍មួយចំនួន នៅមូលស្រុកបាកាន ស្រុកតាលោសែនជ័យ ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់។ ខណៈដែរស្រុកតាលោសែនជ័យ លោកបានត្រួតពិនិត្យការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យបរិស្ថាន និងត្រៀមរៀបចំសាងសង់រង្វង់មូលរូបតោ តំណាងឱ្យទីរួមស្រុក នៅទីប្រជុំជនផ្សារបត់រំដួល ឃុំផ្ទះរុង និងពិនិត្យការចាក់ដីបំពេញទីតាំង គ្រោងសាងសង់រង្វង់មូលនិម្មិតទេពឧកញ៉ា ឃ្លាំង មឿង ត្រង់ចំណុចច្រមុះជ្រូកសង្កាត់លលកស បំបែកពីផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១៥៥ A១៕