អភិបាលស្រុកតាំងគោក នាំយកអំណោយចុះចែកជូនជនចាស់ជរា មានជីវភាពខ្វះខាត ១៥គ្រួសារ នៅឃុំអណ្តូងពោធិ៍

03-01-2026 14:36

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ លោកតា លោកយាយ មានជីវភាពខ្វះខាត ១៥គ្រួសារ មកពី​ ៣ភូមិ​ នៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះលោក ហាក់ ម៉ុងហួត បាននាំនូវការផ្តាំផ្ញើសួរ​ទុក្ខ​ពីសំណាក់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១របស់កម្ពុជា ក៏ដូចជាលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងបានបញ្ជាក់ថា លោកទាំងទ្វេតែងតែបានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ឱ្យបានខ្ពស់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

បន្ថែមពីនេះទៀតលោក ហាក់ ម៉ុងហួត ក៏បានផ្តាំផ្ញើដល់លោកតា លោកយាយទាំងអស់ ស្ថិតនៅក្នុងរដូវត្រជាក់នេះត្រូវថែ​រក្សាសុខភាពឱ្យបានល្អជាប់ជាប្រចាំ ជាពិសេស​នោះគ្រួសារដែលមានសមាជិកចាស់ៗ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ចំពោះ​សុខភាព ដោយ​ត្រូវត្រៀម​សម្លៀក​បំពាក់ក្រាស់ៗ ភួយ​ជាដើម។

លោកអភិបាលស្រុកតាំងគោក ក៏​បាន​ក្រើនរំលឹកដល់ប្រជាជនគ្រប់រូបយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​តាម​ដាន​សុខភាព ដោយ​ការ​ពិនិត្យ​នៅ​តាម​មណ្ឌលសុខភាព ពេទ្យ​បង្អែក​ដែល​នៅ​ជិតបំផុត ខណៈដែលសព្វ​ថ្ងៃនេះសេវា​សុខាភិបាល​កាន់​តែ​ទំនើប និង​មាន​ក្រុម​គ្រូពេទ្យ​ជំនាញៗផងដែរ។

ជាមួយគ្នានោះដែរ លោក ហាក់ ម៉ុងហួត ក៏​បាន​ក្រើន​រំលឹក​ដល់​ថ្នាក់​ដឹក​នាំ​ ភូមិ ឃុំ ធ្វើ​ការ​តាម​ដាន និង​ចុះ​សួរ​សុខទុក្ខប្រជាពលរដ្ឋ​ជាប្រចាំ ដើម្បី​ដឹង​ពី​បញ្ហា​ផ្សេងៗ និងត្រូវសូម​​រាយការណ៍ដល់​ថ្នាក់​លើដើម្បី​ដោះស្រាយ​ និងអន្តរាគនម៍ឲ្យ​ទាន់​ពេលវេលា។

សូមបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូនលោកតា លោកយាយ ទាំង១៥គ្រួសារនោះ រួមមានក្នុងមួយគ្រួសារ ទទួលបាន​ អង្ករ​ មី​ ទឹកត្រី​ ទឹកស៊ីអ៉ីវ​ ត្រីខ​ រួមទាំងថវិកា​ មួយចំនួនទៀតផងដែរ៕