ក្រុមយុវជនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយសប្បុរសជន នាំយកអំណោយ មកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបន្តបែងចែកជូនដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ

03-01-2026 14:37

(ពោធិ៍សាត់)៖ ក្រុមយុវជនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយសប្បុរសជន ដឹកនាំដោយលោកស្រី នេត ធីតាវីឈុណា នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ បាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន មកប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបន្តបែងចែកជូនដល់ពលរដ្ឋភៀសសឹក នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ដោយស្មារតីស្នេហាជាតិមាតុភូមិ។

ពិធីប្រគល់-ទទួលអំណោយខាងលើនេះ ត្រូវបានធ្វើឡើង នៅបរិវេណសាលាខេត្ត ដោយបានការទទួលស្វាគមន៍ពីសំណាក់ លោក ហៀម ឃួន និងលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្ត និងលោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់។

តាងនាមជំនួសមុខឱ្យឯកឧត្តមអភិបាលខេត្ត លោក ហៀម ឃួន អភិបាលរងខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី នេត ធីតាវីឈុណា ព្រមទាំងក្រុមយុវជនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយសប្បុរសជន ដែលបានចំណាយនូវទ្រព្យសម្បិត្តិផ្ទាល់ខ្លួន ដើម្បីជូនដល់ពលរដ្ឋភៀសសឹក និងជាការលើកទឹកចិត្ត ដល់វីរៈកងទ័ពរបស់យើងមានស្មារតីក្លាហាន មុះមុត ខិតខំតស៊ូការពារបូរណភាពទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដែលនេះសបញ្ជាក់ឱ្យឃើញថា បងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈ បានសាមគ្គីគ្នាជាធ្លុងមួយ ក្លាយជាខឿនការពារជាតិ និងប្រជាជន គឺសមរភូមិក្រោយជួយដល់សមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសខ្លួន មកកាន់មណ្ឌលសុវត្ថិភាពនានា។

លោកអភិបាលរងខេត្ត បានសន្យាថាអំណោយ និងសម្ភារៈទាំងអស់នេះ រដ្ឋបាលខេត្តពោធិ៍សាត់ នឹងធ្វើការបែងចែកដឹកជញ្ជូនឱ្យចំគោលដៅ ជូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក តាមដែលអាចធ្វើបាន។ ដោយឡែកអំណោយដែលនៅសេសសល់ លោក ខូយ រីដា នឹងបន្តបែងចែកជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតដល់ខ្នងផ្ទះ ក្នុងមូលដ្ឋាននានាទូទាំងខេត្តពោធិ៍សាត់។

លោក ហៀម ឃួន សូមបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី សូមព្រះអង្គជួយប្រោះព្រំ ប្រសិទ្ធពរជ័យ បវរសួស្តី មហាប្រសើរ សូមជួយថែរក្សាដល់ លោកស្រី នេត ធីតាវីឈុណា ព្រមទាំងក្រុមយុវជនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយសប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

អំណោយរបស់ក្រុមយុវជនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយសប្បុរសជន ដែលបានជួយឧបត្ថម្ភ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបន្តចែកជូនដល់ពលរដ្ឋភៀសសឹក និងជូនដល់វីរកងទ័ពជួរមុខ រួមមាន៖ អង្ករ១តោន, សាច់ក្រក៥០គីឡូក្រាម, មីជាតិ៥០កេស, ថ្នាំពេទ្យ៣០ប្រអប់ និងខោអាវរងារ១០០ឈុត៕