អភិបាលខេត្តពោធិ៍សាត់ ណែនាំដល់គណៈគ្រប់គ្រងអនុវិទ្យាល័យវត្តហ្លួង, អនុវិទ្យាល័យ សម្ដេចឪសម្តេចម៉ែ និងវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ត្រូវយកគម្រូតាមវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ក្នុងការរៀបចំសោភ័ណភាព បរិស្ថានសិក្សា និងបំនិនអប់រំ
03-01-2026 14:38
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ បានណែនាំដល់គណៈគ្រប់គ្រងអនុវិទ្យាល័យវត្តហ្លួង, អនុវិទ្យាល័យសម្ដេចឪសម្តេចម៉ែ និងវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ត្រូវពង្រឹងការដឹកនាំ និងយកគម្រូតាមវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ដែលអនុវត្តបានយ៉ាងល្អប្រសើរ ក្នុងការរៀបចំសោភ័ណភាព បរិស្ថានសិក្សា និងបំនិនអប់រំ។
លោកអភិបាលខេត្ត បានណែនាំបែបនេះ ក្នុងឱកាសឆ្មក់ចុះពិនិត្យតាមដាន និងវាយតម្លៃការងារដឹកនាំ របស់គណៈគ្រប់គ្រងសាលា និងការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូ នៅអនុវិទ្យាល័យវត្តហ្លួង, វិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន, អនុវិទ្យាល័យសម្ដេចឪសម្តេចម៉ែ និងវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ដោយបានការចូលរួមពី លោក ងួន ប៉ោសេង អភិបាលរងខេត្ត, លោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
ថ្លែងក្នុងឱកាសចុះទីតាំងនីមួយៗ លោក ខូយ រីដា បានជម្រាបជូនថា វិស័យអប់រំ គឺជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការផលិតធនធានមនុស្ស ដែលជាមូលដ្ឋានមិនអាចខ្វះបាន របស់ប្រទេសជាតិ។ ពិតណាស់ថា លោកគ្រូ អ្នកគ្រូ គឺថ្នាលបណ្ដុះនូវធនធានមនុស្សថ្មី ធ្វើឱ្យមនុស្សពីមួយជំនាន់ទៅមួយជំនាន់ មានចំណេះដឹង និងចំណេះធ្វើ មានក្រមសីលធម៌ និងសេចក្ដីថ្លៃថ្នូរ សូម្បីតែលោក ដែលកាន់មុខតំណែងបច្ចុប្បន្ន ក៏កើតចេញពីការបង្ហាត់បង្រៀន របស់លោកគ្រូ អ្នកគ្រូផងដែរ។
លោកបានលើកឡើងថា ការចូលរួមសម្អាតបរិស្ថានសាលារៀន មិនមែនត្រឹមតែជាការងារបោសសម្អាតប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការកសាងទម្លាប់ល្អ និងការបង្ហាញពីសេចក្តីថ្លៃថ្នូររបស់សិស្សានុសិស្ស ព្រមទាំងត្រូវគិតគូរពីការរៀបចំដាក់តាំងរូបឥស្សរជនឆ្នើមរបស់យើង ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសមកដល់បច្ចុប្បន្ន។
លោកអភិបាលខេត្ត សង្ឃឹមថាគណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ត្រូវសហការយកចិត្តទុកដាក់ដឹកនាំ និងបង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនឡើង។
ឆ្លងកាត់ការចុះពិនិត្យនូវទីតាំងនីមួយៗ លោក ខូយ រីដា បានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំ របស់គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ដែលមានការប្រែប្រួលជាវិជ្ជមាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ និងសូមឱ្យគណៈគ្រប់គ្រងអនុវិទ្យាល័យវត្តហ្លួង, អនុវិទ្យាល័យសម្ដេចឪសម្តេចម៉ែ និងវិទ្យាល័យ ហ៊ុន សែន ភ្នំក្រវាញ ក៏ដូចជាបណ្តាសាលារៀនដ៏ទៃផ្សេងទៀត ត្រូវពង្រឹងការដឹកនាំ និងរៀបចំសោភ័ណភាព បរិស្ថានសិក្សា រួមទាំងបំនិនអប់រំសាលា ឱ្យបានល្អប្រសើរ។
ក្នុងថ្ងៃដដែលនោះ លោកក៏បានបន្តចុះពិនិត្យកិច្ចការងារអភិវឌ្ឍន៍ ចាក់ដីបំពេញទីតាំង គ្រោងសាងសង់រង្វង់មូលនិម្មិតទេពឧកញ៉ា ឃ្លាំង មឿង ត្រង់ចំណុចច្រមុះជ្រូកសង្កាត់លលកស បំបែកចេញពីផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១៥៥ A១ផងដែរ៕











































