អ្នកភូមិព្រៃចាន់ និងជោគជ័យ បន្តទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល (Video inside)
03-01-2026 15:54
(បន្ទាយមានជ័យ)៖ បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្ថានភាពបានស្ងប់ស្ងាត់ ប៉ុន្តែអ្នកភូមិព្រៃចាន់ និងជោគជ័យ នៅតែមិនអាចត្រឡប់ទៅផ្ទះវិញបាន ដោយសារសំណល់គ្រាប់បែកដែលនៅសេសសល់។ ពួកគាត់ត្រូវបន្តស្នាក់នៅក្នុងជំរុំភៀសសឹកឆ្ងាយពីភូមិដ្ឋាន។
ប្រជាជនភៀសសឹក បានប្រាប់ថា ពួកគាត់ត្រូវភៀសខ្លួនជាបន្តបន្ទាប់ ដល់៣ ទៅ៤ដង ដើម្បីរក្សាជីវិត។ ទោះការរស់នៅក្នុងជំរុំមានការលំបាក ដូចជា ខ្វះទឹក និងភ្លើងខ្លះៗក្តី ប៉ុន្តែពួកគាត់ត្រូវអត់ធ្មត់ ដើម្បីសុវត្ថិភាព។
ចំពោះស្បៀងអាហារ ពុំមានការខ្វះខាតឡើយ ដោយប្រជាពលរដ្ឋទទួលបានជាប្រចាំ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមការងារចុះមូលដ្ឋាន។
ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដល់សប្បុរសជន និងអាជ្ញាធរទាំងអស់ ដែលបានរួមគ្នាជួយដល់ជនភៀសសឹក ទាំងការរៀបចំជំរុំ សណ្ដាប់ធ្នាប់ អនាម័យ និងស្បៀងអាហារ ដោយមិនខ្លាចនឿយហត់។
ទោះស្ថានភាពបានធូរស្រាល ក្រុមការងារនៅតែបន្តជួយដល់អ្នកភូមិព្រៃចាន់ និងជោគជ័យ ដើម្បីរៀបចំកន្លែងស្នាក់នៅបណ្ដោះអាសន្នឱ្យសមរម្យ មុនពួកគាត់អាចត្រឡប់ទៅលំនៅដ្ឋានវិញបាន៕




