មូលនិធិចិនដើម្បីអភិវឌ្ឍជនបទផ្តល់កញ្ចប់ Panda ដល់កុមារនៅសាលាបឋមសិក្សាអង្គរោង ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ

03-01-2026 16:42

(កំពង់ស្ពឺ)៖ សិស្សានុសិស្ស នៃសាលាបឋមសិក្សាអង្គរោង ស្ថិតនៅឃុំ មហាឫស្សី ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ចំនួន៤០៣នាក់ ទទួលបានកាតាប និងសម្ភារសិក្សាពីគម្រោង Panda Pack របស់មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ ហៅកាត់ថា CFRD ក្រោមកិច្ចសហការនិងសម្របសម្រួលពី វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី។

លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស នៃសាលាបឋមសិក្សាអង្គរោង មានសេចក្តីរំភើបឥតឧបមា និង សូមសម្តែងនូវមនោសញ្ចេតនាដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះគម្រោង Panda Pack របស់ចិន ដែលបានផ្តល់នូវអំណោយដ៏ថ្លៃថ្លា មកចែកជូនដល់សិស្សានុសិស្សដើម្បីជំរុញលើកកម្ពស់ ការសិក្សានៅតាមទីជនបទ ឱ្យកាន់តែល្អប្រសើរឡើង។ ពួកគាត់លើកឡើងថា អំណោយជាកាតាប និងសម្ភារសិក្សាពីគម្រោង Panda Pack មិនមែនគ្រាន់តែជាវត្ថុប្រើប្រាស់ធម្មតានោះទេ ប៉ុន្តែវាគឺជា "កម្លាំងចិត្ត" ដ៏ធំធេងសម្រាប់កុមារៗនៅសាលាបឋមសិក្សាអង្គរោង។ សម្ភារថ្មីៗទាំងនេះ បានជួយឱ្យពួកគេមានទំនុកចិត្ត បំបាត់ភាពអៀនខ្មាស និងបង្កើតឱ្យមានភាពសប្បាយរីករាយ ក្នុងការមកសាលារៀនជារៀងរាល់ថ្ងៃ។

លោកសៅ សុទ្ធីនាយកសាលាឋបមសិក្សាអង្គរោង បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ថា ចាប់តាំងពីទទួលបានកញ្ចប់ Panda Pack មក សិស្សានុសិស្សមានស្មារតីតស៊ូរៀនសូត្រកាន់តែខ្លាំង។ សកម្មភាពសប្បុរសធម៌នេះ គឺជាគំរូដ៏ល្អនៃការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ជនបទ។

លោកនាយកបញ្ជាក់ដូច្នេះថា៖ «ជាថ្មីម្តងទៀត ក្នុងនាមសាលាបឋមសិក្សាអង្គរោង លោកគ្រូអ្នកគ្រូ និងមាតាបិតាសិស្សទាំងអស់ សូមគោរពជូនពរដល់ម្ចាស់គម្រោង Panda Pack និងសប្បុរសជនទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច។ លោកគ្រួអ្នកគ្រូ សន្យានឹងបន្តជំរុញឱ្យសិស្សានុសិស្សប្រើប្រាស់សម្ភារទាំងនេះ ឱ្យអស់លទ្ធភាព ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំ សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ ជាមួយគ្នានេះ សុំឱ្យម្ចាស់ជំនួយបន្តជួយដល់ សាលាយើងខ្ញុំថែមទៀតដើម្បីឱ្យសិស្សមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ និងមានទឹកចិត្តសប្បាយរីករាយក្នុងការសិក្សា។»

លោកសែម ជាឱពុករបស់សិស្សម្នាក់បានឱ្យដឹងថា ការជួយឧបត្ថម្ភនេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការចំណាយក្នុងគ្រួសារ។ នៅក្នុងស្ថានភាពដែលជីវភាពនៅមានកម្រិត ការដែលកូនៗទទួលបាន កញ្ចប់សម្ភារសិក្សាគ្រប់គ្រាន់បែបនេះ គឺជាការចែករំលែកនូវក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដែលរកអ្វីប្រៀបផ្ទឹមពុំបាន។
លោក ចាង សិនយៀក (Zhang Shenyue) អ្នកទទួលខុសត្រូវអនុវត្តគម្រោងកាតាប Panda បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨ មកដល់បញ្ចប់ឆ្នាំ២០២៥ CFRD បានផ្តល់អំណោយកាតាប ចំនួនសរុប២០៣ ៩០០ កញ្ចប់។

កញ្ចប់ផេនដាត្រូវបានគាំទ្រដោយអង្គការសប្បុរសធម៌ Alibaba ដោយប្រមូលផ្តុំនូវថវិកាសប្បុរសធម៌របស់ ប្រជាជនចិនរាប់លាននាក់។ កញ្ចប់នីមួយៗមានសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចំនួន៨៨មុខ ហើយការរចនាកញ្ចប់ឆ្លុះបញ្ចាំងពី លក្ខណៈវប្បធម៌របស់ប្រទេសចិន និងកម្ពុជា។ កញ្ចប់នេះវាមិនត្រឹមតែបំពេញតម្រូវការសិក្សា និងការរស់នៅរបស់កុមារប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់យ៉ាងខ្លាំងដល់ ការផ្លាស់ប្តូរប្រជាជនទៅប្រជាជនរវាងប្រទេសចិន និងកម្ពុជា៕

វិទ្យុមិត្តភាពកម្ពុជាចិន