អំណោយកង់៩៥គ្រឿង បន្ថែមកម្លាំងចិត្តដល់ការសិក្សារបស់សិស្សានុសិស្សនៅឃុំដូង ស្រុកបាទី
03-01-2026 17:13
(តាកែវ)៖ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការរួមចំណែកលើកទឹកចិត្តដល់ការសិក្សារបស់កុមារ នៅជនបទ ក្រុមហ៊ុន Hello Bike តាមរយៈ មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ (CFRD) បានរៀបចំសកម្មភាពចែកកង់៩៥គ្រឿង ជូនដល់សិស្សានុសិស្សសិក្សានៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៦។
លោក កឹម ច័ន្ទធូ អនុប្រធាននាយកដ្ឋានផែនការនិងគម្រោងនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានពាំនាំនូវប្រសាសន៍របស់ ក្នុងនាមឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយបានគូសបញ្ជាក់ថា ការផ្តល់កង់ចំនួន៩៥គ្រឿងក្នុងចំណោម២៥០០គ្រឿង ជូនសិស្សានុសិស្សនៅសាលាអង្គកំនប់នាថ្ងៃនេះ គឺជាការឆ្លើយតបលើការផ្តល់មធ្យោបាយធ្វើដំណើរ និងលើកទឹកចិត្តកាន់តែសកម្មថែមទៀតដល់សិស្សានុសិស្សក្នុងការសិក្សា។
លោកបានបន្ថែមថា កង់មួយគ្រឿងមិនត្រឹមជាមធ្យោបាយសាមញ្ញប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ធំធេង ក្នុងការសន្សំពេលវេលា និងបង្កើនជីវភាពរស់នៅរបស់សិស្សានុសិស្ស ទាំងក្នុងការធ្វើដំណើរទៅសិក្សារៀនសូត្រ ទាំងការប្រើប្រាស់ជាប្រយោជន៍បម្រើដល់គ្រួសាររបស់ខ្លួន។
តំណាងក្រុមហ៊ុន Hello និងមូលនិធិចិន CFRD លោក ឆិន អ៊ីស៊ាន (Chen Yixian) បានបញ្ជាក់ថា កម្មវិធីចែកកង់នេះជាផ្នែកមួយរបស់សង្គមស៊ីវិលចិនក្រោមកិច្ចសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាអ្នកសម្របសម្រួលនិងលើកទឹកចិត្តដល់ បេសកកម្មការងាររបស់បណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន ក្នុងគោលបំណងជួយលើកស្ទួយជីវភាពរស់នៅ និងលើកទឹកចិត្តដល់ការសិក្សារបស់កុមារនៅតំបន់ជនបទ និងតំបន់ដែលជួបការលំបាក។ តាមរយៈការផ្តល់ជូនមធ្យោបាយធ្វើដំណើរដ៏សមស្រប ក្រុមហ៊ុន Hello Bike និងមូលនិធិCFRD សង្ឃឹមថា សិស្សានុសិស្សនឹងមានលទ្ធភាពទទួលបានចំណាត់ថ្នាក់កាន់តែខ្ពស់ក្នុងការសិក្សា និងបន្តការសិក្សារបស់ខ្លួន ដោយមានទំនុកចិត្តខ្ពស់ជាងមុន។
លោកក៏បានបន្ថែមថា សកម្មភាពនេះមិនត្រឹមតែជាការចែកអំណោយប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីស្មារតីសាមគ្គី និងការចូលរួមទទួលខុសត្រូវសង្គមរបស់វិស័យឯកជន និងសង្គមស៊ីវិលចិន ក្នុងការរួមចំណែកជាមួយសង្គមស៊ីវិលកម្ពុជា ដែលមានវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាស្នូល ដើម្បីអភិវឌ្ឍធនធានមនុស្ស និងកសាងមូលដ្ឋានរឹងមាំសម្រាប់អនាគតប្រទេសជាតិ។
ក្នុងឱកាសដដែលនេះ ក្នុងនាមគណៈគ្រប់គ្រងសាលាបឋមសិក្សាអង្គកំនប់ លោក ណុប ទូច មេឃុំដូង បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ដល់ក្រុមហ៊ុន Hello និងដល់មូលនិធិចិន CFRD ដែលបានយកចិត្តទុកដាក់ជាក់ស្តែងដល់ តម្រូវការរបស់សិស្សានុសិស្ស។
ដោយឡែក មាតាបិតាសិស្ស និងសហគមន៍មូលដ្ឋាន ក៏បានបង្ហាញនូវក្តីរីករាយ និងការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ដោយចាត់ទុកថា ជាជំនួយដ៏មានតម្លៃសម្រាប់គ្រួសារនៅជនបទ និងគ្រួសារដែលមានចំណូលទាប ហើយទាំងអស់គ្នា សុទ្ធតែបានយល់ស្របគ្នាថា ការទទួលបានកង់ នឹងជួយកូនៗរបស់ខ្លួន មានឱកាសរៀនសូត្របានល្អប្រសើរជាងមុន និងបន្តក្តីសុបិនរបស់ខ្លួនក្នុងការក្លាយជា កម្លាំងពលកម្មបញ្ញាញាណប្រកបដោយគុណភាពខ្ពស់ និងជាទំពាំងដ៏ប្រពៃ សម្រាប់សង្គមកម្ពុជា៕
វិទ្យុមិត្តភាពកម្ពុជាចិន







