រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីទទួលស្វាគមន៍វីរៈកងទ័ព ៤រូប ត្រឡប់មកមាតុភូមិវិញ
03-01-2026 20:00
(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំពិធីដង្ហែ និងទទួលស្វាគមន៍យ៉ាងអធិកអធម និងប្រកបដោយមោទនភាពជូនដល់វីរកងទ័ពខ្មែរចំនួន៤រូប ក្នុងចំណោមវីរកងទ័ពសរុប១៨រូប ដែលត្រូវបានដោះលែងឱ្យវិលត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីការចាប់ខ្លួនក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ និងជាប់នៅប្រទេសថៃអស់រយៈពេល១៥៥ថ្ងៃ។
ពិធីស្វាគមន៍ដ៏មានអត្ថន័យ និងពោរពេញដោយអារម្មណ៍ស្នេហាជាតិមាតុភូមិនេះ បានប្រព្រឹត្តិទៅក្រោមអធិបតិភាពលោក ឈាងឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និង លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងយុវជនជាច្រើនក្រុម សរុបប្រមាណជាង ២,០០០០នាក់ ដែលបានមកចូលរួមអបអរសាទរ និងសម្តែងការគាំទ្រយ៉ាងកក់ក្ដៅ។
ក្នុងបរិយាកាសពោរពេញដោយទង់ជាតិ និងស្នូរតន្ត្រីជាតិ ពិធីដង្ហែបានធ្វើឡើងយ៉ាងអធិកអធម តាមដងផ្លូវសំខាន់ៗក្នុងក្រុងស្ទឹងត្រែង មុននឹងឈានចូលដល់ទីតាំងប្រារព្ធពិធី ដោយប្រជាពលរដ្ឋបានឈរតម្រៀបជួរយ៉ាងមានសណ្តាប់ធ្នាប់ ដើម្បីស្វាគមន៍វីរកងទ័ពដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជូនជាតិមាតុភូមិ។
ក្នុងឱកាសនោះដែរ លោក ឈាង ឡាក់ និងលោក សរ សុពុត្រា បានសម្តែងនូវការសាទរ និងកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះវីរកងទ័ពទាំង៤រូប ដែលបានបង្ហាញពីស្មារតីអង់អាច ការលះបង់ និងភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ ការវិលត្រឡប់មកមាតុប្រទេសវិញនាពេលនេះ មិនត្រឹមតែជាការសប្បាយរីករាយសម្រាប់គ្រួសារវីរកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពរួមរបស់ប្រជាជនខេត្តស្ទឹងត្រែង និងប្រជាជនកម្ពុជាទាំងមូលផងដែរ។
ជាមួយគ្នានេះដែរ ពិធីទទួលស្វាគមន៍នេះ ជាសញ្ញាបង្ហាញពីសាមគ្គីភាព សន្តិភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ចំពោះកងទ័ពដែលជាកម្លាំងស្នូលក្នុងការការពារប្រទេសជាតិ។ ដោយក្នុងនោះ ពិធីស្វាគមន៍បានបញ្ចប់ទៅក្នុងបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងពោរពេញដោយស្មារតីសាមគ្គីជាតិ ដែលបានបង្ហាញយ៉ាងច្បាស់ពីមោទនភាព និងការគោរពសរសើរចំពោះវីរកងទ័ពខ្មែរ ដែលបានបំពេញភារកិច្ចដ៏ខ្ពង់ខ្ពស់ ដើម្បីជាតិមាតុភូមិ៕

































