ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងភរិយា បន្ដចុះសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

03-01-2026 21:53

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកស្រី លីម ដារ៉ែន បានបន្ដអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ជាមួយវីរកងទ័ព និងវីរកងនគរបាលកម្ពុជា ដែលបានរងរបួសក្នុងសមរភូមិប្រយុទ្ធកន្លងមក ក្នុងនោះក៏មានវីរកងទ័ពប្រចាំទិសប្រាសាទព្រះវិហារ ឈ្មោះបេ សុផាត ដែលបានរងរបួសភ្នែកទាំងសងខាងធ្ងន់ធ្ងរកំពុងសម្រាកទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នាមន្ទីរពេទ្យព្រះអង្គដួង។

ក្នុងគ្រាដែលវីរយុទ្ធជន បេ សុផាត កំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ រូបគាត់បានផ្តែផ្តាំផ្ញើតាមរយៈលោកស្រី លីម ដារ៉ែន ដែលជាភរិយាលោក ជួន ណារិន្ទ គ្រាដែលលោកស្រី និងកូនប្រុសបានចុះទៅសួរសុខទុក្ខលើកទី១ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដោយប្រាប់ថា រូបគាត់ (បេ សុផាត) ចង់ជួប និងស្តាប់លឺសម្លេងលោក ជួន ណារិន្ទដោយផ្ទាល់ម្តងទៀតខ្លាំងណាស់ ព្រោះគាត់ធ្លាប់បានជួបមុខលោកផ្ទាល់បានតែម្តង គ្រាដែលលោកស្នងការ និងភរិយា រួមទាំងក្រុមការងារ ចុះទៅសួរសុខទុក្ខវីរកងទ័ព និងកងនគរបាលកម្ពុជានៅទិសប្រាសាទព្រះវិហារ មុនកើតមានសមរភូមិប្រយុទ្ធគ្នាជាមួយយោធាថៃ ។

វីរយុទ្ធជន បេ សុផាត បានសម្តែងនូវទឹកចិត្តរំភើប និងក្តុកក្តួលក្នុងចិត្តឥតឧប្បមា ចំពោះការផ្តល់វត្តមានរបស់ លោក ជួន ណារិន្ទ ចុះទៅជួបរូបគាត់ផ្ទាល់តបតាមក្តីបំណង បើទោះបីជាភ្នែករបស់គាត់ទាំងសងខាងត្រូវរងរបួសធ្ងន់ធ្ងរមិនអាចមើលឃើញមុខឯកឧត្តមច្បាស់ក៏ពិតមែន តែរូបគាត់ក៏បានលឺសម្លេងរបស់លោក ជួន ណារិន្ទ និងលោកស្រី យ៉ាងច្បាស់ដែលបានមានប្រសាសន៍ផ្តល់ជាកម្លាំងចិត្ត លើកទឹកចិត្តដល់រូបគាត់ ពិសេសផ្តែផ្តាំផ្ញើការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ដែលធ្វើឲ្យរូបគាត់ទទួលបានអារម្មណ៍ថា គាត់មិនបានឯកោ ឬកណ្តោយកណ្តែងនោះឡើយ គឺនៅមានប្រជាជាតិកម្ពុជា ពិសេសប្រមុខថ្នាក់ដឹកនាំប្រទេសកំពុងនៅគៀកគាត់ និងផ្តល់ភាពកក់ក្តៅឲ្យគាត់ជាទីបំផុត។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចាត់ទុក វីរយុទ្ធជនការពារទឹកដី បេ សុផាត ជាកងទ័ពហានក្លាមួយរូប ក្នុងចំណោមកងទ័ព និងកងនគរបាលអង់អាចជាច្រើនរបស់កម្ពុជា ដែលបានពលីដោយមិនខ្លាចសូម្បីបាត់បង់អាយុជីវិតដើម្បីការពារបូរណភាពទឹកដីកម្ពុជាពីការរំលោភបំពានពីសំណាក់រដ្ឋបរទេសដទៃ ដោយការលះបង់នេះ ត្រូវបានពលរដ្ឋកម្ពុជាទូទាំងនគរ ក៏ដូចជាប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសជាតិ មិនដែលមើលរំលងឡើយ គឺតែងតែកោតស្ញប់ស្ញែងបំផុតចំពោះវីរភាពរបស់បងប្អូនកងទ័ព ពិសេសនោះគឺការចាំបាច់ក្នុងការជួយសង្គ្រោះអាយុជីវិតកងទ័ពទាំងអស់ដែលទទួលរងរបួសក្នុងសមរភូមិប្រយុទ្ធ។

ក្នុងគ្រាជាមួយគ្នាដដែលនោះ លោក ជួន ណារិន្ទ និងលោកស្រី លីម ដារ៉ែន បានផ្តាំផ្ញើទៅកាន់វីរយុទ្ធ បេ សុផាត និងវីរកងទ័ព ក៏ដូចជាវីរកងនគរបាលដទៃទៀតដែលលោក និងលោកស្រីបានជួបសួរសុខទុក្ខ សូមសម្រាកឲ្យបានច្រើន ញ៉ាំឲ្យបានគ្រប់គ្រាន់ ស្តាប់តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យឲ្យបានត្រឹមត្រូវ និង សូមជូនពរឲ្យបងប្អូនឆាប់ជាសះពីរបួស ដើម្បីឆាប់បានវិលត្រឡប់ទៅទៅលំនៅឋានជួបជុំក្រុមគ្រួសារវិញ នៅពេលខាងមុខ៕