ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាំយកអំណោយមូលនិធិជំរំសន្តិភាព ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី ទូច ភិរ័ក្ស ដែលពលីនៅសមរភូមិមុខ

04-01-2026 10:26

(ស្វាយរៀង)៖ លោក គង់ ម៉ាស់ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង និងសហការី នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បាននាំយកអំណោយមូលនិធិជំរំសន្តិភាព ជូនក្រុមគ្រួសារ សពលោកអនុសេនីយ៍ត្រី ទូច ភិរ័ក្ស ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដីនៅសមរមុខ។

នាឱកាសនោះលោក គង់ ម៉ាស់ បានថ្លែងថា លោកអនុសេនីយ៍ត្រី ទូច ភិរ័ក្ស បានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីក្នុងសមរភូមិមុខ ប្រយុទ្ធតស៊ូដេីម្បីបុព្វហេតុជាតិមាតុភូមិជាមួយសត្រូវឈ្លានពានសៀម នៅសមរភូមិ ជាំតែ បុស្សស្បូវ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងជន្មាយុ ៣៥ឆ្នាំ ពិធីបុណ្យបានប្រារព្ធធ្វេីនៅគេហដ្ឋាន ស្ថិតក្នុងភូមិពោធិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

លោក បានបន្តថា មរណភាពរបស់លោកអនុសេនីយ៍ត្រី ទូច ភិរ័ក្ស គឺជាការបាត់បង់វីរកងទ័ពស្នេហាជាតិដ៏អង់អាចក្លាហាន ដែលបានលះបង់ធ្វើពលិកម្មសព្វបែបយ៉ាងប្រកបដោយឆន្ទៈមនសិការមោះមុត ការពារអធិបតេយ្យភាព បូរណភាពដែនដី ដើម្បីធានាថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ ក្នុងសមរភូមិមុខរហូតដល់ថ្ងៃអវសាននៃជីវិត។

ជាមួយគ្នានេះលោក គង់ ម៉ាស់ និងក្រុមការងារបានចូលរួមរំលែកទុក្ខ​ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រីទូច ភិរ័ក្ស សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕