អភិបាលខេត្តស្វាយរៀង ចុះសាកសួរសុខទុក្ខលោក នៃ សុភ័ក្រ ដែលត្រូវបានទាហានថៃចាប់ និងដោះលែងឱ្យវិលត្រឡប់មកកម្ពុជាវិញ

04-01-2026 10:29

(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់គ្រួសារលោក នៃ សុភ័ក្រ ដល់ផ្ទះ ស្ថិតនៅក្នុងភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលជាកងទ័ពជួរមុខ បន្ទាប់ពីត្រូវបានភាគីថៃដោះលែងនិងបញ្ជូនមកដល់ប្រទេសកម្ពុជាវិញ។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានសម្តែងនូវការត្រេកអរ និងក្តីរំភើបជាមួយក្រុមគ្រួសារដែលបានជួបជុំសមាជិកវិញ លោកក៏បានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ព និងប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន។

លើសពីនេះលោកអភិបាលខេត្ត បានកោតសរសើរដល់ស្មារតីរបស់កងទ័ព និងបានផ្តល់នូវការលើកទឹកចិត្តដល់ក្រុមគ្រួសារឱ្យបន្តខិតខំបំពេញភារកិច្ច និងរស់នៅដោយសុខដុមរមនា។ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត តែងតែនៅក្បែរ និងយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនកងទ័ព និងប្រជាពលរដ្ឋជានិច្ច។

សកម្មភាពនេះបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់រដ្ឋបាលខេត្តស្វាយរៀង ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់មន្ត្រីក្រោមឱវាទ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមព្រំដែន៕