ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ស្តីទី នាំយកសម្ភារៈ ថវិកា អាហារស្បៀង សំលៀកបំពាក់ ចុះចែកក្មេងកំព្រាជិត៥០នាក់ នៅមណ្ឌលកុមារកំព្រា ត្រែងត្រយឹង
04-01-2026 17:52
(កំពង់ស្ពឺ)៖ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះចៅអធិការវត្តចំបក់ពោធិ៍ពាន់ ជាព្រះវិន័យធរគណខេត្តកំពង់ស្ពឺ (ស្តីទី) នៅថ្ងៃអាទិត្យ ១រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បាននិមន្តនាំយកសម្ភារៈ ថវិកា អាហារស្បៀង សំលៀកបំពាក់ ចុះចែកកុមារកំព្រា ចំនួន៤៥នាក់ នៅមណ្ឌលកុមារកំព្រាត្រែងត្រយឹង ខេត្តកំពង់ស្ពឺ។
ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាថា ជានិច្ចកាលមន្ត្រីសង្ឃ រួមជាមួយថ្នាក់ដឹកនាំខេត្តតែងតែយកចិត្តទុកដាក់គិតគូ ដល់សុខទុក្ខរបស់កុមារទាំងអស់ ដោយបានព្យាយាមស្វែងរកជំនួយនានា ដើម្បីឧបត្ថម្ភដល់ការផ្គត់ផ្គង់អាហារ និងការរៀនសូត្រ របស់ពួកគេស្របទៅតាមគោលនយោបាយសង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែខ្វល់ខ្វាយជាប់ជាប្រចាំអំពីកុមារជាជនរងគ្រោះ កុមារកំព្រាជាដើម ជាពិសេសលើការផ្តល់ការអប់រំ ដើម្បីបណ្តុះបណ្តាលពួកគេ ជាធនធានមនុស្សនាពេលអនាគត។
ទន្ទឹមនឹងនេះ ព្រះរតនសោភ័ណ ម៉ន បឿន ដោយមើលឃើញពីការខ្វះខាត និងតម្រូវការជាក់ស្តែងរបស់មណ្ឌលកុមារកំព្រានេះ ព្រះអង្គបាននាំយកសម្ភារៈ ថវិកា អាហារស្បៀង សំលៀកបំពាក់ដើម្បីជួយដល់កុមារកំព្រា ចំនួន៤៥នាក់ ផងដែរ។
ព្រះរតនសោភ័ណ ម៉ន បឿន បន្តមានសង្ឃដីកាថា តាមរយៈអំណោយនៅថ្ងៃនេះ គឺជាការចូលរួមបរិច្ចាគរបស់មន្ត្រីសង្ឃ និងសប្បុរសជននានា ក្រោមសកម្មភាពសប្បុរសធម៌ ហើយសង្ឃឹមយ៉ាងមុតមាំថាអំណោយទាំងនេះនឹងត្រូវបានប្រើប្រាស់ចំគោលដៅ និងបានបំពេញតម្រូវការរបស់ក្មួយៗ ដែលកំពុងស្នាក់នៅ និងសិក្សានៅក្នុងមណ្ឌលកុមារកំព្រាត្រែងត្រយឹង។
ជាចុងក្រោយ ព្រះរតនសោភ័ណ ម៉ន បឿន មានសង្ឃដីកាផ្តាំផ្ញើ និងលើកទឹកចិត្តដល់ក្មួយៗទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យខ្លាំងពូកែដើម្បីជាទំពាំងស្នងឬស្សី សម្រាប់បន្តវេនក្នុងការថែរក្សា ការពារជាតិ មាតុភូមិ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងប្រទេសជាតិរបស់យើងទាំងអស់គ្នា ជាពិសេសជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខទាំងឡាយ ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
សូមបញ្ជាក់ថា សកម្មភាពសប្បុរសធម៌នេះជាការចូលរួម អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងការបង្កើតការងារ និងការចែករំលែកធនធាន ក៏ដូចជាសម្ភារៈដើម្បីសម្រាលការលំបាកផ្សេងៗ របស់ប្រជាជនកម្ពុជាផងដែរ៕














