ប្រធានសមាគមន៍ម៉ូតូ BMWប្រចាំកម្ពុជា និងក្រុមការងារសមាគមន៍ខ្មែ-បារាំង នាំអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកជិត ៣០០គ្រួសារ នៅមណ្ឌលសុវត្តិភាពវត្តពើងព្រះគោ
04-01-2026 19:18
(ព្រះវិហារ)៖ លោក ប៊ុន រ៉េត ប្រធានសមាគមន៍ម៉ូតូBMWប្រចាំកម្ពុជា និងក្រុមការងារសមាគមន៍ខ្មែ-បារាំង នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៦នេះ បាននាំយកអំណោយម្សៅទឹកដោះគោសម្រាប់ទារក សម្លៀកបំពាក់ និងគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ២៥០គ្រួសារ កំពុងស្នាក់នៅបណ្តោះអាសន្នមណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ ស្រុកត្បែងមានជ័យ ក្រោមវត្តមានលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានគ្រប់គ្រងមណ្ឌលភៀសសឹក និងក្រុមការងារ។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ប៊ុន រ៉េត ប្រធានសមាគមន៍ម៉ូតូBMWប្រចាំកម្ពុជា និងក្រុមការងារសមាគមន៍ខ្មែ-បារាំង ព្រមទាំងក្រុមការងារ ដែលបាននាំយកអំណោយជួយដល់ប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនេះ។
លោក អ៊ុក គឹមសាន បានថ្លែងបញ្ជាក់ទៀតថា អំណោយដែលបាននាំយកមកប្រគល់នៅថ្ងៃនេះ គឺជាការចូលរួមចំណែកដ៏មានអត្ថន័យ ក្នុងការជួយសម្រាលការលំបាក និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក តាមរយៈសកម្មភាពសប្បុរសធម៌នេះ គឺបានបង្ហាញពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការចូលរួមទទួលខុសត្រូវចំពោះសង្គម ដែលជាកម្លាំងចិត្តដ៏សំខាន់ សម្រាប់ជួយឲ្យប្រជាពលរដ្ឋឆ្លងកាត់ការលំបាក។
នៅក្នុងឱកាសនេះ លោក ប៊ុន រ៉េត បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋជាជនភៀសសឹករបស់យើង ពិសេសគិតគូរលើការស្នាក់នៅ សន្តិសុខ អនាម័យ ការថែទាំសុខភាព និងការហូបចុកជាដើម៕















