មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនល្មើសជនជាតិវៀតណាម ២នាក់ ជាមួយនឹងថ្នាំញៀនជាង ៥ម៉ឺនគ្រាប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ
04-01-2026 19:24
(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនល្មើសជនជាតិវៀតណាម ២នាក់ ជាមួយនឹងថ្នាំញៀនជាង ៥ម៉ឺនគ្រាប់ នៅគោលដៅទី១ ចំណុចខាងមុខផ្ទះ ១៣៦ ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចចំណតរថយន្ត ជាន់ទី៧ នៃខុនដូមួយកន្លែង ស្ថិតនៅតាមផ្លូវមហាវិថីនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រតិបត្ដិការនេះអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ប្រតិបត្តិការនេះធ្វើឡើងពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្រ្កាបក្រុមឧក្រិដ្ឋជនជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ។
ចំពោះវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនប្រភេទអ៊ិចស្ដាស៊ី(គ្រាប់) ចំនួន ៥១,៤២៨គ្រាប់ មានទម្ងន់ប្រមាណ ១៨គីឡូក្រាម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីការស៊ើបអង្កេតបន្ត តាមនីតិវិធី។
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពបំផុត ដូច្នេះហើយទើបនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យ មន្ទីរប្រឆាំងគ្រឿងញៀនប្រើកណ្តាប់ដៃដែក ដើម្បីបង្ក្រាបគ្រឿងញៀន។
ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់នេះ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស៕







