វិភាគអន្តរជាតិ៖ លោក ត្រាំ និយាយថា នឹងគ្រប់គ្រងវ៉េណេស៊ុយអេឡា តើមានន័យយ៉ាងណា?
05-01-2026 20:32
(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ ទី៤ ខែមករា ហាក់ទំនងជាបាននិយាយសម្រាលការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ដែលថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រងវ៉េណេស៊ុយអេឡា ដោយជំនួសមកវិញ លោក Rubio បាននិយាយថា យោធាអាមេរិកនឹងបន្តអនុវត្តការបិទខ្ទប់កប៉ាល់ដឹកប្រេងស្ថិតក្នុងបញ្ជីទណ្ឌកម្មមិនឱ្យចេញចូលវ៉េណេស៊ុយអេឡា ដើម្បីដាក់សម្ពាធលើមេដឹកនាំថ្មីរបស់ប្រទេសមួយនេះ។
នៅពេលត្រូវបានសាកសួរថា តើសហរដ្ឋអាមេរិកមានគម្រោងយ៉ាងណា ក្នុងការដឹកនាំ និងគ្រប់គ្រងវ៉េណេស៊ុយអេឡា លោក Rubio មិនបានបង្ហើបឱ្យដឹងពីផែនការណាមួយសម្រាប់អំណាចគ្រប់គ្រងរបស់អាមេរិក ដូចអតីតប្រធានាធិបតីអាមេរិក លោក George W Bush បានអនុវត្តលើទីក្រុងបាកដាដអំឡុងសង្រ្គាមឈ្លានពានអ៉ីរ៉ាក់នោះទេ។ ប៉ុន្តែលោកបានគំរាមរដ្ឋាភិបាលវ៉េណេស៊ុយអេឡាកំពុងស្ថិតក្រោមការដឹកនាំដោយ សម្ព័ន្ធមិត្តរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលកំពុងជាប់ឃុំនៅសហរដ្ឋអាមេរិក ឱ្យធ្វើកំណែទម្រង់គោលនយោបាយតាមដែលអាមេរិកត្រូវការ។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Face of The Nation នៃទូរទស្សន៍ CBS លោក Rubio បានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តរារាំងមិនឱ្យកប៉ាល់ដឹកប្រេងស្ថិតក្នុងបញ្ជីទណ្ឌកម្មអាមេរិក ចេញចូលវ៉េណេស៊ុយអេឡា រហូតទាល់តែរដ្ឋាភិបាលទីក្រុងការ៉ាកាស បើកចំហឧស្សាហកម្មប្រេងគ្រប់គ្រងដោយរដ្ឋ សម្រាប់ការវិនិយោគរបស់បរទេស ជាពិសេសផ្ដល់អាទិភាពដល់ក្រុមហ៊ុនប្រេងអាមេរិក និងធ្វើកំណែទម្រង់ជាច្រើនផ្សេងទៀត។
ប៉ុន្តែក្រោយមកទៀតក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Meet the Press សារព័ត៌មាន NBC លោក Rubio បែរជានិយាយថាមនុស្សជាច្រើន ប្រហែលជាមានការយល់ច្រឡំពីការលើកឡើងរបស់លោក ត្រាំ នៅឯ សន្និសីទសារព័ត៌មានក្នុងរដ្ឋ Florida កាលពីថ្ងៃសៅរ៍ដែលថាសហរដ្ឋអាមេរិក នឹងគ្រប់គ្រងវ៉េណេស៊ុយអេឡា។ តាមលោកប្រមុខការទូតអាមេរិក អ្វីដែលលោក ត្រាំ បាននិយាយមិនមែនចង់សំដៅលើការចូលទៅ គ្រប់គ្រងវ៉េណេស៊ុយអេឡាទេ សំដៅលើគោលនយោបាយ។
លោក Rubio បានបន្ថែមថា នាវាចម្បាំងអាមេរិកដែលលោក ត្រាំ បានចេញបញ្ជាឱ្យដាក់ពង្រាយក្នុងតំបន់សមុទ្រ Caribbean ក្បែរវ៉េណេស៊ុយអេឡា ជាច្រើនខែមកនេះ នឹងបន្តឈរជើងក្នុងតំបន់នេះដដែលដើម្បីរឹតបន្តឹងការបិទខ្ទប់សំដៅបន្តដាក់សម្ពាធលើទីក្រុងការ៉ាកាស ហើយសហរដ្ឋអាមេរិកអាចនឹងបញ្ជូនកងទ័ពទៅកាន់វ៉េណេស៊ុយអេឡា ប្រសិនបើវាបម្រើដល់ ផលប្រយោជន៍អាមេរិក។ តាមលោក Rubio លោក ត្រាំបានរក្សាទុកជម្រើសគ្រប់យ៉ាងនៅលើតុពាក់ព័ន្ធនឹងវ៉េណេស៊ុយអេឡា។
លោក Tom Cotton ជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីខាងគណបក្សសាធារណរដ្ឋ និងជាសម្ព័ន្ធមិត្តរបស់លោក ត្រាំ បាននិយាយថានៅពេលលោកប្រធានាធិបតី ត្រាំ និយាយថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងវ៉េណេស៊ុយអេឡា នោះវាមានន័យថាមេដឹកនាំថ្មីរបស់វ៉េណេស៊ុយអេឡាត្រូវតែបំពេញតាម តម្រូវការរបស់សហរដ្ឋអាមេរិក។
នៅឯវ៉េណេស៊ុយអេឡាវិញ ក្រុមមន្ត្រីរបស់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ នៅតែបង្ហាញជំហរប្រឆាំងសហរដ្ឋអាមេរិក។ ក្នុងនោះរដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino Lopez បានទាមទារឱ្យ សហរដ្ឋអាមេរិកដោះលែងលោក ម៉ាឌូរ៉ូ និងភរិយា គឺលោកស្រី Cilia Flores។ មន្ត្រីវ៉េណេស៊ុយអេឡាជាន់ខ្ពស់ម្នាក់បាននិយាយថាចំនួនទាហាន និងជនស៊ីវិលស្លាប់នៅក្នុងប្រតិបត្តិការរបស់សហរដ្ឋអាមេរិកបានកើន ដល់ ៨០នាក់គិតត្រឹមកាលពីថ្ងៃអាទិត្យ។ បើតាមលោក Padrino កងកម្លាំងអាមេរិកបានសម្លាប់កងអង្គរក្សរបស់លោក ម៉ាឌូរ៉ូមួយផ្នែកធំ ខណៈមិនមានកងទ័ពអាមេរិកណាម្នាក់ស្លាប់នោះទេ មានតែរងរបួសប៉ុណ្ណោះ។
លោក ត្រាំ កាលពីថ្ងៃអាទិត្យ បានប្រាប់កាសែតអាមេរិក Atlantic ថាប្រសិនបើមេដឹកនាំវ៉េណេស៊ុយអេឡាសព្វថ្ងៃ លោកស្រី Delcy Rodriguez ដែលជាអនុប្រធានាធិបតីក្រោមរបបដឹកនាំរបស់លោក ម៉ាឌូរ៉ូ មិនព្រមធ្វើរឿងត្រឹមត្រូវទេ នោះលោកស្រីនឹងត្រូវប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ឬអាចធ្ងន់ជាងលោក ម៉ាឌូរ៉ូទៅទៀត។ តាមពិតទៅ កាសែតអាមេរិក New York Times កាលពីខែកញ្ញាកន្លងទៅធ្លាប់បានរាយការណ៍ ដែរថាលោក Rubio បានដឹកនាំកិច្ចប្រឹងប្រែងមួយរបស់រដ្ឋបាលលោក ត្រាំ ដើម្បីបណ្ដេញលោក ម៉ាឌូរ៉ូដោយមានការគាំទ្រពីទីប្រឹក្សាសន្តិសុខជាតិមាតុភូមិ លោក Stephen Miller និងលោក John Ratcliffe នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA។ ដូចគ្នាទៅនឹងអ្វីដែលលោក ត្រាំ បាននិយាយក្នុងសន្នីសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោក Rubio ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃអាទិត្យបានផ្ដោតលើប្រេងរបស់ វ៉េណេស៊ុយអេឡាដែលត្រូវបានគេមើលឃើញថាជាមូលហេតុចម្បងនៅពីក្រោយប្រតិបត្តិការប្រឆាំងលោក ម៉ាឌូរ៉ូ។ «យើងចង់ឱ្យឧស្សាកម្មប្រេងក្នុងប្រទេសនេះ (វ៉េណេស៊ុយអេឡា) មិនបម្រើផលប្រយោជន៍សត្រូវរបស់ សហរដ្ឋអាមេរិកនោះទេ តែគឺបម្រើផលប្រយោជន៍ដល់ប្រជាជន។ យើងមិនចង់ឃើញវត្តមានអ៉ីរ៉ង់ និងគុយបាដូចកាលពីពេលកន្លងមកឡើយ»។ នេះបើតាមលោក Rubio។
លោកប្រមុខការទូតអាមេរិកបានប្រាប់ CBS News ថាឧស្សាហកម្មប្រេងវ៉េណេស៊ុយអេឡាគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងការ៉ាកាស និងស្ថិតក្រោមការដាក់ទណ្ឌកម្មពីអាមេរិក ចាំបាច់គួរតែត្រូវបានវិនិយោគឡើងវិញ។ «ជាការពិតណាស់ ពួកគេគ្មានសមត្ថភាពអភិវឌ្ឍឧស្សហកម្មប្រេងសាជាថ្មីឡើយ។ ដូច្នេះពួកគេត្រូវការការវិនិយោគពីបណ្ដាក្រុមហ៊ុនឯកជនដែលហ៊ានបោះទុន វិនិយោគនៅក្រោមការធានា និងស្ថានការណ៍ជាក់លាក់ តែប៉ុណ្ណោះ»។ នេះជាការគូសបញ្ជាក់របស់លោកប្រមុខការទូតអាមេរិក។ តាមរយៈការអត្ថាធិប្បាយរបស់លោក ត្រាំ និងលោក Rubio ក្រុមអ្នកវិភាគខ្លះយល់ថារដ្ឋបាលលោក ត្រាំ កំពុងផ្លាស់ប្ដូរពីគោលដៅប្ដូររបបដឹកនាំ នៅវ៉េណេស៊ុយអេឡា មកជាការសម្លុតគំរាមបង្ខំឱ្យថ្នាក់ដឹកនាំវ៉េណេស៊ុយអេឡាក្រោមរបបលោក ម៉ាឌូរ៉ូ ឱនក្បាលចុះញ៉ម និងព្រមធ្វើតាមអ្វីដែលសហរដ្ឋអាមេរិកចង់បាន។ ជាក់ស្ដែង ការកត់សម្គាល់របស់លោក ត្រាំ និងលោក Rubio កាលពីចុងសប្ដាហ៍កន្លងទៅ ហាក់សន្មត់ថារដ្ឋបាលទីក្រុងវ៉ាស៊ីនតោនមានបំណងបង្ខំឱ្យលោកស្រី Rodriguez បើកភ្លើងបៃតងឱ្យបណ្ដាក្រុមហ៊ុនអាមេរិកធ្វើការវិនិយោគ និងធ្វើប្រតិបត្តិការបូមប្រេងរបស់ វ៉េណេស៊ុយអេឡា បន្ទាប់ពីចិន និងរុស្ស៉ីបានទាញយកប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីឧស្សាហកម្មប្រេងវ៉េណេស៊ុយអេឡាជាច្រើនឆ្នាំមកនេះ។ ជានិយាយឱ្យខ្លី លោក ត្រាំទំនងជាចង់សម្លុតគំរាមឱ្យលោកស្រី Rodriguez ជាអនុប្រធានាធិបតី និងបច្ចុប្បន្នជាប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡាក្លាយទៅជាមនុស្សរណបសហរដ្ឋអាមេរិក និងធ្វើជាយានមួយសម្រាប់អំណាចរបស់លោក ត្រាំ នៅវ៉េណេស៊ុយអេឡា។
រដ្ឋបាលលោក ត្រាំ បាននិយាយកាលពីចុងសប្ដាហ៍កន្លងទៅថាខ្លួនសង្ឃឹមថាអាចនឹងធ្វើការជាមួយលោកស្រី Rodriguez ហើយលោក Rubio បានឆ្លើយបង្វៀងសំណួរកាលពីថ្ងៃអាទិត្យ អំពីថាតើហេតុអ្វីបានជារដ្ឋបាល លោក ត្រាំ មិនគាំទ្រសំណើបេក្ខភាពមេដឹកនាំថ្មីណាមួយមកពីគណបក្សប្រឆាំងវ៉េណេស៊ុយអេឡា? លោក ត្រាំ កាលពីថ្ងៃសៅរ៍បាននិយាយថាមេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado នៅខ្វះខាតការគោរពក្នុងប្រទេសវ៉ណេស៊ុយអេឡាដើម្បីដឹកនាំប្រទេស ខណៈក្រុមអ្នកជំនាញកិច្ចការបោះឆ្នោតអន្តរជាតិនិយាយថាមានបេក្ខជនម្នាក់ទៀតដែលលោកស្រី Machado គាំទ្រ នោះគឺលោក Edmundo Gonzalez ដែលបណ្ដាប្រទេសលោកខាងលិចទទួលស្គាល់ជាអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីវ៉េណេស៊ុយអេឡាកាលពីឆ្នាំ២០២៤។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ លោកស្រី Rodriguez នៅតែបង្ហាញជំហរប្រឆាំង ដោយថ្កោលទោសប្រតិបត្តិការរបស់សហរដ្ឋអាមេរិកប្រឆាំងលោក ម៉ាឌូរ៉ូ ហើយថាលោក ម៉ាឌូរ៉ូគឺជាប្រធានាធិបតីស្របច្បាប់របស់ វ៉េណេស៊ុយអេឡា។ នៅពេលត្រូវបានសាកសួរថាតើសហរដ្ឋអាមេរិកអាចនឹងធ្វើការជាមួយលោកស្រី Rodriguez ដែរឬទេ? លោក Rubio បាននិយាយថា «យើងកំពុងវាយតម្លៃលើមូលដ្ឋាននៃអ្វីដែលពួកគេកំពុងធ្វើ មិនអ្វីដែលពួកគេនិយាយជាសាធារណៈនោះទេ។ តាមលោក Rubio បច្ចុប្បន្ន សហរដ្ឋអាមេរិកមិនមានផែនការភ្លាមៗដើម្បីបញ្ជូនកងទ័ពអាមេរិកទៅកាន់វ៉េណេស៊ុយអេឡា ដើម្បីចាប់ខ្លួនមន្ត្រីដទៃទៀតដែលត្រូវបាន ចោទប្រកាន់ដោយក្រសួងយុត្តិធម៌អាមេរិកពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀននោះទេ៕










