អភិបាលខេត្តបាត់ដំបង និងសហការី បន្តចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខ នៅស្រុកថ្មគោល
05-01-2026 21:42
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងសហការី នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នេះបានបន្តអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ឧបត្ថមជូនដល់គ្រួសារវីរកងទ័ពជួរមុខឈរជើងការពារព្រំដែន នៅស្រុកថ្មគោល ចំនួន២៥០គ្រួសារ។
សំណេះសំណាលក្នុងឱកាសនេះ លោក សុខ លូ លើកឡើងថា រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែ ឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។
លោក អភិបាលខេត្តបានបន្តទៀតថា ការយកចិត្តទុកដាក់នេះ ដើម្បីកុំឱ្យបងប្អូនវីរកងទ័ពមានការព្រួយបារម្ភចំពោះក្រុមគ្រួសារ សាច់ញាតិឡើយ ព្រោះវីរកងទ័ពត្រូវមានកាតព្វកិច្ចឈរជើងការពារបូរណភាពទឹកដីនៅជួរមុខ ដូចនេះក្រុមគ្រួសារត្រូវបានអាជ្ញាធរ បន្តយកចិត្តទុកដាក់គ្រប់ពេលវេលា។
លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនពលរដ្ឋដែលមានសាច់ញាតិ ជាកងទ័ពបម្រើជាតិ តស៊ូលះបង់គ្រប់បែបយ៉ាង ក្នុងការការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន និងក្រើនរំលឹកបងប្អូនត្រូវរួបរួមគ្នា និងជឿជាក់លើរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដឹកដ៏ឈ្លាសវៃ សម្តេចទ្វេតែងយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសារវីរកងទ័ពជានិច្ចរហូតមក៕


































