អំណោយដែលសប្បុរសជន ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ កំពុងបែងចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក

05-01-2026 21:47

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញមើលអំណោយ ដែលសប្បុរសជន បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នៅទីតាំងប្រគល់-ទទួលអំណោយ ដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។

ថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន សប្បុរសជននៅតែបន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់ ហើយជនភៀសសឹកមួយចំនួន ត្រូវបានត្រឡប់ទៅលំនៅដ្ឋាន ជាមួយនិងវីរកងទ័ពកម្ពុជា ទាំង១៨រូប ក៏ត្រូវបានដោះលែង បញ្ជូនមកដល់កម្ពុជា ដោយសុវត្ថិភាពវិញក៏ដោយ។

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ហួត ហៃ, លោក ឆាយ វីរៈ និងលោក ឯក ឃុនដឿន អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។ ទឹកត្រី ទឹកស៊ីអ៉ីវ ខ្ទឹមស គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន នៅតែបន្តប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ជាបន្តបន្ទាប់។

ក្នុងឱកាសនោះ លោក ឆាយ វីរៈ អភិបាលរង ក្នុងនាមលោក ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះបញ្ចាំងពីខឿនការពារជាតិ ប្រជាជន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕