ការការពារប្រាសាទព្រះវិហារ មិនមែនជាការការពារថ្មនិងសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែជាការការពារ សច្ចប្រវត្តិសាស្ត្រ អធិបតេយ្យភាពរដ្ឋ និងសុពលភាពនៃច្បាប់អន្តរជាតិ

05-01-2026 22:21

(ភ្នំពេញ)៖ លោក ឈួរ សុបញ្ញា នាយកប្រតិបត្តិសមាគមសីលធម៌អន្តរជំនាន់ បានលើកឡើងថា ការការពារប្រាសាទព្រះវិហារ មិនមែនជាការការពារថ្មនិងសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែជាការការពារ សច្ចប្រវត្តិសាស្ត្រ អធិបតេយ្យភាពរដ្ឋ និងសុពលភាពនៃច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះការបំផ្លាញទីបូជា និងបេតិកភណ្ឌ គឺជាបាបធ្ងន់ចំពោះសន្តិភាពពិភពលោក។

ប្រាសាទព្រះវិហារ គឺជាសំណង់បុរាណដ៏មានតម្លៃខ្ពស់ផ្នែកប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងសាសនា ដែលតំណាងឱ្យអរិយធម៌ខ្មែរ និងការអភិវឌ្ឍសង្គមមនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រាសាទព្រះវិហារ មិនមែនត្រឹមតែជាសំណង់ថ្មបុរាណសាមញ្ញទេ ប៉ុន្តែជានិមិត្តរូបនៃអរិយធម៌ខ្មែរ ការគោរពបូជាជំនឿសាសនា និងស្មារតីមនុស្សជាតិ ដែលបានបន្តជាច្រើនសតវត្សរ៍។ ប្រាសាទនេះ មិនត្រឹមជាមរតកជាតិរបស់កម្ពុជាទេ ប៉ុន្តែជាមរតករួមរបស់មនុស្សជាតិ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ អង្គការ យូណេស្កូ។

ការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយ អង្គការ យូណេស្កូតាមសំណើររបស់កម្ពុជា ដែលជាម្ចាស់នោះ គឺជាការទទួលស្គាល់ថា ប្រាសាទនេះជាសម្បត្តិរួមរបស់មនុស្សជាតិ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ជាតិណាមួយឡើយ។ ទោះជាយ៉ាងណា ប្រាសាទនេះក៏បានក្លាយជាចំណុចនៃជម្លោះនយោបាយ និងជាតិនិយមក្នុងទំនាក់ទំនងកម្ពុជា–ថៃ ជាពិសេសបន្ទាប់ពីសេចក្តីសម្រេចឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌អន្តរជាតិ និងការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយ អង្គការ យូណេស្កូ។

ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃកាន់កាប់នៅឆ្នាំ១៩៥៤ ហើយត្រូវបានប្រគល់ឱ្យព្រះរាជាណាចក្រកម្ពុជាវិញតាមសាលក្រមចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនៅ ទីក្រុងឡាអេប្រទេសហូឡង់។ សេចក្តីសម្រេចឆ្នាំ ១៩៦២ របស់ ICJ បានបញ្ជាក់យ៉ាងច្បាស់អំពីអធិបតេយ្យភាពកម្ពុជា លើប្រាសាទព្រះវិហារ។ សេចក្តីសម្រេចនេះ មិនមែនជាការសម្រេចនយោបាយទេ ប៉ុន្តែជាលទ្ធផលនៃការវិភាគភស្តុតាងផែនទី ប្រវត្តិសាស្ត្រ និងអនុសញ្ញាអន្តរជាតិ។ ក្នុងវិស័យច្បាប់អន្តរជាតិ សេចក្តីសម្រេច ICJ ត្រូវបានចាត់ទុកជាសេចក្តីសម្រេចចុងក្រោយ (final and binding) ដែលមិនអាចបដិសេធ ឬ តវ៉ាដោយជាតិសាសន៍ណាមួយបានទៀតឡើយ។

បើទោះបីជាមានយុត្តាធិការអន្តរជាតិសម្រេចយ៉ាងណាក្តី ក៏ប្រជាជាតិសៀមនៅតែបន្តបង្កជម្លោះជុំវិញប្រាសាទព្រះវិហារជាបន្តបន្ទាប់ម្តងហើយម្តងទៀតដោយឥតមានការអៀនខ្មាស់។សកម្មភាពទាំងនេះបង្ហាញយ៉ាងច្បាស់ថា អ្នកជាតិនិយមខ្លះៗ មិនបានឈរលើមូលដ្ឋានសច្ចប្រវត្តិសាស្ត្រទេ ប៉ុន្តែឈរលើអារម្មណ៍ច្រណែន និងការបដិសេធអតីតកាល។

បើតាមលោក ឈួរ សុបញ្ញា ការបំផ្លាញប្រាសាទព្រះវិហារមិនមែនត្រឹមជាជម្លោះព្រំដែន ឬការប្រឆាំងរបស់ចលនាជាតិនិយមជ្រុសរបស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវតែយល់ក្នុងបរិបទធំជាងនេះ គឺ បរិបទនយោបាយផ្ទៃក្នុងរបស់សៀម ដែលជាតម្លៃគន្លឹះក្នុងការពន្យល់ពីចរឹត និងចេតនានៃអំពើបំផ្លាញនេះ។ ការវាយប្រហារលើវប្រាសាទព្រះវិហារមិនមែនជាការឆ្លើយតបយោធាដោយចៃដន្យទេ ប៉ុន្តែជាការជ្រើសរើសគោលដៅដែលមានន័យនយោបាយខ្ពស់បំផុត។

លោកបានបន្តថា ប្រវត្តិនយោបាយសៀមសម័យទំនើប បង្ហាញពីលំនាំមួយដ៏ច្បាស់ថា នៅពេលនយោបាយក្នុងស្រុកជួបវិបត្តិ មិនថាជាវិបត្តិនយោបាយ ឬ រាជរដ្ឋាភិបាល ការប្រឆាំងផ្ទៃក្នុង ការបែងចែកសង្គម ឬវិបត្តិសេដ្ឋកិច្ចនោទេ ជាតិនិយមត្រូវបានលើកឡើងជាឧបករណ៍បង្រួបបង្រួមអំណាច។ ក្នុងបរិបទនេះ «សត្រូវក្រៅ» ត្រូវបានបង្កើតឡើង ដើម្បីបំប្លែងការយកចិត្តទុកដាក់របស់សាធារណជនពីបញ្ហាផ្ទៃក្នុង។ ប្រាសាទព្រះវិហារ ត្រូវបានយកធ្វើជាវត្ថុនយោបាយដ៏ងាយស្រួល ព្រោះវាប៉ះពាល់ផ្ទាល់ដល់អារម្មណ៍ជាតិនិយម និងអតីតកាលប្រវត្តិសាស្ត្រដែលសៀមមិនព្រមទទួលស្គាល់។ នៅពេលអំណាចក្នុងស្រុកមិនមានភាពស្ថិរភាព ការបង្កើតជម្លោះក្រៅស្រុក ក្លាយជាវិធីសាស្ត្រមួយដើម្បីបង្កើនភាពស្របច្បាប់ និងបង្ហាញភាព «រឹងមាំ» របស់អំណាចយោធា និងរដ្ឋ។

លោក ឈួរ សុបញ្ញា បានអះអាងថា ការបំផ្លាញប្រាសាទព្រះវិហារ កើតឡើងនៅក្នុងបរិបទដែលនយោបាយសៀមជួបនោះគឺ៖ ១. ការបែងចែកអំណាចក្នុងរដ្ឋ ២.ការប្រឆាំងរវាងក្រុមនយោបាយ ៣.ការខ្វះភាពស្របច្បាប់នៃរដ្ឋាភិបាលខ្លះៗ។ ការបំផ្លាញប្រាសាទព្រះវិហារមិនមែនជាឧប្បត្តិហេតុដោយឡែក ឬជាផលប៉ះពាល់ចៃដន្យនៃជម្លោះព្រំដែនឡើយ ប៉ុន្តែជាហេតុបច្ច័យដោយផ្ទាល់នៃនយោបាយផ្ទៃក្នុង ដែលប្រើជាតិនិយមជាឧបករណ៍រក្សាអំណាច និងបង្កើតសត្រូវក្រៅស្រុក ដើម្បីបិទបាំងវិបត្តិភាពស្របច្បាប់និងការបែកបាក់ក្នុងសង្គមខ្លួនឯង។ ក្នុងន័យនេះ ជារឿងគួរឱ្យហួសនិស្ស័យស្មានរបស់ជាតិសៀមនោះគឺ បេតិកភណ្ឌវប្បធម៌មិនត្រូវបានមើលជាតម្លៃសកលទេ ប៉ុន្តែត្រូវបានបម្លែងជាវត្ថុនយោបាយ ដែលអាចបំផ្លាញ ឬប្រើប្រាស់តាមតម្រូវការអំណាច។
លោក ឈួរ សុបញ្ញា ក៏បានលើកឡើងថា ចរិតនៃការបំផ្លាញនេះ បង្ហាញយ៉ាងច្បាស់ពី ការបដិសេធសច្ចប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ ដោយចេតនា។ នៅពេលអំណាចនយោបាយក្នុងស្រុកមិនអាចសាងសង់ភាពស្របច្បាប់លើមូលដ្ឋានសេដ្ឋកិច្ច ប្រជាធិបតេយ្យ ឬសុចរិតភាពរដ្ឋបាលបាន វាមានទំនោរប្រើអតីតកាលជាវាលប្រយុទ្ធ និងប្រើវប្បធម៌របស់អ្នកដទៃជាគោលដៅ។ ការបំផ្លាញប្រាសាទ ដូច្នេះ មិនមែនជាការខ្វះការយល់ដឹងទេ ប៉ុន្តែជាជម្រើសនយោបាយ ដែលដាក់អារម្មណ៍ជាតិនិយមលើសគោលការណ៍សកល។

លោកបានថ្លែងទៀតថា លើសពីនេះទៀត ការវាយប្រហារលើប្រាសាទព្រះវិហារ គឺជាការប៉ុនប៉ង លុបអត្តសញ្ញាណ និងបំផ្លាញភស្តុតាងអរិយធម៌ ដែលបញ្ជាក់ពីការមានសិទ្ធិប្រវត្តិសាស្ត្ររបស់កម្ពុជា។ វាជាយុទ្ធសាស្ត្រដែលកើតចេញពីវិបត្តិអត្តសញ្ញាណរដ្ឋ នៅពេលរដ្ឋមួយមិនអាចបង្កើតអត្តសញ្ញាណជាតិលើមូលដ្ឋានប្រវត្តិសាស្ត្ររឹងមាំបាន វាមានទំនោរបដិសេធ ឬបំផ្លាញអតីតកាលរបស់អ្នកដទៃ ដើម្បីបំពេញចន្លោះខ្វះខាតរបស់ខ្លួនឯង។ ផ្អែកលើសហគមន៍អន្តរជាតិ ករណីប្រាសាទព្រះវិហារ គឺជាការព្រមានយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើការបំផ្លាញបេតិកភណ្ឌពិភពលោក អាចត្រូវបានអធ្យាស្រ័យដោយយកហេតុផលនយោបាយផ្ទៃក្នុងមកធ្វើជាខែលការពារ នោះច្បាប់អន្តរជាតិ នឹងត្រូវបំផ្លាញពីខាងក្នុង ហើយគោលការណ៍ថា «វប្បធម៌ជាសម្បត្តិរួមរបស់មនុស្សជាតិ» នឹងក្លាយជាពាក្យទទេ។

ដូច្នេះ លោក ឈួរ សុបញ្ញា បានចាត់ទុកថា ការការពារប្រាសាទព្រះវិហារ មិនមែនជាការការពារថ្មនិងសំណង់បុរាណប៉ុណ្ណោះទេ ប៉ុន្តែជាការការពារ សច្ចប្រវត្តិសាស្ត្រ អធិបតេយ្យភាពរដ្ឋ និងសុពលភាពនៃច្បាប់អន្តរជាតិ។ ការអនុញ្ញាតឱ្យអំពើបំផ្លាញបែបនេះកើតឡើងដោយគ្មានទំនួលខុសត្រូវ គឺជាការបើកផ្លូវឱ្យអំណាចអាវុធ និងនយោបាយក្នុងស្រុក ឈ្នះលើសីលធម៌ និងសន្តិភាពពិភពលោក៕