ផ្ដល់ឈាមដើម្បីជួយសង្គ្រោះប្រជាជន និងដឹងគុណដល់វីរកងទ័ព

05-01-2026 22:23

(ភ្នំពេញ)៖ ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់នាល្ងាចថ្ងៃចន្ទ ទី០៥ ខែមករា ឆ្នាំ២០២៥នេះ តាមការគ្រោងទុក ដោយមានអ្នកចុះឈ្មោះចូលរួមបរិច្ចាគចំនួន ៤៩៩នាក់។

ក្នុងនោះមានអ្នកបានអញ្ជើញមកពិនិត្យសុខភាពដើម្បីផ្ដល់ឈាមមានចំនួន ៤៥៦នាក់ និងអ្នកដែលមានសុខភាពល្អអាចបរិច្ចាគឈាមបានមានចំនួន ៣៤១នាក់ រួមមាន ប្រធានសាលាដំបូង លោក លោកស្រីអនុប្រធាន ព្រះរាជអាជ្ញារង ចៅក្រម ចំនួន ៣៥នាក់ ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីបម្រើការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន ២៣៨នាក់ រួមជាមួយសប្បុរសជនចំនួន ៦៨នាក់ ផងដែរ។

ក្នុងពិធីបរិច្ចាគឈាមនេះ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងអំណរគុណលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដួចផ្ដើមគំនិតក្នុងការរៀបចំកម្មវិធី និងពិធីបរិច្ចាគឈាមនាថ្ងៃនេះឡើង ក្រោមប្រធានបទ «ផ្ដល់ឈាមដើម្បីជួយសង្គ្រោះប្រជាជន និងដឹងគុណដល់វីរកងទ័ព» ហើយកម្មវិធីបែបនេះជាលើកទី១ បានប្រារព្ធឡើងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការសហការរៀបចំពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

លោកព្រះរាជអាជ្ញា ក៏បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រសួងសុខាភិបាល ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងបានលើកកម្ពស់វប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឱ្យក្លាយជាសកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យខ្ពស់ក្នុងសង្គមជាតិ ដោយបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញការលើកកម្ពស់ឱ្យយុវជន និងប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺ ដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ។ ទន្ទឹមនឹងនេះ ជាការផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម ហើយការបរិច្ចាគឈាមក្នុងថ្ងៃនេះ មានគោលបំណងដ៏ថ្លៃថ្លា ក្នុងការជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា ដែលរងគ្រោះពីព្រឹត្តិការណ៍ថ្មីៗនេះ ហើយកំពុងត្រូវការឈាមជាបន្ទាន់។ កាយវិការនេះបង្ហាញពីស្មារតីសាមគ្គីភាពជាតិ និងការដឹងគុណចំពោះអ្នកដែលបានលះបង់កម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីការពារជាតិ និងប្រជាជន។

ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងបើកពិធីបរិច្ចាគនេះដែរថា៖

*១៖ ការចូលរួមរបស់លោកជំទាវ លោក លោកស្រីអនុប្រធាន ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីបម្រើការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសប្បុរសជននានា មិនត្រឹមតែបង្ហាញពីការទទួលខុសត្រូវវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីបេះដូងមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គមទាំងមូលផងដែរ «ឈាមមួយដបដែលយើងបរិច្ចាគនៅថ្ងៃនេះ អាចជួយសង្គ្រោះជីវិតមនុស្សម្នាក់ ឬច្រើននាក់»។ លោកប្រធានក៏បានដាក់ប្រធានបទពិធីនៅថ្ងៃនេះថា «ផ្ដល់ឈាមដើម្បីជួយសង្គ្រោះប្រជាជន និងដឹងគុណដល់វីរកងទ័ព» និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីអនុប្រធាន ព្រះរាជអាជ្ញារង ចៅក្រម ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីបម្រើការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយសប្បុរសជននានាដែលបានចូលរួមបរិច្ចាគឈាមដែលមានគុណតម្លៃខ្ពស់។

*២៖ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្កើតកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តជាលើកដំបូង ជាពិសេសកម្មវិធីមួយនេះនឹងអាចកើតមានជាបន្តបន្ទាប់បន្ថែមទៀត នាពេលក្រោយៗ និងបានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូបបន្តគាំទ្រនិងចូលរួមសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានជាបន្តបន្ទាប់ ដើម្បីរួមចំណែកកសាង សង្គមមួយដែលពោរពេញដោយការចែករំលែក មេត្តាករុណា និងភាពរឹងមាំផ្នែកសុខាភិបាល។ ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេហើយឈាមមានប្រភពតែមួយគត់គឺពីមនុស្សមិន មានរោងចក្រណាអាចផលិតបានទេ។ ការបរិច្ចាគឈាម គឺជាការផ្ដល់សេចក្ដីស្រឡាញ់ ដើម្បីចូលរួមសង្គ្រោះប្រជាពលរដ្ឋ អ្នកជំងឺដែលត្រូវការឈាមសង្គ្រោះជីវិត។

*៣៖ ការបរិច្ចាគឈាមនាថ្ងៃនេះ គឺជាការដឹងគុណចំពោះវីរកងទ័ព វីរនគរបាលដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងការការពារបូរណភាពទឹកដី ជាតិ និងមាតុភូមិ។ ជាមួយគ្នានេះក៏សូមសម្ដែងការគោរពដឹងគុណថ្ងៃកំណើតទី២ ថ្ងៃ ៧ មករា ផងដែរ។

*៤៖ បានថ្លែងអំណររគុណចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលបានសហការដល់ទីកន្លែងប្រារព្ធកម្មវិធី គឺសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលគាប់ប្រសើរ។

កម្មវិធីបរិច្ចាគឈាមនៅថ្ងៃនេះ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់នៅវេលាម៉ោង ៥ ល្ងាច តាមការគ្រោងទុក៕