លោក ចាប តូ នាំអំណោយរដ្ឋមន្ត្រីសង្គមកិច្ច ជូនវីរៈកងទ័ព និងជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ

06-01-2026 12:58

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ លោក ចាប តូ អនុរដ្ឋលេខា​ធិការ​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាជនមានពិការភាព​នៅ​កម្ពុជា បាននាំយកអំណោយរបស់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីត​យុទ្ធ​​ជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ជូនដល់វីរៈកងទ័ព និងជនភៀស​សឹកនៅក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ឃុន វុទ្ធី ប្រធានមន្ទីរ ស.អ.យ ខេត្តបន្ទាយមានជ័យ លោក ចូវ សង្អៀប ប្រធានមន្ទីរ ស.អ.យ ខេត្តឧត្តរមានជ័យ និង​ក្រុមការងារមន្រ្តីជនមានពិការភាពភ្នែក សិល្បករ សិល្បការិនី យុវជនស្ម័គ្រចិត្តសមាគម​តន្ត្រី​សំនៀងជនពិការផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ ក៏បានពាំនាំប្រសាសន៍​ផ្ដាំផ្ញើសាក​សួរ​សុខ​​ទុក្ខពីសំណាក់លោក ជា សុមេធី និងលោកស្រី ជូនដល់វីរៈកងទ័ព និងជនភៀស​សឹកទាំងអស់ផងដែរ។

សូមបញ្ជាក់ថា សម្ភារៈ និងគ្រឿង​ឧបភោគ បរិភោគ ដែលបានយកចែកជូនជូនវីរៈកង​ទ័ព ជនភៀសសឹក ជនមានពិការភាព និងកុមាររួមមាននាពេលនោះរួមមាន៖
* សម្រាប់ជនមានពិការភាពសរុបចំនួន ១១៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូ នំក្រពង ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ មុង ភួយ ថ្នាំ អំបុក។
* សម្រាប់កុមារចំនួន៣០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ៥ក្បាល ប៊ិច ខ្មៅដៃ គូល័រ​ ប្រដាប់ខួងខ្មៅដៃ នំសូកូឡា​។

សម្រាប់វីរកងទ័ពនៅខេត្តឧត្តរមានជ័យវិញ ទទួលបានអង្ករ ៣,៤០០គីឡូ តង់៣០ ទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ធុងទឹក ២៣០ធុង (ចំណុះ ៣៥លីត្រ) កាំបិត១០ ពូថៅ១០ និង​គ្រឿង​ឧបភោគបរិភោគចំនួន ៣៤២ឈុត ក្នុងនោះរួមមាន៖ ថ្នាំ នំក្រពង ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ បាយក្ដាំង មុង ភួយ ស្ករ ប៊ីចេង អំបិល ប្រេងឆា អង្ករសុខភាព អាវយឺត៕