រដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យវឌ្ឍនភាពសាងសង់ និងពិនិត្យគុណភាពផ្លូវជនបទចំនួន ៣ខ្សែ នៅក្នុងខេត្តកណ្ដាល
06-01-2026 13:18
(កណ្ដាល)៖ រដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពសាងសង់ និងពិនិត្យគុណភាពផ្លូវជនបទចំនួន ៣ខ្សែ នៅក្នុងខេត្តកណ្ដាល។
សម្រាប់ការចុះពិនិត្យវឌ្ឍនភាពសាងសង់ និងពិនិត្យគុណភាពផ្លូវជនបទ ចំនួន ៣ខ្សែ មានដូចខាងក្រោម៖
ខ្សែទី១៖ ឈ្មោះផ្លូវព្រែកជ្រៃ-ចុងខ្សាច់ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥,៩៥.គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិព្រែកជ្រៃក្រៅ សង្កាត់ព្រែកជ្រៃ ទៅកាន់ភូមិចុងខ្សាច់ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្ដាល ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន៥ ៥៦៩គ្រួសារ ស្មើនឹង ២៥ ៦៨៧នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន៨ ០៨៧គ្រួសារ ស្មើនឹង ២៧ ៨២៦នាក់។
ខ្សែទី២៖ ឈ្មោះផ្លូវព្រែកតាដុល-វត្តទួលរាជ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥ គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិព្រែកតាដុល ឆ្លងកាត់ភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ភ្ជាប់ទៅកាន់ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន៧ ២៥៨គ្រួសារ ស្មើនឹង ៣២ ២៦៥នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន១០ ៥៤៦គ្រួសារ ស្មើនឹង៤៦ ៧៨១នាក់។
ខ្សែផ្លូវទី១ និងទី២ ខាងលើនេះ ចាប់ផ្ដើមសាងសង់កាលពីខែកញ្ញា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចវឌ្ឍនភាពបាន ៨០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសពិនិត្យវឌ្ឍនភាពខ្សែផ្លូវដែលកំពុងសាងសង់នោះ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេសរបស់គម្រោង និងក្រុមហ៊ុនទទួលការសាងសង់ អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងពន្លឿនការងារសាងសង់ឱ្យលឿនស្របតាមកិច្ចសន្យាការងារ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននោះបានយូរអង្វែង
ខ្សែទី៣៖ ឈ្មោះផ្លូវព្រែកឃុត-ចុងកោះគរ ជាផ្លូវក្រាលបេតុង មានប្រវែង ៤,០៧គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិពោធិ៍លើ ឃុំត្រើយស្លា ទៅកាន់ភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៨ ៨៣៤ គ្រួសារ ស្មើនឹង ៣៩ ៧៩៣នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១២ ២៩១គ្រួសារ ស្មើនឹង៥៤ ៩០៤នាក់។ ខ្សែផ្លូវនេះ ទើបបានបញ្ចប់ការសាងសង់១០០% ក្នុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ។
សូមជម្រាបជូនថា ផ្លូវទាំងបីខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា, មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD), ធនាគារវិនិយោគអឺរ៉ុប (EIB) និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប (EU-AIF)៕



















