ឧត្តមសេនីយ៍ត្រី គឹម តូ និងសប្បុរសជន នាំអំណោយចែកជូនពលរដ្ឋនៅភូមិម្កាក់ ភូមិស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប
06-01-2026 14:24
(សៀមរាប)៖ ឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងភរិយា ព្រមទាំងបុត្រ និងសប្បុរសជន បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋជាជនភៀសសឹក នៅក្នុងភូមិម្កាក់ និងភូមិស្វាយជុំ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។
ឧត្តមសេនីយ៍ត្រី គឹម តូ បានលើកឡើងថា ពិតណាស់ផលវិបាក នៃសង្គ្រាម បានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងនោះមានបងប្អូនពុកម៉ែយើងដែរ ក៏ត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ បានធ្វើឱ្យយើងទាំងអស់គ្នា យល់យ៉ាងច្បាស់ណាស់ ពីតម្លៃនៃសន្តិភាព។
ឧត្តមសេនីយ៍ត្រី គឹម តូ បានបញ្ជាក់ថា បទពិសោធន៍តាមបណ្តាប្រទេសនានា បានបង្ហាញរួចមកហើយថា សង្គ្រាមគ្មានអ្នកឈ្នះពិតប្រាកដឡើយ ប៉ុន្តែមានតែសន្តិភាព និងភាពអត់ធ្មត់ប៉ុណ្ណោះ ដែលជាផ្លូវទៅរកភាពជោគជ័យ និងជាជ័យជំនះ។ លោកបានបន្ថែមថា យើងក៏ចង់បង្ហាញអន្តរជាតិឱ្យបានឃើញថា ប្រជាជនកម្ពុជាត្រូវការសុខសន្តិភាព ហើយក៏មិនចង់បានការឈ្លានពាន ឬជម្លោះណាមួយឡើយ។
ជាក់ស្តែងដូចជា បញ្ហាព្រំដែន កម្ពុជា-ថៃ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រើប្រាស់យន្តការដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់ អន្តរជាតិ និងតែងតែនៅក្បែរបងប្អូនពុកម៉ែប្រជាពលរដ្ឋជានិច្ច។ លោកសូមឱ្យបងប្អូនជឿជាក់លើប្រមុខរាជរដ្ឋាភិបាល ដែលលោកខិតខំប្រឹងប្រែង ដើម្បីឲ្យបញ្ហាព្រំដែនវិលទៅរកប្រក្រតីភាពឡើងវិញ។
ឧត្តមសេនីយ៍ត្រី គឹម តូ ក៏បានផ្តាំផ្ញើបងប្អូនពុកម៉ែប្រជាពលរដ្ឋ ត្រូវបង្កើតការប្រុងប្រយ័ត្ន ថែទាំសុខភាព និងរស់នៅត្រូវមានអនាម័យ បរិស្ថានស្អាតល្អ។ លោករួមជាមួយក្រុមសេនាតេជោសន្តិភាពទាំងអស់ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកក្រុមទាំងអស់ ដែលលះបង់កម្លាំងកាយចិត្តកន្លងមក ព្រមទាំងសប្បុរសជននានា ដែលបានរួមចំណែកឧត្ថម្ភថវិកា ដល់ជនភៀសសឹកកន្លងមក៕

















