ប្រជាពលរដ្ឋរស់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្តឹងទៅរដ្ឋបាលរាជធានីភ្នំពេញ សុំជួយដោះស្រាយវិវាទពាក់ព័ន្ធនឹងដីទួលលោកតារ៉ាញ់ (ដំបូលខ្ទមអ្នកតា)

06-01-2026 15:11

(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងថ្លឹង១, ២, ៣, ៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ តំណាងដោយឈ្មោះ យ៉ែម យីម ឈ្មោះ ម៉ុន វិបុល និងឈ្មោះ ឆែ​ រី​ បានប្តឹងសុំជួយដោះស្រាយវិវាទពាក់ព័ន្ធនឹងដីទួលលោក គារ៉ាញ់ (ដំបូកខ្ទមអ្នកតា) ដែលមានទំហំប្រហែល ២,២០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយឈ្មោះ សែម កុសាន្ត ឈ្មោះ វ៉េង សុខ ឈ្មោះ ស៊ឹម ពិសិដ្ឋ ដែលទាមទារយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ជាក់ស្តែងដីនេះជាដីរបស់សហគមន៍ប្រើប្រាស់ជាប្រយោជន៍រួម ទុកសម្រាប់ធ្វើបុណ្យ ដារលាន និងប្រារព្ធពិធីបុណ្យផ្សេងៗ។

ពាក្យបណ្តឹងជូនអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានថ្លែងថា គណៈកម្មការចម្រុះរបស់រដ្ឋបាលខណ្ឌ បានចុះពិនិត្យ អង្កេត និងវាស់វែងលើទីតាំងដីទួលលោកតារ៉ាញ់ ស្ថិតនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមានការចូលរួមបំភ្លឺពីភាគីដើមបណ្ដឹង (តំណាងប្រជាពលរដ្ឋ) ភាគីចុងចម្លើយ អាជ្ញាធរភូមិ សង្កាត់ និងចាស់ព្រឹទ្ធាចារ្យ។

ដើមបណ្ដឹង (តំណាងប្រជាពលរដ្ឋ) អាជ្ញាធរភូមិ សង្កាត់ និងចាស់ព្រឹទ្ធាចារ្យ បានបញ្ជាក់ថា ឃើញនៅទីតាំងដីទួលលោកតារ៉ាញ់នេះ មានខ្ទមអ្នកតាស្រាប់ ដោយមិនដឹងថា ខ្ទមអ្នកតានេះមានចាប់តាំង ពីជំនាន់ណាមកទេ។ អំឡុងឆ្នាំ១៩៧៩ ដល់ឆ្នាំ២០០៤ ប្រជាពលរដ្ឋ ក៏នៅតែគោរពបូជា និងធ្វើបុណ្យនៅទីតាំងដីទួលអ្នកតានេះជាប្រចាំ។ នៅឆ្នាំ២០០៥ រដ្ឋបាន ចុះធ្វើប្លង់ដីស្រាប់តែ ឈ្មោះ ត្រឹម យិន ឈ្មោះ វ៉េង សុខ និងឈ្មោះ សែម វ៉ាន (ត្រូវជាឪពុក របស់ឈ្មោះ សែម កុសាន្ត) ស្នើសុំចុះបញ្ជីដីមកជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ ក្នុងភូមិត្រពាំងថ្លឹងដាក់ពាក្យបណ្តឹងទប់ស្កាត់ ដោយអះអាងថាដីខាងលើនេះជាដីរួម (ដីខ្ទមអ្នកតារ៉ាញ់)។

ខាងក្រោមនេះជាពាក្យបណ្តឹងដាក់ជូនរដ្ឋបាលរាជធានីភ្នំពេញ៖